ភ្នំពេញៈ បន្ទាប់ពី LookingTODAY បានចុះផ្សាយព័ត៌មានមួយ មានចំណងជើងថា “ ពេជ្រ សោភា លួចភ្ជាប់ពាក្យស្ងាត់ តែព្យាយាមលាក់បាំង ការពិត” មិនបានប៉ុន្មានផង ស្រាប់តែតារាចម្រៀង កញ្ញា ពេជ្រ សោភា បានបញ្ចេញប្រតិកម្ម ពោលពាក្យ មិនគប្បីវាយប្រហារ អ្នកសារព័ត៌មាន យ៉ាងចាស់ដៃ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់នាង ។

យោងតាមពាក្យពេចន៍ របស់ កញ្ញា ពេជ្រ សោភា បានសរសេរសារ ជាភាសាខ្មែរ នៅលើបណ្តាញទំនាក់ ទំនងសង្គម Facebook បានឲ្យដឹងថា “មុននឹងសសេរចំណងជើង គិតឲ្យស្រួលបួលសិនទៅណា..ពាក្យលួចនឹងពាក្យលាក់បាំង ពាក្យថាលួចលាក់ គឺមិនមានអ្នកណាដឹងឮ ហើយពាក្យថា លាក់បាំង គឺមិនឲ្យអ្នកណាឃើញ តែនេះពុកខ្ញុំម្តាយខ្ញុំ គ្រួសារខ្ញុំ និងគ្រួសារគូដណ្តឹងខ្ញុំ ដឹងទាំងអស់គ្នា នេះមិនហៅថាលួចលាក់ ឬលាក់បាំងទេ ឬក៏ត្រូវប្រកាសប្រាប់បងកាសែត ទើបថាមិនលួចលាក់ គ្រាន់តែគេមិនប្រាប់ក៏ខុសដែរ។ ចាំខ្ញុំរៀបការ ចាំខ្ញុំប្រាប់បងកាសែតឯងមុនគេ មានបងប្អូនចូលរួមច្រើន យ៉ាងហ្នឹងហើយ នៅថាលួចលាក់ទៀត ម៉េចទៅដែលហៅថា មិនលួចលាក់បងកាសែត ជួយប្រាប់ផង? សូមបង កាសែតជួយបកស្រាយផង? ”។

តាមរយៈសម្តី តារាស្រី ពេជ្រ សោភា បានបញ្ចេញជាសាធារណៈ ដោយមានការប្រតិកម្ម មិនពេញចិត្ត ទៅលើការចុះផ្សាយព័ត៌មាន បានធ្វើឲ្យ អ្នកសារព័ត៌មាន ជាច្រើន បង្ហាញពីការមិនពេញចិត្ត ទៅលើតារាស្រី រូបនេះជាខ្លាំង។

ជាការពិតសម្រាប់ការ ចុះផ្សាយព័ត៌មានខាងលើ គឺដោយសារតែនាង ជាអ្នកសិល្បៈមាន ប្រជាប្រិយភាព មានកេរ្តិ៍ឈ្មោះបោះសំឡេង និងជាមនុស្ស របស់មហាជន មហាជនជាអ្នកគាំទ្រ មិនថានាងធ្វើអ្វី នាងចេញទៅសម្តែង រួមទាំងជីវិតឯកជន គឺទស្សនិកជនរមែង ចង់ដឹងចង់ឮ ពីនាងជាប្រចាំ ។ តែនៅទីបំផុតតារាស្រី ពេជ្រ សោភា បែរជាធ្វើឲ្យអ្នកដែលធ្លាប់គាំទ្រនាង សម្ដែងការមិនសប្បាយចិត្ត ក្រោយពីនាងមានចេតនា លាក់បាំងការពិត ចំពោះជីវិតស្នេហារបស់នាង ។

ពាក្យថាលួចលាក់ ឬលាក់បាំង នៅក្នុងន័យនេះ គឺគ្រាន់តែចង់បញ្ជាក់ថា ពេលមហាជន ឬសារព័ត៌មានបានដឹង នឹងបានទាក់ទងទៅនាង ដើម្បីធ្វើការសម្ភាសន៍ បកស្រាយលើដំណឹងថា នាងមានគម្រោងភ្ជាប់ពាក្យ ប៉ុន្តែ ពេជ្រ សោភា មិនបានប្រាប់ការពិតទេនោះទេ ថែមទោះបោះ ពាក្យបោះសម្ដីឌឺដងផ្លែផ្កា ដាក់អ្នកទម្លាយព័ត៌មានមកវិញ ហាក់មិនគប្បី ជាតារាល្បីឈ្មោះសោះ ។ សួរថា តើនរណាមាន ចេតនាលាក់បាំងឲ្យ ពិតប្រាកដ?

ពិតហើយថា មុននឹង ពេជ្រ សោភា ក្លាយជាតារាល្បី មានឈ្មោះទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស រហូតមកដល់សព្វថ្ងៃនេះ គឺដោយសារតែ កម្លាំងមហាជន គ្រប់ស្រទាប់វណ្ណៈជាអ្នកគាំទ្រ លើទេពកោសល្យសិល្បៈរបស់នាង ហើយតួនាទីជាអ្នកសារព័ត៌មាន គ្រាន់តែពាំនាំពាក្យសម្ដី ក៏ដូចជាព័ត៌មាន ទាំងឡាយណា ដែលទាក់ទងនឹងតារាល្បីៗ ទាំងនោះឲ្យមហាជន បានដឹងប៉ុណ្ណោះ ទោះជាព័ត៌មាននោះ អាក្រក់ ឬល្អក៏ដោយ។ ប៉ុន្តែពេលនេះ សម្រាប់ពេជ្រ សោភា អ្នកណាក៏ដឹងដែរថា នាងជាតារាល្បីយូរឆ្នាំ មកហើយ និងតែងតែធ្វើឲ្យមហាជន តាមដានរាល់សកម្មភាព របស់នាង គ្រប់ពេល។

ជាក់ស្ដែងដូចជាកាលពី ពេជ្រ សោភា ប្រកាសប្រមូល មូលនិធិ និងដើរចែក អំណោយជូនដល់ ជនរងគ្រោះ ដោយសារទឹកជំនន់ កាលពីចុងឆ្នាំ ២០១៣ កន្លងទៅ ត្រូវបានបណ្ដាញ សារព័ត៌មាន គ្រប់ច្រកល្ហកចុះផ្សាយ ជាហូរហែ ពីការងារជួយសង្គម និងចេះជួយចែក រំលែកនូវទុក្ខលំបាក ចំពោះប្រជាពលរដ្ឋក្រីក្រ ក្នុងនាមជាខ្មែរដូចគ្នា និងក្នុងនាមជាតារាល្បី គួរឲ្យតារាផ្សេងទៀត យកគំរូតាម ហើយត្រូវបានមហាជន ដឹងព័ត៌មាននេះ កោតសរសើរនាង មិនដាច់ពីមាត់ទៀតផង។

ប៉ុន្តែទាំងការងារសង្គមក្ដី ការងារសិល្បៈក្ដី មហាជនជាអ្នកគាំទ្រ តែងមានសិទ្ធចង់ដឹងចង់ឮ គ្រប់ពេល ជាពិសេសគឺជីវិត ឯកជនរបស់នាង ។ ជាក់ស្ដែងចំពោះ ពិធីភ្ជាប់ពាក្យ ដែលនាងព្យាយាម មិនបើកចំហរជា សារធារណៈ បានន័យថា នាងកំពុងតែមានភាពលាក់បាំង ពីក្រសែភ្នែក មហាជន ឬមួយ ពេជ្រ សោភា ខ្លាចស្រមោលខ្លួនឯង ខ្លាចភាពបែបបាក់តាម លងបន្លាចនាងម្ដងទៀត ? យ៉ាងណាក៏ដោយ នៅពេលទស្សនិកជន ដែលទទួល ដំណឹងនេះ បានចូលរួមត្រេកអរ ចំពោះគូជីវិតថ្មី ទៅថ្ងៃអនាគតរបស់នាង និងសូមជួនពរឲ្យ ស្នេហាមួយនេះ ស្ថិតស្ថេរជាអមតៈ និងមានសុភមង្គល ជានិច្ចនិរន្តរ៍៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល