(កណ្ដាល)៖ បើគ្មានការប្រែប្រួលទេ នៅថ្ងៃស្អែកនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល នឹងចេញដីកាបញ្ជាឲ្យអនុរក្សពន្ធនាគារធ្វើការដោះលែង ទណ្ឌិត អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីរូបគាត់បានអនុវត្តទោសនៅក្នុងពន្ធនាគាររួចរាល់ជាស្ថាពរ ទៅតាមអំណាចសាលក្រមរបស់ចៅក្រមជំនុំជំរះ សាលាដំបូងខេត្តកណ្ដាលរួចមក។

លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News តាមសារអេឡិចត្រូនិច នៅរសៀលថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧នេះថា ករណីទណ្ឌិតឈ្មោះ អាំង មាលតី ដែលត្រូវបានសាលក្រមធ្វើការផ្ដន្ទាទោសរយៈពេល៣ឆ្នាំ តែអនុវត្តទោសនៅក្នុងពន្ធនាគារ២ឆ្នាំ សល់១ឆ្នាំព្យួរ ហើយក្រោយមកត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យធ្វើការបន្ធូរបន្ថយទោសចំនួន៦ខែនោះ បើគិតពីថ្ងៃឃុំខ្លួនមកដល់ថ្ងៃនេះ គាត់នឹងត្រូវរួចទោសនៅថ្ងៃស្អែក។ លោកព្រះរាជអាជ្ញាបានបន្ថែមថា បើទណ្ឌិត អាំង មាលតី គ្មានទោសផ្សេងទេ នៅថ្ងៃស្អែកនេះ លោកនឹងចេញដីកាដោះលែងទណ្ឌិតអាំង មាលតី ចេញពីពន្ធនាគារហើយ។

សូមបញ្ជាក់ថា លោក អាំង មាលតី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ហើយត្រូវបានចៅក្រមស៊ើបសួរសំរេច ធ្វើការឃុំខ្លួនជាបណ្ដោះអាសន្នកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ពីបទកាកេងយកផលប្រយោជន៏ដោយខុសច្បាប់ប្រព្រឹត្ត នៅសាលាដំបូងរាជធានីភ្នំពេញ អំឡុងខែធ្នូ ឆ្នាំ២០១៤ តាមមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៥៩៧ មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ។

ក្រោយមកសំណុំរឿងរបស់លោក អាំង មាលតី ត្រូវបានផ្ទេរទៅកាន់សាលាដំបូងខេត្តកណ្ដាល ហើយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ចៅក្រមបានបើក ធ្វើការជំនុំជំរះ និងប្រកាសសាលក្រមនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយសំរេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ តែអនុវត្តនៅក្នុងពន្ធនាគារ២ឆ្នាំ ទោសនៅសល់ព្យួរ និងពិន័យជាប្រាក់៥លានរៀល។លុះនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យធ្វើការបន្ធូរបន្ថយទោស ចំនួន៦ខែ ដោយនៅអនុវត្តទោសតែ១៦ខែប៉ុណ្ណោះ ហើយបើគិតមកដល់ថ្ងៃនេះ គឺនៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះ ទណ្ឌិត អាំង មាលតី នឹងដល់ថ្ងៃរួចទោសហើយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី