(ព្រះសីហនុ)៖ កុមារី ង៉ែត មាសមុន្នីរ័ត្ន មានឈ្មោះហៅក្រៅ Nataly ជាទារិកាដំបូងគេបំផុត ដែលកើតចេញពីបច្ចេកវិទ្យា បង្កកំណើតកូនក្នុងកែវដំបូងគេបំផុតរបស់កម្ពុជា ក្នុងចំណោមក្មេងរាប់រយនាក់ផ្សេងទៀត ដែលកើតពីបច្ចេកវិទ្យានេះ។

ថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News លោកវេជ្ជបណ្ឌិត ញ៉ុក ម៉េត និង អ្នកស្រី បេង ចាន់រី ជាឪពុកម្តាយបង្កើតរបស់ កុមារី Nataly បានឲ្យដឹងថា កូនស្រីរបស់គាត់ ឆ្លាតវៃ និងមានសុខភាពល្អណាស់ មិនដែលឈឺនោះទេ។

លោក ញ៉ុក ម៉េត មន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ព្រះសីហនុ បានឲ្យដឹងថា នៅពេលនេះ Nataly ចេះនិយាយតិចៗហើយ ពាក្យពីរ២ម៉ាត់ ដំបូងដែលនាងចេះគឺ ហៅប៉ាប៉ា និង ម៉ម៉ (សត្វគោ)។

គូស្វាមីភរិយាដែលរៀបការជាច្រើនឆ្នាំ ហើយទើបបានទទួលកូនស្រីដូចបំណងនេះ បានបញ្ជាក់ថា «Nataly ពិតជាផ្តល់សេចក្តីសុខ និងក្តីសង្ឃឹមដល់ពួកយើង ដែលជាអារម្មណ៍មួយ ពិបាកនឹងពណ៌នាណាស់»។

កុមារីមួយនេះ បានកើតកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៥ ហើយនៅខែក្រោយនេះ ឪពុកម្តាយរបស់នាងគ្រោងនឹងរៀបចំខួបកំណើត មួយឆ្នាំឲ្យនាងផងដែរ។

បន្ទាប់ពីទទួលបានកូនស្រីម្នាក់ហើយនោះ លោកវេជ្ជបណ្ឌិត ញ៉ុក ម៉េត អាយុ៤៧ឆ្នាំ និងអ្នកស្រី បេង ចាន់វី អាយុ៣៤ឆ្នាំ ចង់បានកូនប្រុសម្នាក់ទៀត ហើយលើកនឹងប្រើប្រាស់ បច្ចេកវិទ្យាបង្កកំណើតកូនក្នុងកែវដដែល ប៉ុន្តែលើកនេះ ពិសេសជាងលើកមុន ដោយលោកនឹងជ្រើសរើសភេទកូន យកកូនប្រុស។

សូមជម្រាបថា លោក ញ៉ុក ម៉េត និងភរិយា បានរៀបការជាមួយគ្នារយៈពេល៦ឆ្នាំ អត់មានកូនដូចបំណងនោះទេ ទើបលើកសម្រេចចិត្តនាំភរិយា ទៅព្យាបាលនៅប្រទេសវៀតណាម ៥ដងតែមិនបានជោគជ័យ ហើយទើបមកទទួលបានជោគជ័យ នៅប្រទេសកំណើតខ្លួន នៅមន្ទីរសម្រាកព្យាបាលកម្ពុជា ដែលមានឡាបូបង្កកំណើតកូនក្រៅស្បូន ដំបូងគេបំផុតនៅកម្ពុជា ក្នុងឆ្នាំ២០១៣។

លោក ហោ សំណាង ស្ថាបនិក និងជានាយកគ្រប់គ្រងមន្ទីរព្យបាលកម្ពុជា បានឲ្យដឹងថា Nataly ជាកុមារីដំបូងបង្អស់របស់កម្ពុជា ដែលកើតចេញពីបច្ចេកវិទ្យាបង្កកំណើតក្នុងកែវនៅកម្ពុជា ក្នុងចំណោមកុមារកម្ពុជា ១០២នាក់ ដែលកើតចេញពីបច្ចេកវិទ្យាដូចគ្នានេះ។

គួរំលឹកដែរថា ទារកដែលកើតពិបច្ចេកវិទ្យាបង្កកំណើតដំបូងគេរបស់ពីភពលោក ឈ្មោះ Louise Joy Brown, កើតនៅថ្ងៃទី ២៥ កក្កដា ១៩៧៨ នៅក្រុង Oldham, ប្រទេសអង់គ្លេស។

លោកក៏បានគូសបញ្ជាក់ថា ចាប់តាំងពីបង្កើតបន្ទប់ពិគ្រោះ សុខ ទៀង ដល់ពង្រីកខ្លួន ជាម្ទីរសំរាកព្យាបាលកម្ពុជា មានអ្នកលំបាកមានកូនគ្រប់កំរិតចំនួន១០៤០នាក់ ដែលបានទទួលជោគជ័យ ហើយក្នុនោះ៨៤០នាក់ បានសំរាលហើយ។

លោកបានបន្តថា នេះជាការចូលរួម របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយវិបត្តិ ដែលកើតចេញពីការលំបាកមានកូននៅកម្ពុជា ហើយក៏ជាកិត្តិយស មុខមាត់កម្ពុជាដែលឈានសំរេចបាននូវឡាបូ ដែលមានសមត្ថភាព និងគុណភាពស្មើប្រទេស ជឿនលឿន នៅប៉េងអ៊ឺរ៉ុប និងអាមេរិក៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី