(វ៉ាស៊ីនតោន)៖ យន្ដហោះដឹកមន្ត្រីទូតរុស្ស៊ី ៣៥នាក់បានហោះចេញពីទីក្រុងវ៉ាស៊ីនតោនហើយ នៅថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ដែលមានរយៈពេលពីរថ្ងៃបន្ទាប់ពីរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ដែលជិតផុតអាណត្តិមែនទែន បានសម្រេចបណ្តេញពួកគេចេញដោយទុកពេល ៧២ម៉ោងឲ្យរៀបចំឥវ៉ាន់។ នេះបើតាមសេចក្តីប្រកាសពីស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន ដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងបញ្ហានេះដែរទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Ria Novosti បានបញ្ជាក់ថា យន្ដហោះខាងលើដឹកមន្ត្រីទូតរុស្ស៊ី ៣៥នាក់ និងក្រុមគ្រួសាររបស់ពួកគេសរុប ៩៦នាក់ដែលនឹងធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីត្រូវបានបណ្ដេញចេញនៅក្នុងក្របខ័ណ្ឌនៃ ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលលោក បារ៉ាក់ អូបាម៉ា ប្រឆាំងសម្រាប់ការចោទប្រកាន់ថា បានជ្រៀតជ្រែតចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី៨ ខែ វិច្ឆិកា។ មន្ត្រីទូតទាំង៣៥នាក់ នេះជាប់ចោទថាជាសមាជិកទីភ្នាក់ងារស៊ើបការសម្ងាត់រុស្ស៊ី GRU និង FSB ដែលក៏ជាកម្មវត្ថុនៃការដាក់ទណ្ឌកម្មនេះផងដែរ។

ទោះជាយ៉ាងណាក៏ដោយក៏ទីក្រុងមូស្គូ មិនទាន់ចាត់វិធានការឆ្លើយតបនៅឡើយទេ ខណៈប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ នៅតែបង្ហាញពីមន្ទិលសង្ស័យជុំវិញការសន្និដ្ឋានរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកដែលថា រុស្ស៊ីបានជ្រៀតជ្រែកចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក ហើយម្យ៉ាងទៀត លោកត្រាំ ក៏ធ្លាប់បាននិយាយបែបចំអកដែរថា គ្មានកំព្យូទ័រណាមួយមានសុវត្ថិភាពនោះទេ ដូច្នេះបើគេចង់រក្សាទុកព័ត៌មានសំខាន់ៗគេគួរតែសរសេរវាទុក ហើយផ្ញើវាតាមអ្នករត់សំបុត្រទៅវាល្អជាង៕

ប្រភព ៖ CNA