(ភ្នំពេញ)៖ ស្របពេលដែលការរិះគន់ អំពីក្រមសីលធម៌របស់អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី មានការកើនឡើងនៅក្នុងសង្គមកម្ពុជា លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានអំពាវនាវឱ្យអ្នកសារព័ត៌មាន និងអ្នកលេង Facebook ទាំងអស់ប្រកាន់ខ្ជាប់នូវ «កុំ ៦យ៉ាង និង ធ្វើ១»។

លោក ហ៊ុយ វណ្ណៈ បានលើកឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះថា «ឥរិយាបទ សីលធម៌ និងការទទួលខុសត្រូវ របស់អ្នកសារព័ត៌មាន និងអ្នកលេង Facebook ដែលត្រូវប្រកាន់ខ្ជាប់គឺ៖ "៦កុំ ១ធ្វើ"»។

លោកបានបន្ថែមទៀតថា «៦កុំ គឺ៖ កុំជោរ - កុំជេរ - កុំលោត - កុំលើកជើង - កុំសួរជំរិត និង កុំបំពុល។ រីឯ១ធ្វើគឺ៖ ផ្សាយតែព័ត៌មានការពិត លឿន និង មានតម្លៃ។ បើខុសគឺត្រូវហ៊ានសុំទោសកែតម្រូវ! ហើយបើត្រូវ កុំខ្លាចគេប្តឹង — សេចក្តីថ្លៃថ្នូររបស់សង្គមយើង គឺត្រូវការការចូលរួមពីទាំងអស់គ្នា គ្រប់គ្នា រួមទាំងពីបណ្តាញផ្សព្វផ្សាយ អ្នកសារព័ត៌មាន និងអ្នកសម្តែងតាម Facebook!»។

ក្រមសីលធម៌ និងតម្លៃសារព័ត៌មាន ពិធីករ ពិធីការិនីខ្មែរ ត្រូវបានសាធារណជនរិះគន់យ៉ាងខ្លាំង នៅមួយរយៈចុងក្រោយនេះ ជាពិសេសបន្ទាប់ពីទង្វើអសីលធម៌ ដែលកើតចេញពីកម្មវិធី ABC 3 Spring នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីសប្តាហ៍មុន។ សាធារណជនបានរិះគន់ ពិធីការិនី នៅក្នុងកម្មវិធីនេះ ដែលបានលោតផ្លោះពីលើតុវេទិកាគ្រាដែលកំពុង Live (ផ្សាយផ្ទាល់) ជូនទស្សនិកជន និងបានសម្តែងការប្រតិកម្មខ្លាំងៗទៅកាន់មហាជនវិញ ដោយអកប្បកិរិយាមិនសមរម្យ។

ទោះជាយ៉ាងណា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចេញលិខិតមួយ ដោយបង្គាប់ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ ឈប់ជួលម៉ោងឱ្យវិទ្យុ ABC។ នេះបើយោងតាមលិខិតរបស់ក្រសួងព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា កម្មវិធីនេះ ធ្វើឱ្យមហាជនជាច្រើនរិះគន់ទៅលើពិធីករ ពិធីការិនី ដែលបានប្រព្រឹត្តិនូវអំពើពុំគួរគប្បី ដោយសម្តែងកាយវិការមិនសមរម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន និងបានប្រមាថមើលងាយអ្នកស្តាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី