ភ្នំពេញ៖ ព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ បានយាងត្រឡប់មកឃុំគ្រងព្រះរាជាណាចក្រ កម្ពុជាវិញ ហើយ បន្ទាប់ពីក្រុមចោរឥតសាសនាលួចយក ទៅអស់រយៈពេលជិត ២ខែពីព្រះសក្យ មុនីចេតិយ លើភ្នំព្រះរាជទ្រព្យ។

បន្ទាប់ពីការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ពីនាយកដ្ឋានព្រហ្មទ័ណ្ឌ នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ សហកាជាមួយ កម្លាំងនគរបាល ខេត្តកណ្តាល និង កម្លាំងនគរបាលខេត្ត តាកែវ ដឹកនាំផ្ទាល់់អគ្គស្នងការនគរបាលជាតិ ព្រះសុវណ្ណកោដ្ឋ រួមនិងព្រះបរមសារីរិកធាតុ ដែលត្រូវបានទៅតាមយក ចេញផ្ទះជនសង្ស័យស្ថិតក្នុង ភូមិកោះ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ នាវេលាម៉ោងប្រមាណ ៤រសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤នេះ។

ជាមួយនឹងការតាមរកឃើញមកវិញ នូវព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ ជាទីសក្ការៈ គោរពបូជាដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋខ្មែរនេះ កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនល្មើសឈ្មោះ កែវ រស្មី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាជនញៀនថ្នាំ ដែលជាអ្នកធ្វើ សកម្មភាពលួច រួមនិងស្រ្តីជាអ្នកទទួលទិញ៣តំណ មកហើយនោះ ឈ្មោះ សារ៉េត អាយុជាង ៣០ឆ្នាំ។

បើតាមប្រភពពីសមត្ថកិច្ច ខេត្តកណ្តាល បានបញ្ជាក់ថា បន្ទាប់ពីការបើក ស្រាវជ្រាវរកឃើញ នៅ ក្នុង ខេត្តតាកែវហើយនោះ កម្លាំង សមត្ថកិច្ច រួមនឹងកម្លាំងខេត្តកណ្តាល បាននាំខ្លួនជនសង្ស័យ រួមនិងព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុមកកាន់ស្នងការដ្ឋានខេត្ត កណ្តាល និងនិមន្ត សម្តេចសង្ឃ អ៊ំ លឹមហេង សម្តេចព្រះពោធិវាំង អ៊ំ លឹមហេង ព្រះសង្ឃនាយករងទី ២ ទៅពិនិត្យ ផងដែរ។

ក្រោយការពិនិត្យរបស់សម្តេចសង្ឃ អ៊ំ លឹមហេង បានបញ្ជាក់ថា ព្រះសុវណ្ណកោដ្ឋ និងព្រះបរម សារីរិកធាតុ ពិតជានៅគង់វង្សដូចដើមមិនទាន់មានការបាត់បង់នោះទេ។

សូមបញ្ជាក់ថា ព្រះសុវណ្ណកោដ្ឋព្រះបរមសារីរិកធាតុ និងវត្ថុមានតម្លៃជាច្រើនទៀត ដែលតម្កល់ ទុកគោរពបូជានៅក្នុងព្រះសក្យមុនីចេតិយលើភ្នំព្រះរាជទ្រព្យ ត្រូវបានក្រុមចោរឥតសាសនាលួច យកទៅកាលពីវេលាយប់ទៀបភ្លឺ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ ក្រោយការបាត់វត្ថុជាទីសក្ការៈ ដ៏ខ្ពង់ ខ្ពស់នេះ ក្រសួងមហាផ្ទៃបានបង្កើតគណៈកម្ម ការស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងយកចិត្តទុក ដាក់ជាទីបំផុត ហើយឆ្មាំដែលនៅយាមព្រះសារីរិកធាតុជាច្រើន នាក់ ក៏ត្រូវបានឃុំខ្លួនផងដែរ។

ឯកសារមន្ទីរវប្បធម៌ខេត្តកណ្តាល បានបង្ហាញថា ព្រះបរមសារីរិកធាតុព្រះពុទ្ធ ដែលតម្កល់ទុកនៅ ឋានមនុស្សលោកមានបីខ្នាត គឺខ្នាតទំហំប៉ុនកំណាត់គ្រាប់សណ្តែកបាយ សម្បុរដូចមាស, ខ្នាត ទំហំប៉ុនកំណាត់គ្រាប់អង្ករ សម្បុរដូចកែវ និងខ្នាតទំហំប៉ុនគ្រាប់ស្ពៃ សម្បុរដូចផ្កាថ្កុល។ រីឯ ព្រះ បរមសារីរិកធាតុ ដែលព្រះបរមរតនកោដ្ឋ ព្រះ មហាវីរក្សត្រ នរោត្តម សីហនុ សុំយាងពីស្រីលង្កា មកតម្កល់គង់នៅកម្ពុជានោះ មានទំហំប៉ុនកំណាត់គ្រាប់សណ្តែកបាយ សម្បុរដូចមាស គឺតូចស្ទើរ មើលមិនឃើញនោះទេ។

ជាមួយនឹងការរកឃើញមកវិញ នូវរតនវត្ថុដែលមិនអាចកាត់ថ្លៃបាននេះ ក្រុមប្រជាពលរដ្ឋខ្មែរ ដែលទទួលបានដំ ណឹងនេះ ភ្លាមៗនាំគ្នាសម្តែងការសាទរ និងថ្លែងកោតសរសើរចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់កម្លាំងសមត្ថកិច្ច បំពេញការងារស្រាវជ្រាវអស់ពីកម្លាំងកាយចិត្ត រហូតវែក មុខក្រុមជនល្មើស។

ក្រុមប្រជាពលរដ្ឋ ក៏បានរំពឹងទុកថា អំណាចអានិសង្ស និងតេជា នៃព្រះបរមសារីរិកធាតុរបស់ ព្រះសម្មាសម្ពុទ្ធ នឹង បន្តឃុំគ្រងប្រជារាស្រ្តឲ្យជួបតែសុខដុមរមនា ភាពសុខសាន្តតរៀងទៅ ជម្រះអស់ស្រមោលខ្មៅងងឹត ឧបទ្រព ចង្រៃ ជំរុញចិត្តប្រជាពលរដ្ឋខ្មែរទាំងអស់ រួមរស់សាមគ្គី គ្នាជាធ្លុងនាំមកនូវភាពរីកចម្រើនជូនប្រទេសជាតិ៕

លោកស្នងការនគរបាលខេត្តកណ្តាល អ៊ាវ ចំរើន កាន់បង្ហាញព្រះសុវណ្ណកោដ្ឋ និងព្រះបរមសារីរិកធាតុ

ជនសង្ស័យ កែវ រស្មី

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល