ភ្នំពេញ៖ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា លោក ណាត ប៊ុនរឿន បានថ្លែងថា នៅឆ្នាំ២០១៥ ខាងមុខ បេក្ខជន ដែលប្រឡងសញ្ញាបត្រ ទុតិយភូមិជាប់និទ្ទេស A,B,C នឹងជាប់គ្រូ ដោយស្វ័យប្រវត្តិ។

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី ការបូកសរុបគម្រោងការ កសាងស្ពានសម្រាប់ ការចំណាយកាន់ តែប្រសើរនៅតំបន់អាស៊ី ប៉ែតអាគ្នេយ៍ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នាសណ្ឋាគារសាន់វ៉េ លោក ណាត ប៊ុនរឿន បានមានប្រសាសន៍ថា ការកំណែទម្រង់រឹតបន្តឹង ការប្រឡងបាឌុប នៅក្នុងឆ្នាំនេះ គឺមិនលឿននោះទេ វាដូចជាយឺតតិចផង ហើយបើទោះបី ជាមានការរិះគន់យ៉ាងនេះក្តី ប៉ុន្តែគ្រាន់មួយចំនួនតូចនោះទេ ដោយច្រើនគេ អបអរសាទ និងពេញចិត្ត។

លោកបន្តថា “ជាពិសេសនេះ A B C ឆ្នាំនេះ (ជាប់និទ្ទេស A B C) បើយើងប្រើពាក្យសាមញ្ញ ដូចត្រូវប៉ាន់ចឹង ហើយ A មានតែ ១១នាក់ទៀត ហើយគេយកទាំងអស់ A B C ហើយជាគោលការណ៍ចាប់ពីឆ្នាំក្រោយទៅ អ្នកដែលបាននិទ្ទេស A B Cហ្នឹង បើគាត់ចង់ធ្វើគ្រូបង្រៀន គឺឲ្យជាប់ជា ស្វ័យប្រវត្តិ ដោយមិនបាច់ប្រឡង”។

លោក សន ជ័យ តំណាងអង្គការបណ្តាញ គណនេយ្យភាពសង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា (ANSA) បានឲ្យដឹងថា ក្នុងចូលរួមបង្កើន គុណភាពអប់រំនៅកម្ពុជា អង្គការជាដៃគូ បានអនុវត្តការងាររបស់ខ្លួន រួមការតាមដានការ ចំណាយទៅលើកម្រោងសៀវភៅ គោលការចំណាយទៅលើ ការអប់រំកុមារតូច និងការប្រតិបត្តិការសាលា នៅកម្រិតសាលាបឋមសិក្សា ប្រកបដោយជោគជ័យ និងបានកសាងនូវ មេរៀន និងបទពិសោធន៍ល្អៗ។

លោកបានបន្តថា “អង្គការខ្ញុំក្នុងឆ្នាំកន្លងមក បានចំណាយថវិកាចំនួនជាង ១៤ម៉ឺនដុល្លារ តែប៉ុណ្ណោះ សម្រាប់ធ្វើសៀវភៅ តាមដាន ហើយអង្គការផ្សេងទៀត ក៏មានប្រហាក់ប្រហែលហ្នឹងដែរ ដែលគេបានផលិតជាឯកសារ ជាមេរៀនសម្រាប់បទពិសោធន៍រៀនសូត្រ”។

លោក សន ជ័យ បានបញ្ជាក់ថា ក៏ថ្លែងអំណរគុណ ដល់ក្រសួងអប់រំផងដែរ ដែលបានគាំទ្រ និងទទួលយកនូវមតិ របស់អង្គការបណ្តាញ គណនេយ្យភាពសង្គម អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ប្រចាំកម្ពុជា និងបន្តស្វាគមន៍ទៀតនោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល