(វ៉ាស៊ីនតោន)៖ សេតវិមានកំពុងតែព្យាយាម ស្វែងរកយន្តហោះថ្មី ដើម្បីយកមកធ្វើការផ្លាស់ប្តូរ ជំនួសឲ្យយន្តហោះ Air Force One ដែលពិភពលោកបានស្គាល់ហើយថា វាប្រៀបដូចជាបន្ទាយនៅ លើផ្ទៃអាកាសរបស់ ប្រធានាធិបតីអាមេរិកអ៊ីចឹង ដោយសារតែយន្តហោះ Air Force One ដែលកំពុងប្រើប្រាស់សព្វថ្ងៃគឺ Boeing 747-200 ទាំងពីរគ្រឿងមានអាយុកាល ជិតបីទសវត្សរ៍មកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Kevin W. Buckley ប្រធានមជ្ឈមណ្ឌលគ្រប់គ្រង វដ្តជីវិតយន្តហោះអាមេរិកបានឲ្យដឹងថា យន្តហោះប្រភេទដឹកអ្នកដំណើរ របស់ក្រុមហ៊ុន Boeing មានអាយុកាលប្រើប្រាស់ ត្រឹមតែ៣០ឆ្នាំប៉ុណ្ណោះ ហើយយន្តហោះ Air Force One ដែលកំពុងប្រើសព្វថ្ងៃនឹងឈាន ដល់រយៈពេលនេះបីទសវត្សរ៍ល្មម នៅឆ្នាំ២០១៧ខាងមុខនេះ ចំពេលដែលលោក ដូណាល់ ត្រាំ ចូលស្បថកាន់តំណែងជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិកតែម្តង។

ពាក់ព័ន្ធនឹងបញ្ហានេះអាច សម្រេចទៅតាមតែចិត្តចង់បានភ្លាមៗនោះ លោក Buckley គ្រោងធ្វើការផ្លាស់ប្តូរយន្តហោះ Air Force One ឲ្យបានរួចរាល់យ៉ាងហោចណាស់ ក៏ដល់ឆ្នាំ២០២៤ដែរ ដោយនឹងទិញយន្តហោះធុន Boeing 747-8 ចាប់ពីពីរទៅបីគ្រឿងដែលវាមានទំហំធំជាង ប៉ុន្តែសំចៃសាំងជាងយន្តហោះទាំងពីរគ្រឿង របស់សេតវិមានបច្ចុប្បន្ន។

ដោយឡែកអ្នកវិភាគឯកទេស អាកាសចរណ៍មួយរូបនៅមកពីក្រុមហ៊ុន Teal Group នៃរដ្ឋ Virginia គឺលោក Richard Aboulafia បានលើកឡើងថា «ទម្រាំតែការផ្លាស់ប្តូរសម្រេចទៅបាន យន្តហោះ Air Force One ទាំងពីរគ្រឿងដែលកំពុងប្រើប្រាស់នឹងឈានដល់ជិត៤០ឆ្នាំបាត់ទៅហើយ» ខណៈលោក Buckley បានឲ្យដឹងដែរថា យន្តហោះរបស់ទ័ពអាកាសអាមេរិកជារឿយៗ ត្រូវបានប្រើសម្រាប់ហោះហើរ លើសពីរយៈពេល៣០ឆ្នាំ ប៉ុន្តែរឿងនេះមិនធ្វើទៅរួចជាមួយនឹងយន្តហោះ សម្រាប់ដឹកប្រធានាធិបតី នៃប្រទេសមហាអំណាចពិភពលោកមួយទាំងមូលនោះឡើយ។

គួរបញ្ជាក់ថា យន្តហោះ Boeing 747-8 ក្នុងមួយគ្រឿងមានតម្លៃ ប្រហែល៣៧០លានដុល្លារ ដោយនេះមិនទាន់រាប់បញ្ចូលទាំងការកែច្នៃ ឲ្យក្លាយជាយន្តហោះប្រធានាធិបតីអាមេរិក Air Force One ដែលរួមមានប៉ុស្តិ៍បញ្ជាការអាកាស, បរិក្ខាទំនាក់ទំនងសព្វបែបយ៉ាង, សម្ភារៈការពារដូចជាមីស៊ីលប្រឆាំងយន្តហោះចម្បាំងជាដើម ហើយជាងនេះទៅទៀតនេះយន្តហោះ Air Force One ត្រូវបានគេកែច្នៃឲ្យវាមានសមត្ថភាព ធ្វើប្រតិបត្តិការបានជាធម្មតា សូម្បីតែនៅក្នុងកាលៈទេសៈនៃសង្រ្គាម នុយក្លេអ៊ែរថែមទៀតផង ចំណែកឯកងទ័ពជើងអាកាស អាមេរិកបានអះអាងថា ខ្លួនមានថវិកាប្រមាណ១.៦៥ពាន់លានដុល្លារ សម្រាប់គំរោងផ្លាស់ប្តូរដ៏សំខាន់នេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី