បន្ទាយមានជ័យ ៖ គ្រាប់មីន ១គ្រាប់ បានផ្ទុះឡើង នៅចំណុច TA57.29 (តំបន់ ចំការមីន) ក្នុងភូមិសាស្ដ្រឃុំស្លក្រាម ស្រុក ស្វាយចេក ខេត្ដបន្ទាយមានជ័យ កាលពី វេលាម៉ោង ៩ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៤ បានបណ្ដាលឱ្យមនុស្ស ៣នាក់ ក្នុង នោះក្មេងប្រុស២នាក់ និងស្ដ្រីម្នាក់រងរបួសធ្ងន់ ដែលខ្លះដាច់ជើងខាងឆ្វេង បាក់ជើង ខាងស្ដាំ និងបាក់ដៃខាងឆ្វេង ។

ប្រភពព័ត៌មាន ពីមន្ដ្រីនគរបាលការពារ ព្រំដែនថ្នល់បំបែក នៃវរសេនាតូច ៩១១ បានឱ្យដឹងថា គ្រោះថ្នាក់ដែលបណ្ដាលមកពី ផ្ទុះមីនខាងលើនេះ គឺមូលហេតុជនរងគ្រោះ បានដើរគោះអង្រងតាមព្រៃ និងតាមដើម ឈើ ស្រាប់តែប៉ះមីនផ្ទុះតែម្ដង ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលខាងលើ បានបន្ដទៀតថា ក្រោយពីមានករណីនេះ កើតឡើង ស្នងការនគរបាលខេត្ដបន្ទាយ មានជ័យ លោកឧត្ដមសេនីយ៍ត្រី ខេង ស៊ុំ បានបញ្ជា ឱ្យកម្លាំងនគរបាលចុះទៅជួយ អន្ដរាគមន៍ ហើយដឹកបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យភ្លាមៗ ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលមូលដ្ឋាន បាននិយាយថា ជនរងគ្រោះទាំង ៣នាក់ ដែលរងរបួសធ្ងន់ធ្ងរ រួមមាន ទី១ ឈ្មោះ អាន់ ស្រី ភេទស្រី អាយុ ២៨ឆ្នាំ ត្រូវជា មីង រស់នៅភូមិអូរព្រាល ឃុំតាប្យា ស្រុក តាប្យា ខេត្ដស្រះកែវ ប្រទេសថៃ ដាច់ជើង ខាងឆ្វេង បាក់ជើងស្ដាំ និងបាក់ដៃឆ្វេង ទី២ ឈ្មោះ បាក់ ឆានី ភេទស្រី អាយុ១០ឆ្នាំ ត្រូវជាក្មួយរស់នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក របួសចំកំប៉េះគូថ និងទី៣ ឈ្មោះ បាក់ ឆាណៃ ភេទប្រុស អាយុ ៨ឆ្នាំ ត្រូវជាក្មួយ រស់នៅភូមិចក់ពោះ ឃុំស្ល ក្រាម រងរបួសពេញខ្លួន។

យ៉ាងណាក៏ដោយ ស្ថានភាពរបស់ជនរងគ្រោះទាំង៣នាក់ស្ថិត ក្រោមការសង្គ្រោះ របស់ក្រុមគ្រូពេទ្យនៅ ឡើយ ៕

ផ្តត់សិទ្ធិដោយ៖ ដើមអម្ពិល