(ភ្នំពេញ)៖ លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងជាសហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (វិស័យឯកជន) ហាក់សម្តែងនូវក្តីសោកស្តាយ និងមានអារម្មណ៍អន់ចិត្តចំពោះការបដិសេធ របស់រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន ដែលមិនព្រមជួបពិភាក្សាដោះស្រាយ បញ្ហាប្រឈមរបស់អ្នកវិនិយោគលើដំណាំកៅស៊ូ បើទោះបីជាលិខិតរបស់លោកឧកញ៉ា ផ្ញើទៅកាន់លោករដ្ឋមន្ត្រី តាំងពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ យ៉ាងណាក្តី។

ថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៣ ខែមីនានេះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ លោកមិនមានអ្វីឆ្លើយតប នឹងការបដិសេធរបស់ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីកសិកម្មនោះឡើយ ព្រោះយល់ឃើញថា ការជួប ឬមិនជួបគឺជារឿងរបស់គេ (រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន) ប៉ុន្តែក្នុងនាមលោកឧកញ៉ា ជាសហប្រជាក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ត្រូវតែព្យាយាមដោះស្រាយបញ្ហា ជូនអ្នកវិនិយោគ និងកសិករ។

ជាមួយគ្នានេះ លោកឧកញ៉ា ម៉ុង ឫទ្ធី យល់ឃើញថា ក្នុងនាមលោកជាប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងជាសហប្រធានក្រុមការងារ ផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (វិស័យឯកជន) ផងដែរ សុំលោករដ្ឋមន្ត្រីក្រសួងកសិកម្ម មិនបានជួប ចុះទម្រាំប្រជាពលរដ្ឋធម្មតា ម៉េចនឹងបានជួបនោះ ៖ «គិតមើលខ្លួនឯងទៅ ខ្ញុំជាប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភាផង នៅសុំជួបរដ្ឋមន្ត្រីក្រសួងកសិកម្ម នៅមិនបានជួប ចុះទម្រាំប្រជាពលរដ្ឋយ៉ាងម៉េចទៅវិញ?»។

សូមជម្រាបថា លោកឧកញ៉ា ម៉ុង ឫទ្ធី ក្នុងនាមជាសហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម បានធ្វើលិខិតមួយច្បាប់ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីសុំជួបជាមួយលោករដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈម និងសំណូមពរមួយចំនួន របស់ក្រុមអ្នកវិនិយោគលើកដំណាំកៅស៊ូ និងសហគមន៍អភិវឌ្ឍន៍កៅស៊ូ ខណៈឧស្សាហកម្ម កៅស៊ូកំពុងជួបញ្ហាប្រឈមខ្លាំង ពាក់ព័ន្ធនឹងតម្លៃ។

ការទន្ទឹងរង់ចាំជួបរដ្ឋមន្ត្រី ចាប់តាំងពីដើមខែកុម្ភៈ រហូតដល់ចុងខែមីនា ឆ្នាំ២០១៦ មិនសម្រេចបំណងឡើយ ពោលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន បានផ្ញើលិខិតមួយច្បាប់ ជូនសហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម លោកឧកញ៉ា ម៉ុង ឫទ្ធី ដោយធ្វើការបដិសេធ មិនជួបពិភាក្សាជាមួយឡើយ ដោយហេតុផលថា ក្រសួងមានភាពមមាញឹក គ្មានលទ្ធភាព ពេលវេលាគ្រប់គ្រាន់សម្រាប់ជួបប្រជុំ។

លិខិតរបស់លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលអាចនឹងត្រូវផ្លាស់ប្តូរទៅជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនោះ ផ្ញើជូនលោកបណ្ឌិតសហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ដោយសរសេរថា «ឯកឧត្តមបណ្ឌិតសហប្រធាន មេត្តាជ្រាបថា ចំពោះសំណូមពររបស់ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ផ្នែកឯកជន) ដែលស្នើរៀបចំកិច្ចប្រជុំស្វែងរកដំណោះស្រាយ លើបញ្ហាដំណាំកៅស៊ូនោះ និងដោយសារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកម្មវិធីមមាញឹកពុំទាន់មានលទ្ធភាព ពេលវេលាទទួលជួបប្រជុំ តាមការសំណូមពរបានទេ»។

តាមលិខិតលោករដ្ឋមន្ត្រីកសិកម្មអះអាងថា បញ្ហាអត្រាពន្ធអាករ នាំចេញជ័រកៅស៊ូ ក្រសួងបានលើកសំណើរជូនរាជរដ្ឋាភិបាល ជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ ដែលជាកសិករដាំកៅស៊ូ ក៏ដូចជាក្រុមហ៊ុនចម្ការកៅស៊ូនានា ដោយសុំកំណត់ការប្រមូលអាករនាំចេញជាថ្មី ហើយរាជរដ្ឋាភិបាលក៏បានចេញ អនុក្រឹត្យកែសម្រួលអត្រាអាករនាំចេញ លើមុខទំនិញកៅស៊ូរួចហើយដែរ។

ពាក់ព័ន្ធបញ្ហាកៅស៊ូនេះដែរ លោកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា ចំពោះកសិករអ្នកដាំកៅស៊ូ ជាលក្ខណៈគ្រួសារមិនប៉ះពាល់ធ្ងន់ធ្ងរនោះទេ ប៉ុន្តែសម្រាប់អ្នកវិនិយោគវិញ គឺប៉ះពាល់ខ្លាំង ព្រោះតម្លៃធ្លាក់ចុះ ធ្វើឲ្យអ្នករកស៊ីគ្មានផលចំណេញឡើយ ហើយឲ្យចំណេញតម្លៃកៅស៊ូលុះតែចាប់ពី ១,៣០០ដុល្លារក្នុង ១តោន៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី