សៀមរាប៖ បន្ទាប់ពីទារិកាទី១ ដែលកើតចេញពីបច្ចេទេស បង្កកំណើតក្នុង កែវដំបូងគេរបស់កម្ពុជា ដោយសម្រាលពី ផ្ទៃម្តាយប្រកបដោយសុវត្ថិភាព និងសុខភាពល្អនោះ នៅពេលនេះលទ្ធផល នៃឡាបូបង្កកំណើតកូនក្នុងកែវ ដែលបាន និងកំពុងទទួលការគាំទ្រ និងជឿជាក់ពីសំណាក់ ប្រជាជនក្នុងស្រុក និងភ្ញៀវបរទេស សម្រាប់អ្នកលំបាកមានកូន បានទទួលលទ្ធផលថ្មីមួយទៀតហើយ ពោលគឺទារកទី២ បានកើតចេញពីផ្ទៃម្តាយ ប្រកបដោយសុវត្ថិភាព និងសុខភាព ល្អបរិបូរណ៍ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។

គូស្វាមីភរិយាទី២ ដែលទទួលបានកូនដូចបំណងនេះ មានស្វាមីឈ្មោះ ឃួន សាំង ពុទ្ធីរិទ្ធ អាយុ៣៩ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅ ធនាគារកម្ពុជាសាធារណៈ សាខាខេត្តសៀមរាប ចំណែកភរិយា ឈ្មោះ គី ឆវី អាយុ៣៥ឆ្នាំ ធ្វើការនៅអង្គការ Plan International ដោយពួកគាត់រៀបការ ជាមួយគ្នានៅឆ្នាំ២០០៨ ហើយមិនមានកូននោះទេ។

ក្នុងសំដីសើចក្អាកក្អាយ អ្នកស្រី គី ឆវី បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា ដោយសារបញ្ហាគ្មានកូន នាំឲ្យអ្នកស្រី និងស្វាមីព្យាយាមស្វះស្វែងរកការពិគ្រោះ និងព្យាបាលជា បន្តបន្ទាប់ រួមទាំងនៅពិនិត្យនៅប្រទេសថៃផងដែរ។ ជាក់ស្តែងបន្ទាប់ពីទទួលបានដំណឹង ពីមិត្តភក្តិថា នៅស្រុកខ្មែរ មានសេវាពិគ្រោះ និងព្យាបាលអ្នកពិបាកមានកូននោះ អ្នកស្រី ឆវី បានទៅពិគ្រោះជាមួយ វេជ្ជបណ្ឌិត សុខ ទៀង ដែលកាលនោះ នៅជាបន្ទប់ពិគ្រោះ និងព្យាបាលជំងឺសុខទៀងនៅឡើយ តែមកដល់ឆ្នាំ២០១៤ បន្ទប់នេះ បានប្រែក្លាយជាមន្ទីរសម្រាកព្យាបាលកម្ពុជា ដែលមានសេវាបង្ក កំណើតកូនក្រៅស្បូនដំបូងនៅកម្ពុជា ទើបអ្នកស្រី និងស្វាមី សម្រេចចិត្តជ្រើសរើសយកសេវានេះ ហើយខែតុលា ឆ្នាំ២០១៤ ក៏មានកូនដូចបំណង និងទើបសម្រាលរួច នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅថ្មីនេះ។

អ្នកស្រី ឆវី បានបញ្ជាក់បន្ថែមថា កូនរបស់អ្នកស្រីដែលទើបនឹងសម្រាលនេះ ជាកូនប្រុស មានឈ្មោះ ឃួន សាំងពុទ្ធិរាជ។ បន្ថែមលើសពីនេះ អ្នកស្រី គី ឆវី និងស្វាមី ក៏មានគម្រោងយក កូន២នាក់ទៀតផងដែរ ហើយកោសិការកូនទាំង២នោះ បាន និងកំពុងបង្ករក្សាទុកក្នុងឡាបូ នៃមន្ទីរសម្រាប់ព្យាបាលកម្ពុជា។ ក្រៅពីនេះ អ្នកស្រី ឆវី គ្មានអ្វីនិយាយច្រើនក្រៅតែពីបង្ហាញ សេចក្តីរាយក្នុងចិត្តឥតឧប្បមា នៅពេលទទួលបានកូនប្រុស ដែលមានសុខភាពល្អរបស់ខ្លួន និងបានអំពាវដល់បុរសស្ត្រី ដែលកំពុងជួបប្រទះបញ្ហាលំបាកមានកូន មេត្តាស្វែងរកការពិគ្រោះយោបល់ និងព្យាបាលជាមួយគ្រូពេទ្យជំនាញ ហើយពិសេសនៅកម្ពុជា បច្ចុប្បន្នមានសេវាបង្កកំណើតកូន ដែលជាបច្ចេកទេសទំនើបចុងក្រោយ របស់ពិភពលោក និងមានអត្រាជោគជ័យដូច នឹងប្រទេសនៅអាម៉េរិក និងអឺរ៉ុបដែរ។

ស្ថាបនិក និងជាអ្នកគ្រប់គ្រងទូទៅ មន្ទីរសម្រាកព្យាបាលកម្ពុជា លោក ហោ សំណាង ដែលបានអញ្ជើញទៅសាកសួរសុខទុក្ខ គូស្វាមីទើបទទួលបាន កូនដូចបំណងនេះ នៅទឹកដីអង្គរ ខេត្តសៀមរាបបានបញ្ជាក់ថា មន្ទីរសម្រាកព្យាបាលកម្ពុជា ពិតជាមានក្តីរំភើបសប្បាយរីករាយណាស់ ដែលមន្ទីរសម្រាកព្យាបាលកម្ពុជា ទទួលបានលទ្ធផលល្អជាបន្តបន្ទាប់បែបនេះ។ លទ្ធផលល្អប្រសើរនេះ បានជំរុញលើកទឹកចិត្ត ឲ្យមន្ទីរសម្រាកព្យាបាលកម្ពុជា កាន់តែខិតខំប្រឹងប្រែង បន្តក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋខ្មែរ និងបរទេសឲ្យកាន់តែ ល្អប្រសើរថែមទៀត។

សូមជម្រាបថា ទារិកាទី១ ដែលប្រសូតចេញពីបច្ចេកវិទ្យា បង្កកំណើតកូនក្នុងកែវ ដំបូងគេនៅកម្ពុជា ឈ្មោះ ង៉ែត មាសមុន្នីរ័ត្ន មានឈ្មោះហៅក្រៅថា Natalie បានកើតកាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៥ និងមានឪពុក ញ៉ុក ម៉េត អាយុ៤៦ឆ្នាំ ជាមន្រ្តីនៃមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ និងម្តាយឈ្មោះ បេង ចាន់រី អាយុ៣៣ឆ្នាំរស់នៅ ក្រុម៣ ភូមិព្រះសីហនុ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោក ហោ សំណាង អះអាងទៀថា នៅពេលដ៏ខ្លីខាងមុខនេះ ទារក-ទារិកា ជិត១០០នាក់ទៀត ដែលបង្កកំណើតតាមបច្ចេកវិទ្យាក្នុងកែវ នឹងត្រូវប្រសូត ជាបន្តបន្ទាប់ដូចទៅនឹងទារិកាទី១ និងទី២ នេះដែរ។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល