អន្តរជាតិ ៖ ក្រសួងការបរទេសរបស់កូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យដោយបានអះអាងថា ការដាក់ទណ្ឌកម្មដំណាក់កាលចុងក្រោយរបស់អង្គការសហប្រជាជាតិ គឺជា "ទង្វើបង្កឱ្យកើតសង្គ្រាម" ដែលទង្វើនេះ ស្មើទៅនឹងការ "បំបិតដង្ហើមសេដ្ឋកិច្ចទាំងស្រុង"របស់កូរ៉េខាងជើង ហើយប្រទេសនេះថែមទាំងបានគំរាមកំហែងដល់សុខសន្ដិភាពរបស់សហរដ្ឋអាមេរិក ប្រសិនបើប្រទេសនេះ នៅតែពុំព្រមទទួលយកកូរ៉េខាងជើងថាជា ប្រទេសនុយក្លេអ៊ែរទេនោះ។

សេចក្តីថ្លែងការណ៍ក្រសួងការបរទេសនិយាយថា៖ "យើងឱ្យនិយមន័យ" ចំពោះសេចក្ដីសម្រេចដាក់ទណ្ឌកម្ម "ដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងពួកអ្នកគាំទ្ររបស់ខ្លួនថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពសាធារណរដ្ឋរបស់យើង និងជាទង្វើមួយញុះញង់ឱ្យកើតសង្គ្រាម ដែលរំលោភលើសុខសន្តិភាព និងស្ថិរភាពនៅឧបទ្វីប និងតំបន់កូរ៉េ ហើយប្រទេសនេះ បានបដិសេធយ៉ាងដាច់ខាតចំពោះសេចក្ដីសម្រេចនេះ"។

សេចក្តីថ្លែងការណ៍ដដែលក្រើនរំលឹកថា៖ "គ្មានអ្វីខុសឆ្គងធ្ងន់ធ្ងរជាងគំនិតគិតខុស ដែលសហរដ្ឋអាមេរិក និងបរិវារបស់ខ្លួន ត្រូវយកមកពិសោធន៍តាមរយៈការដាក់ទណ្ឌកម្មចំពោះជ័យជម្នះរបស់ប្រជាជនយើងដែលសម្រេចបានដោយជោគជ័យនូវបុព្វហេតុប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃការបំពេញកម្លាំងនុយក្លេអ៊ែររបស់រដ្ឋនោះទេ។

កូរ៉េខាងជើងបានបន្ថែមថា៖”ប្រសិនបើសហរដ្ឋអាមេរិក មានបំណងចង់រស់នៅដោយសុខសន្ដិភាព ប្រទេសនេះត្រូវតែបោះបង់ចោលគោលនយោបាយអរិភាពរបស់ខ្លួន ចំពោះកូរ៉េខាងជើង ហើយរៀនរស់រួមគ្នាជាមួយប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ ហើយគួរតែភ្ញាក់ឡើងពីសុបិន ដែលប្រាថ្នាឱ្យប្រទេសយើងបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរចោល ដែលយើងខំតស៊ូអភិវឌ្ឍ និងបានបញ្ចប់ទាំងលំបាកស្ទើរតែគ្រប់រូបភាព"។

សេចក្ដីថ្លែងការណ៍នេះ អមមកជាមួយនូវសារគំរាមកំហែងមួយថា កូរ៉េខាងជើងគឺជា "រដ្ឋយុទ្ធសាស្ត្រមួយ ដែលមានសមត្ថភាពបង្កការគំរាមកំហែងនុយក្លេអ៊ែរដល់ដីគោកអាមេរិក "។

ក្រសួងការបរទេស បានបញ្ចេញវោហាសាស្ត្រប្រទូសរ៉ាយចំពោះប្រទេសដទៃទៀត ដែលបានបោះឆ្នោតគាំទ្រចំពោះសេចក្តីសម្រេច ដែលបានអនុម័តជាឯកច្ឆន្ទ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយបាននិយាយថា៖ "បណ្តាប្រទេសទាំងឡាយ ដែលលើកដៃឡើងដើម្បីគាំទ្រចំពោះសេចក្ដីសម្រេចដាក់ទណ្ឌកម្មនេះ" 'នឹងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកទាំងអស់ ដែលបង្កឡើងដោយ' សេចក្ដីសម្រេចនេះ 'ហើយយើងនឹងធ្វើឱ្យប្រាកដគ្រប់វិនាទីទាំងអស់ថា បណ្ដាប្រទេសទាំងនោះ នឹងទទួលរ៉ាប់រងគ្រប់បែបយ៉ាងសម្រាប់អ្វី ដែលខ្លួនបានធ្វើ”។

ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បាននិយាយកាលពីថ្ងៃសុក្រថា សេចក្ដីសម្រេចដាក់ទណ្ឌកម្មថ្មីនេះ បានដាក់សម្ពាធលើកូរ៉េខាងជើងកាន់តែខ្លាំងឡើង ដោយផ្អែកលើសេចក្ដីសម្រេចចុងក្រោយរបស់យើង ដែលរួមបញ្ចូលទាំងទណ្ឌកម្មខ្លាំងបំផុត ដែលមិនធ្លាប់ដាក់លើពួកគេ។

"សេចក្ដីសម្រេចកាលពីលើកមុន បានហាមឃាត់ការនាំចេញទំនិញរបស់កូរ៉េខាងជើងចំនួន ៩០ ភាគរយ។ សេចក្ដីសម្រេចដាក់ទណ្ឌកម្មលើកនេះ ធ្វើការហាមឃាត់ចំពោះការនាំចេញទំនិញគ្រប់ប្រភេទរបស់កូរ៉េខាងជើងដែលនៅសល់ ពោលគឺធ្វើឱ្យបាត់បង់ប្រាក់ចំណូលជិត ២៥០ លានដុល្លារដល់របបដឹកនាំនេះ។ "សេចក្ដីសម្រេចកាលពីលើកមុន បានបង្ក្រាបលើការរត់ពន្ធទំនិញហាមឃាត់មួយចំនួនដូចជា ប្រេង និងធ្យូងថ្មជាដើម។ ប៉ុន្តែការគេចវេះទណ្ឌកម្ម នៅតែមានជាបន្តបន្ទាប់។ ដូច្នេះ សេចក្ដីសម្រេចនេះ បានបញ្ចប់នូវចន្លោះប្រហោងជាប្រព័ន្ធ ហើយតម្រូវឱ្យបណ្តាប្រទេសនានារឹបអូសទំនិញ និងបង្ក្រាបនាវា ដែលចាប់បានថា មានការរត់ពន្ធខុសច្បាប់។

"សេចក្ដីសម្រេចដាក់ទណ្ឌកម្មបច្ចុប្បន្ន សម្រេចបាននូវការកាត់បន្ថយសមត្ថភាពរបស់របបដឹកនាំលោក គីម ក្នុងការនាំចូលប្រេងសាំង ម៉ាស៊ូត និងផលិតផលចម្រាញ់ផ្សេងៗទៀតបានប្រមាណ ៨៩ ភាគរយ។ ហើយប្រសិនបើរបបកូរ៉េខាងជើង នៅតែបន្ដធ្វើតេស្ដនុយក្លេអ៊ែរ ឬមីស៊ីលផ្លោងទៀតនោះ ក្រុមប្រឹក្សាសន្តិសុខនឹងចាត់វិធានការបន្ថែមទៀត។ ក្រុមប្រឹក្សានេះ បានផ្ញើសារលិខិតច្បាស់លាស់ទៅកាន់ក្រុងព្យុងយ៉ាងថា ប្រសិនបើប្រទេសនេះ នៅតែជំទាស់ ការដាក់ទណ្ឌកម្មនឹងមានទំហំកាន់តែធំឡើង”។

បទប្បញ្ញត្តិមួយទៀតនៃកញ្ចប់ទណ្ឌកម្មថ្មីនេះ តម្រូវឱ្យប្រជាជនកូរ៉េខាងជើងទាំងអស់ ដែលធ្វើការនៅបរទេស ត្រូវត្រលប់មកប្រទេសកំណើតវិញ ក្នុងរយៈពេល ២៤ ខែ។ ប្រជាជនកូរ៉េខាងជើងចំនួនប្រហែល ១០០.០០០ នាក់ធ្វើការនៅក្នុងប្រទេសដទៃទៀត ក្រោមលក្ខខណ្ឌមួយចំនួន ដែលត្រូវបានរិះគន់ដោយអង្គការសិទិ្ធមនុស្ស ត្រូវបានគេចាត់ទុកថា ជាទាសកម្មយ៉ាងពិតប្រាកដ ដោយសារតែប្រាក់កម្រៃ ដែលពួកគេរកបានភាគច្រើន ត្រូវបង្វិលទៅឱ្យទីក្រុងព្យុងយ៉ាងដើម្បីបម្រើសេចក្ដីត្រូវការរបស់របបលោក គីម ៕

ប្រភព៖ breitbart

ប្រែសម្រួល៖ សារ៉ាត