(ហាណូយ)៖ វៀតណាមបានបញ្ជាក់ នូវករណីកម្របំផុតមួយនៃកូនភ្លោះដែលមានឪពុកពីរនាក់ (កូនភ្លោះមានឪពុកផ្សេងគ្នា) នេះបើតាមសាស្ត្រាចារ្យ នៅមន្ទីរពិសោធន៍ DNA នាទីក្រុង Hanoi ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ។

កូនភ្លោះមួយគូ បានកើតមកក្នុងគ្រួសារប្តីប្រពន្ធជនជាតិវៀតណាមមួយ ដែលមិនត្រូវបានបញ្ចេញឈ្មោះ ថ្មីៗនេះត្រូវបានបញ្ជូនទៅធ្វើការពិសោធន៍ ដោយសារតែ រូបភាពរបស់ទារកភ្លោះកើតមក មានរូបរាងខុសពីគ្នាដាច់ស្រឡះ។ «មជ្ឈមណ្ឌលរបស់យើង បានធ្វើពិសោធន៍ និងរកឃើញកូនភ្លោះ មានឪពុកផ្សេងពីគ្នា» នេះបើតាមសម្តីលោក Le Dinh Luong ប្រធានសមាគមពូជវៀតណាម បានឲ្យដឹងយ៉ាងដូច្នេះ។

លោកវេជ្ជបណ្ឌិត បានបន្តថា វាមិនត្រឹមតែជាករណីកម្រ សម្រាប់វៀតណាមនោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល ជាមួយនឹងកូនភ្លោះមានឪពុកផ្សេងពីគ្នា ប៉ុន្តែមានម្តាយតែមួយ។ វាអាចកើតមានករណីនេះឡើង ប្រសិនបើស៊ុតចំនួន២ មកពីម្តាយម្នាក់ បានជួបជាមួយនឹងទឹកកាម មកពីបុរសចំនួន២នាក់ នៅអំឡុងពេលរួមភេទដាច់ដោយឡែកពីគ្នា តែក្នុងអំឡុងពេលបញ្ចេញអូវុលដូចគ្នា។

ប្តីជនជាតិវៀតណាម ត្រូវជាឪពុកកូនភ្លោះនេះ បានស្នើឲ្យមានការពិសោធន៍ នៅមន្ទីរពិសោធន៍ Hanoi ដើម្បីកំណត់ថា តើជាឪពុកពិតមែន នៃទារកភ្លោះនេះ ឬយ៉ាងណា។ លទ្ធផលបានបង្ហាញថា បុរសនោះមានការជាប់ពាក់ព័ន្ធនឹងទារកតែម្នាក់ប៉ុណ្ណោះ ក្នុងចំណោមទារកភ្លោះ២នាក់នោះ។

ស្រ្តីជាម្តាយត្រូវបានពិសោធន៍ឃើញថា ជាម្តាយពិតប្រាកដនៃកូនភ្លោះទាំងពីរ។ កូនភ្លោះទាំងពីរមានភេទដូចគ្នា បានកើតមកក្នុងថ្ងៃតែមួយ គ្រាន់តែក្រោយគ្នាប៉ុន្មានម៉ោងប៉ុណ្ណោះ ប៉ុន្តែមានរូបរាងខុសគ្នាទាំងស្រុង។ តាមរបាយការណ៍មួយបានឲ្យដឹងថា មកដល់ពេលនេះកូនភ្លោះទាំងពីរ មានអាយុ២ឆ្នាំហើយ ដោយម្នាក់មានមាឌធាត់ សក់រួញ និងម្នាក់ទៀតស្គម សក់ត្រង់។

សូមជំរាបថា មានករណីកម្រមួយទៀត នៃកូនភ្លោះឪពុកផ្សេងគ្នានេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅសហរដ្ឋអាម៉េរិក នៅពេលដែល តុលាការបានសម្រេចថា បុរសម្នាក់ត្រូវបានតម្រូវឲ្យទទួលខុសត្រូវលើកុមារីម្នាក់ប៉ុណ្ណោះ ក្នុងចំណោមកូនភ្លោះ២នាក់ បន្ទាប់ពីការពិសោធន៍ DNA បានបង្ហាញថា បុរសនោះមិនមែនជាឪពុក នៃកូនភ្លោះទាំង២នោះទេ៕

* បញ្ជាក់ ៖ រូបភាពឯកសារ

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី