(សៀមរាប)៖ ថៅកែក្រុមហ៊ុន ដែលមានឈ្មោះ សហពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WBC នៅខេត្តសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពីបទឆបោកប្រជាពលរដ្ឋរាប់ម៉ឺនដុល្លារ រឿងផ្តល់ការប្រាក់ខ្ពស់ពេលយកប្រាក់ទៅដាក់ទុនរកស៊ីជាមួយ ប៉ុន្តែក្រោយបញ្ជូនទៅតុលាការ ក៏ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។ ព័ត៌មាននេះបានកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះ ប៉ុន្តែទើបតែធ្លាយចេញ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ ។

មន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានលួចទម្លាយប្រាប់អង្គភាព Fresh News ថា៖ ថៅកែក្រុមហ៊ុនរូបនេះ បានទទួលប្រាក់ពីប្រជាពលរដ្ឋ ដើម្បីដាក់ទុនរកសីុជាមួយ ហើយផ្តល់ទៅឲ្យប្រជាពលរដ្ឋវិញ គឺប្រាក់ខ្ពស់ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត និងចង់បានការប្រាក់ច្រើនផងនោះ ក៏នាំគ្នាទៅដាក់ផ្ញើពេញទឹកពេញដីដោយមួយ ថ្ងៃៗខាងក្រុមហ៊ុន បានទទួលប្រាក់ខ្ទង់ម៊ឺនដុល្លារ។ ប៉ុន្តែក្រោយទទួលបានប្រាក់ ពីប្រជាពលរដ្ឋហើយ ស្រាប់តែក្រុមហ៊ុនបានប្រកាសថា ក្ស័យធន់តែម្តង។

មន្រ្តីនគរបាលរូបនេះ សូមមិនបញ្ចេញឈ្មោះបានបញ្ជាក់ទៀតថា ក្រោយមានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញបានចុះទៅ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ ការចាប់ខ្លួនតែម្តង ប៉ុន្តែក្រោយបញ្ជូនទៅដល់តុលាការ ក៏ត្រូវបានតុលាការសម្រេចធ្វើការដោះលែងវិញ។

សូមបញ្ជាក់ថា ក្រុមហ៊ុនមួយនេះមានទីតាំងស្ថិតនៅភូមិសាលាកន្សែង សង្លាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលមានឈ្មោះ សៃ សេត អាយុ២៧ឆ្នាំ ទីលំនៅរាជធានីភ្នំពេញជាប្រធានក្រុមហ៊ុន។

បើតាមមន្រ្តីនគរបាលរូបនេះ តាមការសួរនាំជាគោលការណ៍ក្រុមហ៊ុននេះការធ្វើវិនិយោគលើទិញ លក់រូបិយប័ណ្ណតាមប្រព័ន្ធ Internet ជាលក្ខណៈអន្តរជាតិ ធ្វើសកម្មភាពឃោសនាពីការទិញ ហើយប្រជាពលរដ្ឋឱ្យចូលទុនវិនិយោគដោយសន្យាថា ទទួលបានការប្រាក់ពី ៣% ទៅ ៥% នៃប្រាក់ដើមក្នុង១ខែ ដែលប្រជាពលរដ្ឋបានដាក់។

ក្រុមហ៊ុនខាងលើនេះ មានអង្គការចំនួន១០ ក្រោមចំណុះអាចប្រមូលលុយបានក្នុង១ថ្ងៃពី១០ម៉ឺនដុល្លារឡើង ហើយបងប្អូនមិនបាច់បារម្ភទេ។ ប៉ុន្តែតាំងពីប្រជាពលរដ្ឋ បានដាក់លុយខ្លះបាន១% ខ្លះអត់បាន។

ក្រោយមានរឿងនេះកើតឡើងជនរងគ្រោះ បានទៅសួរដេញដោល តែត្រូវក្រុមហ៊ុនអះអាងថា ក្រុមហ៊ុនក្ស័យធនចង់បានដើមវិញលុះត្រា តែបុគ្គលម្នាក់ៗជួយរកអតិថិជនឱ្យមកដាក់ទុន ស្មើនឹងតម្លៃដើមរបស់ខ្លួនទើបដកបាន រហូតសម្រេចចិត្តដាក់ពាក្យបណ្តឹងឈានទៅដល់ការចាប់ខ្លួនតែម្តង។

ពាក់ព័ន្ធករណីនេះ Fresh News នឹងរង់ចាំការបំភ្លឺពីសាលាដំបូងខេត្តសៀមរាប ចំពោះការលើកឡើងរបស់សមត្ថកិច្ អំពីការដោះលែងខាងលើនេះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី