ភ្នំពេញ ៖ ការប្រឡងសញ្ញាបត្រ ទុតិយភូមិលើក២ សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤នេះ បាន បញ្ចប់ដោយរលូន និងល្អប្រសើរ ក្នុងមណ្ឌលប្រឡងនីមួយៗ នៅទូទាំងប្រទេស ប៉ុន្តែ ស្របពេលជា មួយគ្នានេះ ក៏មានបញ្ហាអសកម្មមួយចំនួនកើតឡើង ដែលក្នុងនោះបានឃាត់ខ្លួន ជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងការលក់សំណៅ និងបន្លំធ្វើ ជាអ្នកសង្កេតការណ៍ ។

នៅម៉ោង ៦ព្រឹកស្រាំងៗ ទ្វារនៃមណ្ឌលប្រឡង បានបើកស្វាគមន៍បេក្ខជន ដែលប្រឡងសញ្ញាបត្រ ទុតិយភូមិ ឬបាក់ឌុបលើកទី២ នៅថ្ងៃចន្ទទី១៣ ខែតុលា ឆ្នាំ២០១៤នេះ ដែលការ ប្រឡងបានចាប់ផ្ដើម នៅវេលាម៉ោង ៧និង៣០នាទីព្រឹក ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា សម្រាប់បរិយាកាស នៃការប្រឡងបាក់ឌុបថ្ងៃទី១ នេះ ដំណើរការទៅយ៉ាងល្អ ពោល គឺមិន មានការរំខាន ពីជនឆ្លៀតឱកាសណាម្នាក់ចូលក្នុងមណ្ឌល ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាលោក រស់ សាលីន បានឲ្យដឹងដែរថា ដំណើរការប្រឡង សម្រាប់ព្រឹកនេះ ប្រព្រឹត្តទៅល្អ ជាងការប្រឡងលើកទី១ទៀត ។

លោកបន្ថែមថា "យើងទទួលបានព័ត៌មាន ពីតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ការប្រឡង គឺស្ងប់ស្ងាត់ ល្អ ពោលគឺអនុរក្ស គោរពទៅតាមតួនាទីរបស់គាត់ រីឯបេក្ខជនរបស់យើងគាត់ គោរពទៅតាមវិន័យ របស់គាត់។ បើយើងនិយាយមែនទែនទៅ ទិដ្ឋភាពព្រឹកនេះដំណើរ ការល្អជាងលើកទី១ទៀត ព្រោះ គាត់យល់ដឹងបទពិសោធន៍ កាលពីប្រឡងលើកទី១អស់ហើយ"។

លោក រស់ សាលីន បានឲ្យដឹងទៀត នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ អង្គភាពប្រឆាំង អំពើពុករលួយបាន ធ្វើការឃាត់ខ្លួនជនសង្ស័យ ២ នាក់ ដែលបានប្រព្រឹត្តបទល្មើសខុស ពីបទ បញ្ជារបស់ក្រសួង ដែល ករណីទី១ ស្ត្រីម្នាក់បានយកសំណៅឯកសារ ទៅលក់មុខសាលាបាក់ទូក និងករណីទី២ យុវជនម្នាក់បន្លំ ធ្វើអ្នកសង្គេតការណ៍ ហើយអ្នកទាំងពីរក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ នាំខ្លួនភ្លាមៗ ទៅកាន់ អង្គភាពភ្លាមៗផងដែរ ។

សម្រាប់ការប្រឡង ពេលព្រឹកមានពីរមុខវិជ្ជា គឺគីមីវិទ្យានិងជីវវិទ្យា ចំណែកពេលល្ងាចវិញ មុខវិទ្យា ដែលត្រូវប្រឡង មានប្រវត្តិវិទ្យា និងភាសាបរទេស ។

សូមបញ្ជាក់ថា បេក្ខជនប្រឡងលើកទី២ មានជិត ៧ ម៉ឺននាក់ និងមណ្ឌល១១៧ ក្នុងនោះ បន្ទប់ ចំនួន ២៧៥២ បន្ទប់ អ្នកសង្គេតការណ៍ ជាតិ-អន្តរជាតិមានជាង ៣០០០ នាក់ ។

គួររំលឹកថា ការប្រឡងបាក់ឌុបលើទី១ បានធ្វើឡើង នៅថ្ងៃទី៤-៥ ខែសីហា មានបេក្ខជន ប្រឡងជាប់ សរុប ចំនួន២៣១២៦នាក់ ត្រូវជា ២៥,៧២ភាគរយ ក្នុងចំណោមសិស្សសរុប ៨៩៩៣៧នាក់ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិោល