ភ្នំពេញ៖ អង្គការសង្គមស៊ីវិល និងកុមារមួយចំនួន បានស្នើដល់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ ផ្តល់ឱកាសដល់កុមារចូលរួមក្នុងកិច្ចពិភាក្សាជុំវិញបញ្ហាអំពើហិង្សាលើកុមារ និងបង្កើនការពង្រឹងប្រព័ន្ធការពារកុមារនៅថ្នាក់មូលដ្ឋាន ដើម្បីឲ្យពួកគេបានចូលរួមដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលាចំពោះអំពើហិង្សាលើកុមារ។

ក្នុងសន្និសីទកុមារ និងយុវជន ស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ នៅរាជធានីភ្នំពេញ លោក សុន ពេញ នាយកប្រតិបត្តិអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា បានលើកឡើងថា ជាច្រើនឆ្នាំកន្លងមក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហានានាដើម្បីទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាលើកុមារ ប៉ុន្តែបញ្ហានេះនៅតែកើតមាន។

លោកថា៖ «អំពើហិង្សាលើកុមារ ក៏ជាបញ្ហាមួយដែលពិបាកដោះស្រាយដែរ ព្រោះវាពាក់ព័ន្ធនឹងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ អីចឹងទោះជាមានការផ្សព្វផ្សាយ ឬយុទ្ធនាការណាមួយក៏ដោយ ប៉ុន្តែបើមិនមានការចូលរួមពីឪពុកម្តាយ ពីសំណាក់អាជ្ញាធរ និងអាណាព្យាបាលក្នុងការលប់បំបាត់ទេនោះក៏គ្មានប្រសិទ្ធិភាពដែរ»។

ករណីនេះ លោកបានអំពាវនាវដល់រាជរដ្ឋាភិបាល និងអ្នកពាក់់ព័ន្ធ បន្តបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ផ្តល់ឱកាសដល់កុមារក្នុងការចូលរួមក្នុងកិច្ចពិគ្រោះយោបល់ផ្សេងៗជុំវិញបញ្ហាអំពើហិង្សាលើកុមារ និងត្រូវធ្វើការរួមគ្នាក្នុងការទប់ស្កាត់និងលុបបំបាត់អំពើហិង្សាលើកុមារនៅគ្រប់ទម្រង់។

លោកថា៖ «ការចូលរួមរបស់កុមារ គឺមានសារសំខាន់់ណាស់ ព្រោះកុមារគាត់ជាម្ចាស់សិទ្ធិ និងជាអ្នកជួបបញ្ហាផ្ទាល់ អីចឹងទេអ្នកធ្វើគោលនយោបាយ អ្នកធ្វើការសម្រេចចិត្ត គួរតែមានការពិគ្រោះយោបល់ជាមួយពួកគាត់ ដើម្បីធ្វើម៉េចឲ្យអ្វីដែលជាបទអន្តរាគមន៍របស់យើង អ្វីដែលជាយុទ្ធសាស្ត្ររបស់យើង អាចឆ្លើយតបទៅនឹងស្ថានភាពពិតដែលបានកើតឡើងចំពោះកុមារ»។

កុមារី ញ៉ សៀវយៀក អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ នៅអនុវិទ្យាល័យកោះស្លា ខេត្តកំពត បាននិយាយថា នៅតំបន់ដែលគាត់រស់នៅ កុមារភាគច្រើននៅតែរងអំពើហិង្សាពីសំណាក់ឪពុកម្តាយ និងអាណាព្យាបាលរបស់ពួកគេ ខណៈការប្រើប្រាស់អំពើហិង្សានៅតាមសាលារៀន កើតមានតិចតួច។

កុមារីរូបនេះ និយាយថា៖ «នៅតំបន់ខ្ញុំ ឪពុកម្តាយភាគច្រើនបានរុញកូនឲ្យទៅធ្វើការតាមរោងចក្រ ឬធ្វើជាកម្មករគេ ហើយនៅពេលពួកខ្ញុំចុះទៅផ្សព្វផ្សាយពីសិទ្ធិរបស់កុមារ និងស្នើសុំឲ្យកុមារចូលរួមចឹង ឪពុកម្តាយរបស់ពួកគាត់មិនអនុញ្ញាតឲ្យចូលរួមទេ ហើយម្យ៉ាងទៀតឪពុកម្តាយមួយចំនួនចូលចិត្តទទួលទានស្រា អីចឹងពេលមកដល់ផ្ទះរករឿងកូន និងប្រើអំពើហិង្សាជាដើម»។កុមារី សៀវយៀក ក៏បានស្នើដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច បង្កើនការអប់រំផ្សព្វផ្សាយពីសិទ្ធិកុមារនៅតាមមូលដ្ឋានជនបទ ដើម្បីឲ្យឪពុកម្តាយ អាណាព្យាបាល និងអ្នកពាក់ព័ន្ធមានការយល់ដឹង និងចូលរួមលុបបំបាត់អំពើហិង្សាលើកុមារ។

ចំណែក កុមារី ម៉ៅ រស្ម៊ី អាយុ១៧ឆ្នាំ មកពីបណ្តាញកុមារអ្នកតស៊ូមតិខេត្តបាត់ដំបង ក៏បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើតបន្ថែមនូវសាច់រឿងវីដេអូអប់រំខ្លីៗ ពាក់ព័ន្ធនឹងអំពើហិង្សាលើកុមារ នៅតាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបញ្ជ្រាបការយល់ដឹងពីបញ្ហានេះដល់សាធារណជន។ រស្ម៊ី បាននិយាយថា៖ «កន្លងមក ធ្លាប់មានការចុះអប់រំផ្សព្វផ្សាយខ្លះៗនៅតាមផ្ទះនិងតំបន់មួយចំនួនហើយ ប៉ុន្តែបើអាច ខ្ញុំចង់ឲ្យបង្កើតជាវីដេអូអប់រំចាក់បញ្ចាំងបន្ថែមតាមប្រព័ន្ធផ្សព្វផ្សាយបន្ថែម»។

យោងតាមការសិក្សារបស់អង្គការទស្សនៈពិភពលោក កាលពីឆ្នាំ២០១៨ បានឲ្យដឹងថា កុមារដែលមានអាយុ១២ ទៅ១៨ឆ្នាំ ប្រមាណ ៤៩.៣% ឬស្មើនឹងជិតពាក់កណ្តាលនៃកុមារនៅកម្ពុជា ត្រូវបានរាយការណ៍ថាបានរងគ្រោះដោយអំពើហិង្សាលើរាងកាយ ហើយឪពុកម្តាយ និងអ្នកថែទាំសមាជិកគ្រួសារ គឺជាជនប្រព្រឹត្តអំពើហិង្សាលើកុមារញឹកញាប់ជាងគេ។

ការសិក្សាបានបន្តថា ជាងពាក់កណ្តាលនៃកុមារដែលមានអាយុ១៣ឆ្នាំដល់១៧ឆ្នាំ ត្រូវបានរាយការណ៍ថាធ្លាប់ទទួលរងអំពើហិង្សាលើរាងកាយពីសំណាក់គ្រូបង្រៀនជាបុរសយ៉ាងហោចណាស់ម្តង និង២៩%នៃកុមារដែលមានអាយុ១២ឆ្នាំដល់១៥ឆ្នាំ ធ្លាប់រងគ្រោះដោយផ្ទាល់ពីការដាក់ទណ្ឌកម្មលើរាកាយពីសំណាក់គ្រូបង្រៀន។

លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការលុបបំបាត់អំពើហិង្សាលើកុមារ និងលើកកម្ពស់សិទ្ធិកុមារ តាមរយៈការចុះផ្សព្វផ្សាយអប់រំតាមវេទិកានានា ការបង្កើតនៅគោលនយោបាយ និងលិខិតបទដ្ឋានគតិយុទ្ធនានា ប៉ុន្តែកុមារនៅតែប្រឈមនឹងបញ្ហាអំពើហិង្សា។

លោកថា៖ «ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅតែមានកម្រិត អ្នកខ្លះយល់ដឹងហើយតែគាត់នៅតែធ្វើមិនដឹងហើយនៅតែប្រើអំពើហិង្សាលើកុមារដដែល នេះជាបញ្ហាប្រឈមមួយដែលយើងទាំងអស់គ្នាត្រូវរួមគ្នាដោះស្រាយ»៕

ប្រភព ៖ ខ្មែរថាម