ភ្នំពេញ ៖ នគរបាលប៉ុស្ដិ៍ទឹកថ្លា ខណ្ឌសែន សុខ បានចុះទៅឃាត់ខ្លួនជន ទំនើងពីរនាក់ ក្រោយពីប្រជាពលរដ្ឋ បាន រាយការណ៍ថា ពួកគេបានកាន់កាំបិតប៉័ងតោ គំរាមម្ដាយនិងសាច់ញាតិរបស់ខ្លួន ដោយមិនឱ្យចូលផ្ទះ និងស្រែកឡូឡា នៅចំណុចមុខផ្ទះលេខ៤៩៧ ផ្លូវស្ពានឈើ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនទំនើងទី១ ឈ្មោះមាស ប៊ុនចន អាយុ៤៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅចំណុច កើតហេតុ ទី២ ឈ្មោះមាស ភិរុណ អាយុ ២៨ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ ។ រីឯជន រងគ្រោះជាម្ដាយ ឈ្មោះប៉ែន ចាន់ថារី អាយុ៧១ឆ្នាំ មុខរបរនៅផ្ទះ ។

តាមមន្ដ្រីនគរបាលប៉ុស្ដិ៍ទឹកថ្លា បានឱ្យដឹងថា កូនទំនើងទាំងពីរនាក់នេះ កាន់កាំបិតប៉័ងតោ រារាំងមិនឱ្យក្រុមគ្រួសារ ជនរងគ្រោះចូលផ្ទះ និងស្រែកឡូឡារំខាន អ្នកជិតខាង ព្រមទាំងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្ដិក្នុងផ្ទះ និងប្រើអំពើហិង្សាជាច្រើនលើកច្រើនសានា ពេលកន្លងទៅ ។ ដោយទ្រាំមិនបានពីសកម្មភាពបែបនេះ ទើបស្ដ្រីជាម្ដាយនិងក្រុមគ្រួសារបានរាយការណ៍មកសមត្ថកិច្ចចុះទៅចាប់ខ្លួននិងដកហូត យកកាំបិតប៉័ងតោ ដែលកាន់នៅក្នុងដៃ ។

បច្ចុប្បន្នជនទំនើងទាំងពីរនាក់ ត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្ដតាមនីតិវិធី ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល