(ភ្នំពេញ)៖ តារាសម្ដែងមានឈ្មោះល្បីគួរសម ក្នុងសង្គមសិល្បៈ លោក ឃីម រតនៈ បានបង្ហើបពីភាពឈឺចាប់របស់ខ្លួន ដោយសារតែត្រូវបានមិត្តភក្តិ មើលងាយ មើលថោក គ្រប់យ៉ាង ពេលលោកចូលខ្លួនបម្រើក្នុងការងារសិល្បៈ រហូតធ្វើឲ្យលោកត្រូវតស៊ូ ក្រាញននាលជំនះ គ្រប់ឧបសគ្គទាំងអស់ ទម្រាំទទួលបានផ្លែផ្ការហូតមកដល់ថ្ងៃនេះ បើទោះបីជាការបោះជំហាន មកដល់សព្វថ្ងៃនេះ មិនទាន់ទទួលបានជោគជ័យ១០០%ក្ដី ប៉ុន្តែលោកពេញចិត្ត និងនៅតែមានកម្លាំងចិត្តតស៊ូបន្ថែមទៀត។

ការបង្ហើបឲ្យដឹងទាំងអារម្មណ៍ក្ដុកក្ដួលបែបនេះ គឺត្រូវបានធ្វើឡើង ក្នុងកម្មវិធីខួបកំណើតរបស់ខ្លួន ដែលត្រូវបានរៀបចំឡើង មានមិត្តភក្តិជិតស្និទ្ធចូលរួមតែ៥ ទៅ៦នាក់ប៉ុណ្ណោះ នារាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ នៅឯភោជនីយដ្ឋាន លីវី ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ លោក រតនៈ បានថ្លែងឲ្យដឹងថា លោកគ្មានគម្រោងធ្វើខួបកំណើតទេ ដោយសារមមាញឹក ជាមួយការងារដកខ្លួនពុំរួច។ តែយ៉ាងណាលោកពិតជាសប្បាយចិត្ត និងត្រេកអរយ៉ាងក្រៃលែង ដែលមិត្តភក្ដិរួមអាជីពធ្វើខួប ពញ្ញាក់អារម្មណ៍ឲ្យលោក ដើម្បីគម្រប់ខួប២៩ឆ្នាំ នៅឆ្នាំនេះ ពិតជាធ្វើឲ្យលោករំភើបចិត្តជាខ្លាំង ត្បិតអីមិត្តភក្ដិបានធ្វើខួបឲ្យលោករហូតដល់ទៅ៣ កន្លែងផ្សេងៗពីគ្នា ដែលបន្តកម្មវិធីរហូតដល់រំលងអាធ្រាត្រ។

ការបណ្ដែតខ្លួនលើវិថីសិល្បៈ ជាង១ឆ្នាំកន្លងមកនេះ លោកឃីម រតនៈ បានបន្តទម្លាយឲ្យដឹងទៀតថា លោកបានជួបបញ្ហាជាច្រើន ក្នុងឆាកជីវិត រហូតពេលខ្លះដាច់លុយ ត្រូវជិះម៉ូតូឌុបទៅសម្ដែងភាពយន្ត និងត្រូវបានមិត្តភក្តិបោះបង់ចោលលែងរាប់រក ថែមទាំងបោះបាក្យសម្ដីមើលងាយរូបលោកទៀតផង ប៉ុន្តែលោកនៅតែពង្រឹង ជំហរតស៊ូប្រឡូកក្នុងសិល្បៈ ដោយមិនរាថយ រហូតមកដល់ថ្ងៃនេះ។

លោកថា ពេលខ្លះលោកគ្មានលុយជិះម៉ូតូឌុប ទៅថតកុនក៏មាន ត្បិតអីប្រាក់កម្រៃដែលទទួលបានពីការថតភាពយន្ត តិចតួចបំផុត គាប់ជួននឹងក្រុមផលិតករមួយចំនួន ក្រឡុកលោកទៀតផង។ លោក រតនៈ និយាយថា «ក្រុមផលិតករខ្លះ មិនឲ្យតម្លៃតួសម្ដែងតូចតាចទេ គឺក្រៅពីឲ្យតម្លៃខ្លួនទាបហើយ ថែមទាំងចង់ស៊ីឡាក់ មិនចង់បើកលុយឲ្យទៀតផង ដែលធ្វើឲ្យខ្ញុំប្រឈម ជាមួយជីវភាពប្រចាំថ្ងៃ!»។

ពេលលោកកំពុងជួបប្រទះ នូវការខ្វះខាត ជីវភាពត្រដាបត្រដួស គ្មានមិត្តភក្តិណាម្នាក់ មកជួយយិតយោងរូបលោកឡើយ ផ្ទុយទៅវិញបែរជាមានមិត្ត និងអ្នកស្គាល់គ្នាមួយ ចំនួន មើលងាយរូបលោក ក្នុងន័យជាន់ពន្លិច ហើយបោះបង់រូបលោកចោលទាំងពាក់កណ្ដាលទី ទៀតផង។ ប៉ុន្តែដោយសារការមើលងាយលើរូបលោក ដែលជាមនុស្សពូកែចុះចាញ់ ស្ទើរគ្រប់រឿងបែបនេះ បានធ្វើឲ្យរូបលោកតស៊ូលែងខ្មាសបាប ជំនះគ្រប់បែបយ៉ាង ទោះគ្មានអ្វីក្នុងខ្លួន ដើម្បីឲ្យពួកគេមើលឃើញថា មនុស្សម្នាក់នេះ មានវាសនាទៅជាយ៉ាងណាហើយ។

តែទោះជាយ៉ាងណា លោក ឃីម រតនៈ បញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា លោកមិនបោះបង់វិស័យសិល្បៈទេ គឺលោកនិងប្រឹងតស៊ូបន្តទៀត ព្រោះជាជម្រើសចុងក្រោយ នៃឆាកជីវិតរបស់លោក។ ក្នុងឱកាសប្រឡូកនៅក្នុងវិស័យភាពយន្ត គឺបន្ទាប់ពីលោកបរាជ័យលើមុខជំនួញ រកស៊ី២លើកផ្ទួនៗគ្នាទាំងមុខរបរ បើកហាងកាត់សក់ និងហាងលក់សម្លៀកបំពាក់ ដែលត្រូវខាតទុនខ្ទង់ម៉ឺនដុល្លារ រហូតធ្លាក់ខ្លួនគ្មាន រថយន្តជិះដូចមុន។ លោកមិនខ្លាច និងការលាតត្រដាងពីឆាកជីវិតផ្ទាល់ខ្លួនទេ ព្រោះវាជាឧបសគ្គ ដែលលោកកំពុងជួបប្រទះ នាពេល បច្ចុប្បន្ន ហើយលោកត្រូវតែប្រឈមមុខដោះស្រាយ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង