(ភ្នំពេញ)៖ អតីតអ្នកថតរូបនៅគុកទួលស្លែង ហៅមន្ទីរសន្តិសុខស-២១ លោក ញ៉ែម អេន បានថ្លែងប្រាប់អង្គជំនុំជម្រះសាលាដំបូង របស់សាលាក្តីខ្មែរក្រហមថា អ្នកដែលមានឥទ្ធិពលក្នុងការចេញបញ្ជាឱ្យបោសសម្អាតខ្មាំងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺមាន មេដឹកនាំខ្មែរក្រហមចំនួនបីរូបគឺ ប៉ុល ពត នួន ជា និងសុន សេន តាម៉ុក ហើយខ្មាំងដែលត្រូវកម្ចាត់ គឺជាខ្មាំង ដែលជាទីភ្នាក់ងារសេ អ៊ីអា ទីភ្នាក់ងារកាហ្សេបេរបស់សូវៀត និងភ្នាក់ងារវៀតណាម និងកម្ចាត់ខ្មាំងបង្កប់ស៊ីរូងផ្ទៃក្នុង។

នៅអំឡុង នៃការផ្តល់សក្ខីកម្មនៅថ្ងៃទី២០ ខែមេសា លោក ញ៉ែម អេន បានបញ្ជាក់ថា មេដឹកនាំខាងលើនេះ បានរួមសហការគ្នាក្នុង ការគ្រប់គ្រងសន្តិសុខយ៉ាងជិតស្និទ្ធ។ ប៉ុន្តែលោកថា លោក ខៀវ សំផន មិនពាក់ព័ន្ធនឹងបញ្ហានេះទេ។

លោក ញ៉ែម អេន គឺជាសាក្សីថ្មីមួយរូបទៀត ដែលត្រូវបានកោះហៅមកផ្តល់សក្ខីកម្មទាក់ទងនឹងអង្គហេតុមន្ទីរសន្តិសុខស-២១ ចាប់ តាំងពីថ្ងៃទី១៩ ខែមេសា មក ហើយសក្ខីកម្មរបស់លោកនឹងត្រូវធ្វើបន្តនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។

ក្នុងបន្ទប់សវនាការរបស់សាលាក្តីខ្មែរក្រហម លោក ញ៉ែម អេន បានថ្លែងរៀបរាប់ពីតួនាទីរបស់ខ្លួនជាអ្នកថតរូបនៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ហើយលោកបានបញ្ជាក់ប្រាប់អង្គជំនុំជម្រះថា អ្នកដែលត្រូវកម្ទេចរួមមានកម្មាភិបាលជាន់ខ្ពស់មួយចំនួន ដែលចាប់ ខ្លួនពីតំបន់នានា ក្នុងប្រទេសកម្ពុជា ដែលគេសង្ស័យថា ជាខ្មាំងស៊ីរូងផ្ទៃក្នុង។ បើតាមសាក្សីចាប់តាំងពីឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ប៉ុល ពត តែងតែនិយាយពីការបោសសម្អាតខ្មាំងនៅតាមកិច្ចប្រជុំ និងបានផ្សាយតាមវិទ្យុផងដែរ។

លោក ញ៉ែម អេន បានថ្លែងថា នៅពេលដែលមានការបោសសម្អាតនៅតាមភូមិភាគផ្សេងៗ ខ្មែរក្រហម បានបញ្ជូនកម្មាភិបាលពីភូមិ ភាគនិរតី ដែលគ្រប់គ្រងដោយ តាម៉ុក ទៅជំនួសអ្នកដែលត្រូវបានគេចាប់ខ្លួន។

សាក្សី ញ៉ែម អេន បានលើកឡើងថា អ្នកធ្វើការចំនួន៥០% នៅក្នុងមន្ទីរសន្តិសុខស-២១ គឺជាអតីតកងទ័ព នៃកងពលលេខ៧០៣។ ចំនួនពាក់កណ្ដាលទៀត គឺកុមារដែលគេយកមកពីតំបន់៣១ ខេត្តកំពង់ឆ្នាំង និងពីតំបន់២៥ ក្នុងខេត្តតាកែវ និង ខេត្តកណ្ដាល។ បើ តាមសាក្សី ញ៉ែម អេន កងទ័ព នៃកងពលលេខ ៧០៣ ជាកងទ័ពរបស់គណៈមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា ដែលមានឥទ្ធិពលខ្លាំង។

លោកបានជម្រាបអង្គជំនុំជម្រះថា លោកមិនដែលធ្វើការក្នុងកងពល៧០៣ នេះទេ។ ប៉ុន្តែលោកអះអាងថា កុមារជាង ២០០០នាក់ ដែលគេយកមកពីតំបន់៣១ ខេត្តកំពង់ឆ្នាំង តំបន់២៥ ពីខេត្តកណ្ដាល និងខេត្តតាកែវ បានហាត់រៀនក្បួនយុទ្ធសាស្ត្រ កងទ័ពពីគ្រូ កងពល៧០៣ នៅក្រោយវត្តក្រពើហារ និងតាមដងស្ទឹងព្រែកត្នោត ក្រុងតាខ្មៅ ខេត្តកណ្ដាល។

អតីតអ្នកថតរូបនៅគុកទួលស្លែងរូបនេះបានអះអាងបញ្ជាក់ថា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យកងពល ៧០៣ គឺជាកងពលពិសេស មួយសម្រាប់ការពារថ្នាក់ដឹកនាំអង្គការ ដូចជាលោក សុន សេន នួន ជា និង ប៉ុល ពត។ កងព ៧០៣ ជាកងពលសម្រាប់សេនាធិការ នៅភ្នំពេញ ការពារសន្តិសុខជាតិ ហើយក៏ពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១ ដែរ។ ក៏ប៉ុន្តែលោក ញ៉ែម អេន ថ្លែងថា សមាជិកកងទ័ព ក្នុងកងពលនេះជាច្រើននាក់ ក៏ត្រូវបានគេសម្លាប់នៅមន្ទីរស-២១ ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី