(អាមេរិក)៖ ទីភ្នាក់ងារអវកាសណាសា (NASA) បានបាញ់បង្ហោះរ៉ុក្កែតចំនួនបីគ្រាប់ទៅកាន់លំហអាកាសនៅអឌ្ឍគោលខាងជើង ដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែមថាតើមានអ្វីកើតឡើងឲ្យប្រាកដ ចំពោះបរិយាកាសនៃប៉ូលខាងជើងនៅពេលដែលវាទង្គិចគ្នាជាមួយព្យុះព្រះអាទិត្យ (Solar Winds) ឬមួយក៏ធាតុដ៏មានឥទ្ធិពលដែលមកពីព្រះអាទិត្យ ទើបបង្កើតបានជាពន្លឺរស្មី០៧ពណ៌អូរ៉ូរ៉ា (Aurora or Northern Lights) ដ៏ស្អាតអស្ចារ្យបែបនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីគេហទំព័រវិទ្យាសាស្រ្ត Space នារសៀលថ្ងៃអង្ការ ទី០៧ ខែមីនា ឆ្នាំ២០១៧។

គ្រាប់រ៉ុក្កែតទាំងបីខាងលើនេះគឺជាក្រុមចុងក្រោយ នៅក្នុងចំណោមគ្រាប់រ៉ុក្កែត Black Brant IX សរុបចំនួនប្រាំគ្រាប់ដែលត្រូវបានបញ្ជូនទៅកាន់លំហអាកាស នៃអឌ្ឍគោលខាងជើង ចាប់តាំងពីខែមករាកន្លងទៅមក ហើយបេសកកម្មទាំងប្រាំនេះបាននាំយកឧបករណ៍ជាច្រើនប្រភេទខុសៗគ្នា សម្រាប់ការសិក្សារទៅលើផ្នែកផ្សេងៗនៃពន្លឺអូរ៉ូរ៉ា ដែលអាចផ្ទុកនូវតំរុយអំពីដែនម៉ាញេទិចរបស់ផែនដី។

ដោយឡែកមកទល់ពេលនេះក្រុមការងារនៃបេសកម្មនេះបានរាយការណ៍ឲ្យដឹងថា ឧបករណ៍របស់ពួកគេបានប្រមូល និងបញ្ជូនទិន្នន័យដោយជោគជ័យតាមការគ្រោងទុក ហើយពួកគេកំពុងរៀបចំធ្វើការដើម្បីពិនិត្យមើលទៅលើទិន្នន័យទាំងនោះ ជាមួយគោលដៅដើម្បីលាតត្រដាងពីអាថ៌កំបាំងមួយចំនួនរបស់បាតុភូតដ៏ស្រស់ស្អាតនេះនៅផ្ទៃមេឃនៃភាគខាងជើងនៃភពរបស់យើង។

គួរបញ្ជាក់ដែរពន្លឺរស្មី០៧ពណ៌អូរ៉ូរ៉ាមិនមែនមានតែនៅប៉ូលខាងជើងប៉ុណ្ណោះទេ វាក៏មានវត្តមាននៅប៉ូលខាងត្បូងដែលគេហៅថា Southern Lights ផងដែរ៕