(កំពង់ឆ្នាំង)៖ ជនសង្ស័យចំនួន២នាក់ ជាប់ពាក់ព័ន្ធករណីបង្កអំពើហិង្សា វាយមេការជនជាតិចិន បណ្តាលឲ្យរងរបួស កាលពីថ្ងៃ០៣ ខែមករា ឆ្នាំ២០១៥ រួចហើយគេចខ្លួននោះ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង តាមស្វែងរកចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥នេះ ហើយបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកំពង់ឆ្នាំង លោក ពេជ រី បានឲ្យដឹងថា ក្រោយពី មានករណីអំពើហិង្សា ខាងលើនេះកើតឡើង ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្ត រួមនិងលោកស្នងការរងទទួលផែន លោកបានដឹកនាំកម្លាំង តាមស្វែងរកចាប់ខ្លួនជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់ បានហើយនៅថ្ងៃទី៥ ខែមករានេះ។

ជនសង្ស័យទី១ឈ្មោះ មោះ ឆាន ធា អាយុ២៩ឆ្នាំ មុខរបរ កម្មករសំណង់រោងចក្រជីនយី មានទីកន្លែងកំណើត ភូមិកោះចេក ឃុំកោះចេក ស្រុកពាមរ ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិស្នាយ ឃុំតាជេស ត្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងទី ២-ឈ្មោះ ឈ្មោះ តង រី អាយុ៣៣ឆ្នាំ រស់នៅភូមិស្ពានពោធិ ឃុំតាជេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ជាកម្មករសំណង់រោងចក្រជីនយី។

ដោយឡែកជនរងគ្រោះជាជនជាតិចិន ទាំង២នាក់ រួមមានទី ១-ឈ្មោះ ប៉ឹង ជានហុង អាយុ៦៣ឆ្នាំ និង២-ឈ្មោះ ហ័ង មីញឈិន ភេទប្រុស អាយុ៣២ឆ្នាំ ទាំងពីរនាក់ជាមេការគ្រប់គ្រង រោងចក្រ ជីនយី។

ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ដើមចមដែលនាំឲ្យមានអំពើហិង្សា ដោយសារមេការឈ្មោះ ប៉ឹង ជានហុង បានប្រមាថមកលើខ្លួន ពេលនោះរូបគេក៏ស្ទុះទៅចាប់ដៃ ហើយឈ្មោះ តង រី ឃើញដូច្នេះក៏រត់ទៅព្រួតវាយតែម្តង ខណៈពេលនោះជនជាតិចិនម្នាក់ទៀតឈ្មោះ ហ័ង មីញឈិន ចូលមកដល់ពួកគេ បានព្រួតវាយតែម្តង រហូតរងរបួសធ្ងន់។

ក្រោយចាប់ខ្លួនជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជួនទៅសាលាដំបូងខេត្ត តាមនិតិវិធីច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី