ភ្នំពេញៈ នាយនគរបាលស្តីទីប៉ុស្តិ៍ចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបានគេរាយការណ៍ថា ត្រូវប្រពន្ធចុងរបស់ខ្លួន ចាក់ជាច្រើនកាំបិតចំពោះ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវ បានគេដឹកយកទៅកាន់ មន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង៨ និង២០នាទី យប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤នេះ ក្រោយពីជនរងគ្រោះនិងស្ត្រីម្នាក់ ដែលជាប្រពន្ធ ចុងនោះមានទំនាស់ពាក្យសំដីជាមួយគ្នា ។

សេចក្តីរាយការណ៍ពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា លោកបូរិន ដែលជានាយនគរបាលស្តីទី ប៉ុស្តិ៍ចាក់អង្រែលើ ត្រូវបានស្ត្រីម្នាក់ ដែលជាស្រីស្នេហ៍ ឬ ជាប្រពន្ធចុងរបស់ខ្លួន បានទាញកាំបិតចាក់ ចំពោះជាច្រើនកាំបិត ក្រោយពីឈ្លោះជាមួយជនរងគ្រោះបណ្តាលឲ្យធ្លាយពោះវៀន បង្កឲ្យមានការភ្ញាក់ផ្អើល ហើយត្រូវបានគេដឹកបញ្ជូនយកទៅ សង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ ដោយឡែក ជនដៃដល់ដែលជាប្រពន្ធចុង ក្រោយពីបានធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន ស្នងការនគរបាលរាជធានីភ្នំពេញ និងស្នងការរងលោក ឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាឲ្យ តាមចាប់ជនដៃដល់ ជាស្ត្រីរូបនេះយកមកផ្តន្ទាទោសតាមច្បាប់។ យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹកពីមូលហេតុដែលបង្កឲ្យមានអំពើហិង្សានេះ នៅឡើយទេ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល