ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការបរទេស កម្ពុជា លោក កុយ គួង បានថ្លែងថា រថយន្តដែលដឹកពលករ ត្រឡប់មកខ្មែរ បានក្រឡាប់ផ្ងារជើងឡើង លើបណ្តាលឲ្យពលករខ្មែរ៦នាក់ និងអ្នកបើកបរជាជនជាតិថៃ បានស្លាប់ម្នាក់ផងដែរ ដែលសរុបទាំងអស់៧នាក់ និងមានអ្នករងរបួស១៣នាក់។

លោក លោក កុយ គួង បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ថា ករណីនេះបានកើតឡើង នៅយប់ថ្ងៃទី១៤ មិថុនា នៅត្រង់ចំណុច គីឡូម៉ែត្រលេខ៣ ស្រុក ខាវសារ៉ាខាម ខេត្តឆាក់ឈើងសៅ ខាងត្បូងទីក្រុងបាងកក ក្នុងនោះអ្នកស្លាប់ជាជនជាតិខ្មែរមានស្រ្តី៥ និង បុរសម្នាក់។

លោកបន្តថា ចំណែកអ្នករងរបួសត្រូវបានបញ្ជូន ទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ស្រុកខាវសារ៉ាខាម។
លោកបានបញ្ជាក់ថា «អគ្គកុងស៊ុលយើងបានទៅដល់មន្ទីរពេទ្យ មើលថែទាំគាត់ និងបានទាក់ទងទៅសាច់ញ្ញាតិ ក្រុមគ្រួសារបានជាបណ្តើរៗហើយ»។

មន្រ្តីនគរបាល ព្រំដែន ខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា រថយន្ដដឹកពលករខ្មែរ បញ្ជូនមកកម្ពុជា ហើយត្រូវបានក្រឡាប់ នៅខេត្តឆាក់ឆឺងសៅ ប្រទេសថៃ បណ្ដាលឲ្យ ស្លាប់ពលរដ្ឋខ្មែរ ចំនួន៦នាក់ ក្នុងនោះ ស្លាប់អ្នកបើកបរ ជនជាតិថៃម្នាក់ផងដែរ និងរងរបួសធ្ងន់ស្រាល ចំនួន១៦ នាក់ ។

មន្រ្តីនគរបាលខាងលើ បានបន្តទៀតថា អ្នករងរបួសបាន បញ្ជូនមកដល់រង្វង់មូល ច្រកទ្វារព្រំដែនកម្ពុជា វេលាម៉ោង១០៖៥០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ ហើយអាជ្ញាធរ និងសមត្ថកិច្ច ធ្វើការសង្គ្រោះ និងដឹកជញ្ជូនបន្តទៅ កាន់មន្ទីរពេទ្យ មិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ចំណែកសពពលករ សមត្ថកិច្ច និងអាជ្ញាធរ មិនទាន់បញ្ជូនមកដល់ទេនៅរសៀលថ្ងៃដដែលនេះ។

ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតទាំងនោះ ១. ឈ្មោះ ជេស រ៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅខេត្តកំពង់ចាម, ២. ឈ្មោះ វន ឆា ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅខេត្តកំពង់ចាម, ៣. ឈ្មោះ សួន ហួ ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅខេត្តកំពង់ចាម, ៤. ឈ្មោះ លី វ៉ាន់នី ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅខេត្តកំពង់ចាម និងទី៥. ឈ្មោះ ចាន់ ណ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅខេត្តបន្ទាយមានជ័យ។

បើយោងតាមមន្រ្តីសាលាខេត្តកំពង់ចាម ក៏បានឲ្យដឹងផងដែរថា សព្វជនរងគ្រោះ ត្រូវបានអភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ បញ្ជាទៅខាងមន្ទីរសុខាភិបាលខេត្ត រៀបចំរថយន្តចេញទៅទទួលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត រួចរាល់ហើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល