ភ្នំពេញ៖ សមត្ថកិច្ចក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៤នេះ បានបញ្ជូនស្រីស្អាតវ័យក្មេងមួយរូប ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្នុងបទឆបោកទឹកប្រាក់ ២ម៉ឺនដុល្លារ និងបានគេចវេស មិនព្រមសងជាច្រើនលើកច្រើនសារ។

ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា ស្រីជើងឆើតពូកែឆបោកនេះ ឈ្មោះ ព្រំ ស្រីនិច្ច អាយុ២៤ ឆ្នាំ ស្នាក់នៅអសយដ្ឋាន ផ្ទះលេខ ៤២E0 ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាន់អត្តសញ្ញាណប័ណ្ណលេខ 010601309 បានខ្ចីប្រាក់ពីជនរងគ្រោះ ឈ្មោះ ឈាន រតនា ភេទប្រុសអាយុ ៣២ឆ្នាំ។

ក្នុងលិខិតខ្ចីប្រាក់ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១២ ដែលជនសង្ស័យ និងជនរងគ្រោះ ធ្វើកិច្ចសន្យានោះ មានទឹកប្រាក់ ២ម៉ឺនដុល្លារ ដើម្បីយកឱ្យម្តាយជនសង្ស័យ ទៅសាងសង់ផ្សារបន្តទៀត នៅខេត្តបាត់ដំបង។ ជនសង្ស័យសន្យាថា នឹងសងនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៣។
យ៉ាងណាក៏ដោយ ជនរងគ្រោះ លោក ឈាន រតនា បានឱ្យដឹងថា ជនសង្ស័យ បានព្យាយាមគេចវេស មិនព្រមសងជាច្រើនលើកច្រើនសារ និងប្តូរលេខទូរស័ព្ទជាច្រើនៗ ដែលជនរងគ្រោះ ពិបាកក្នុងការទំនាក់ទំនង។

យ៉ាងណាក៏ដោយ សង្ស័យរូបស្រស់នេះ ត្រូវអស់លក្ខណ៍ក្រោមតាមការ ស៊ើបអង្កេតនិងប្រមាញ់ពី សំណាក់មន្រ្តីអនុវត្តច្បាប់ និងត្រូវបានឃាត់ខ្លួន នៅហាងកាហ្វេកូស្តា ខណ្ឌចំការមនរាជធានីភ្នំពេញ កាលពីវេលាម៉ោង ៣៖៣០នាទីល្ងាច ថ្ងៃសុក្រ ទី ១៩ ខែមិថុនា ឆ្នាំ២០១៤។ ជនសង្ស័យ ព្រំ ស្រីនិច្ច ត្រូវគេរាយការណ៍ថា ធ្លាប់ត្រូវបានតុលាការឃុំខ្លួន បណ្តោះអាសន្នផងដែរ ពាក់ព័ន្ធសំណុំរឿងខ្ចីប្រាក់ជាង ១០ម៉ឺនដុល្លារផងដែរ ប៉ុន្តែជនសង្ស័យ នៅតែមិនរាងចាលនោះឡើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល