ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សម្នាក់ប្រចាំការនៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន ខេត្តកំពង់ធំ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបានកាប់ជាច្រើនកាំបិត ត្រូវចំក្បាល កញ្ចឹងក និងកដៃ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ពេលកំពុងចុះបំពេញការងារការពារបរិស្ថាននិងធនធានធម្មជាតិ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអង្គារ ខណៈដែលមន្ត្រីឧទ្យានុរក្សចំនួន៥នាក់ បានចុះល្បាតនៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន នៅចំណុចអូរដើមថ្កូវ ឃុំក្រយា ស្រុកសន្ទុក។

លោកបន្តថា ពេលចុះល្បាតនោះ មន្ត្រីឧទ្យានុរក្សបានប្រទះឃើញជនល្មើសចំនួន២នាក់ កំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសកាប់ឆ្ការព្រៃទន្ទ្រានយកដី ហើយពេលនោះក្រុមមន្ត្រីឧទ្យានុរក្សបានព្យាយាមដេញចាប់ជនល្មើស ប៉ុន្តែជាអកុសលត្រូវបានជនល្មើសតដៃកាប់ត្រូវមន្ត្រីម្នាក់ជាច្រើនកាំបិត ខណៈដែលមន្ត្រី៤នាក់ទៀតមិនមានរងរបួសអ្វីឡើយ។

លោកបន្តថា៖ «ពេលឃើញសកម្មភាពល្មើសនោះ ក្រុមមន្ត្រីឧទ្យានុរក្សក៏បានដេញចាប់ជនល្មើស តែបានទាក់ជើងដួលហើយត្រូវជនល្មើសតដៃ ហើយយកកាំបិតផ្គាក់កាប់ត្រូវកម្លាំងមន្ត្រីឧទ្យានុរក្សម្នាក់ឈ្មោះ ចក់ សុជាតិ អាយុ៣០ឆ្នាំ ត្រូវចំនួន៥កាំបិត ចំត្រង់ក្បាល កញ្ចឹងក និងកដៃ បណ្តាលឲ្យរងរបួសធ្ងន់»។

លោកបានបន្ថែមថា៖ «ស្ថានភាពជនរងគ្រោះបច្ចុប្បន្ន កំពុងស្ថិតនៅក្រោមការតាមដានរបស់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់ពីបានវះកាត់ និងដេរស្នាមរបួសរួចមក»។

ករណីនេះ លោកនេត្រ ភក្ត្រា បានបង្ហាញការសោកស្តាយ និងបានថ្កោលទោសចំពោះអំពើអមនុស្សធម៌របស់ក្រុមជនល្មើស ដែលប្រឆាំងនឹងក្រុមអ្នកការពារ និងអភិរក្សធនធានធម្មជាតិ អំឡុងពេលពួកគាត់ចុះបំពេញបេសកកម្មក្នុងបុព្វហេតុការពារបរិស្ថាន និងធនធានធម្មជាតិនោះ។ លោកបន្តថា បច្ចុប្បន្ន មន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលជាតំណាងឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹងទៅតុលាការរួចហើយ។

ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល បានមានប្រសាសន៍ថា សមត្ថកិច្ចបាននិងកំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកជនដៃដល់ដែលកាប់មន្ត្រីឧទ្យានុរក្សនោះ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។ លោកថា៖ «យើងនៅមិនទាន់រកឃើញជនល្មើសនៅឡើយទេ តែសមត្ថកិច្ចយើងកំពុងខិតខំស្រាវជ្រាវរក»។

គួរបញ្ជាក់ថា លោកចក់ សុជាតិ គឺជាមន្ត្រីឧទ្យានុរក្សទី២ហើយ ដែលត្រូវបានរងរបួសដោយសារការតដៃរបស់ជនល្មើសក្នុងបទល្មើសធនធានធម្មជាតិ គិតចាប់តាំងពីដើមឆ្នាំនេះ។ កាលពីចុងខែមករា មន្ត្រីឧទ្យានុរក្សម្នាក់ឈ្មោះ ចេង ចាន់ធី ត្រូវបានក្រុមព្រានព្រៃប្រដាប់ដោយកាំភ្លើង បាញ់ប្រហារទៅលើរូបគាត់បណ្តាលឲ្យរងរបួសចំភ្លៅ អំឡុងពេលចុះបង្ក្រាបបទល្មើសសត្វព្រៃក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។

បើតាមលោកនេត្រ ភក្ត្រា បច្ចុប្បន្ន ក្រសួងបរិស្ថានមានមន្ត្រីឧទ្យានុរក្សចំនួន ១២២១នាក់ កំពុងការពារ និងអភិរក្សតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះចំនួនជិត៦០ នៅទូទាំងប្រទេស លើផ្ទៃដីទំហំប្រមាណ ៧,៥លានហិកតា៕

ប្រភព ៖ khmertimes