(បន្ទាយមានជ័យ)៖ ស្របពេលដែលស្នងការរង និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់សំណើរទៅកាន់ព្រះមហាក្សត្រឲ្យចូលនិវត្តន៍ ក្នុងចំណោមមន្រ្តីនគរបាលជាតិ៤៩នាក់នោះ ស្រាប់តែមានអ្នករត់ការ៣ទៅ៤នាក់ ខ្វេចខ្វាចបាត់ទៅហើយ ខណ:អ្នកកាន់តំណែងនេះ មិនទាន់ចេញផង។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលខេត្តបន្ទាយមានជ័យ បានលួចបង្ហើបដល់អង្គភាព Fresh News ឲ្យជួយទម្លាយដល់ថ្នាក់លើផងថា មានមន្រ្តីនគរបាលមួយចំនួន សុទ្ធតែមានមុខតំណែង នាពេលបច្ចុប្បន្ន នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រាងគ្រាក់ៗដែរនោះ បាននិងកំពុងប្រជែងយកតំណែងមួយនេះ នៅពេលអ្នកកាន់ចាស់ត្រូវបានប្រកាសឲ្យចូលនិវត្តន៍នោះ។

ប៉ុន្តែសម្រាប់ក្រុមមន្រ្តីនគរបាលមួយចំនួនដែលដឹងពីសមាសភាពអ្នក ដែលចង់បានតំណែងមួយនេះ គឺមិនជំទាស់នោះឡើយសម្រាប់បន្តវេណ ពីព្រោះត្រូវតែមានហើយ ក៏ប៉ុន្តែសូមឲ្យថ្នាក់លើ ជាពិសេសរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ជួយជ្រើសរើសបុគ្គលណាដែលជាមនុស្សស្អាតស្អំ ពូកែធ្វើការ និងមានប្រវត្តិល្អ នៃការងាររបស់ខ្លួន ។

ហេតុតែមានការលើកឡើងបែបនេះ ក៏ព្រោះតែ ក្នុងសមាសភាព នៃអ្នកកំពុងរត់ការតូយកតំណែង ជាស្នងការរង ទទួលផែនសណ្តាប់ធ្នាប់មួយនេះ មានប្រវត្តិការងារមិនល្អ ពោលធ្លាប់មានឈ្មោះ នៅក្នុងបញ្ជីរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងធ្លាប់កាង នៃការរកសីុបទល្មើសមួយចំនួន នាពេលអតីតកាលផងដែរ ។

មន្រ្តីនគរបាលជើងក្រោមខ្លះ បានបន្តលើកឡើងថា «បើសិនថ្នាក់លើ ជ្រើសរើសបុគ្គលដែលមិនល្អ និងអសមត្ថភាពការងារនោះ នឹងធ្វើឲ្យមានការថ្នាំងថ្នាក់ ហើយការធ្វើការមិនសីុចង្វាក់គ្នា ក្នុងអង្គភាពទៀតផង និងអាចនាំរឿងដល់ថ្នាក់លើជាក់ជាមិនខាន»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៦ មន្រ្តីនគរបាលជាតិចំនួន៤៩នាក់ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើទៅកាន់ព្រះមហាក្សត្រ ដាក់ឲ្យចូលនិវត្តន៍ ដែលក្នុងចំណោមនោះ មានស្នងការរង២នាក់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏មានឈ្មោះផងដែរ ដែលម្នាក់ជាស្នងការរងទទួលផែនកណ្តាលសណ្តាប់ធ្នាប់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី