(វ៉ាស៊ីនតោន)៖ នាពេលថ្មីៗនេះបញ្ហាបំណុលកម្ពុជា ដែលជំពាក់អាមេរិកក្នុងអំឡុងឆ្នាំ១៩៧០ ដែលបច្ចុប្បន្នកំពុងក្លាយ ជាប្រធានបទដ៏ក្តៅមួយសម្រាប់កម្ពុជា។ ប៉ុន្តែកុំភ្លេចថា អាមេរិកធ្លាប់មានប្រវត្តិ ទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា ដែលបណ្តាលឱ្យបាត់បង់ជីវិត ប្រជាពលរដ្ឋស៊ីវិលជាង ៥០ម៉ឺននាក់ ក្រោមស្នាដៃរបស់អតីតប្រធានាធិបតី Richard Nixon។ ខាងក្រោមនេះជាព័ត៌មានលម្អិត របស់អតីតប្រធានាធិបតីអាមេរិក ដែលបន្សល់ទុកស្លាកស្នាមអាក្រក់ ក្នុងទំនាក់ទំនងកម្ពុជា អាមេរិក៖

* ឈ្មោះពេញ៖ Richard Milhouse Nixon
* ប្រធានាធិបតីអាមេរិកទី៣៧៖ ពីថ្ងៃទី២០ មករា ១៩៦៩ដល់ថ្ងៃទី០៩សីហា ១៩៧៤
* អនុប្រធានាធិបតីអាមេរិកទី៣៦៖ ពីថ្ងៃទី២០មករា ១៩៥៣ដល់ ថ្ងៃទី២០មករា ១៩៦១
* សមាជិកសភាដំណាងរដ្ឋ Califonia៖ ពីថ្ងៃទី០៣មករាដល់ ថ្ងៃទី០១ធ្នូ ឆ្នាំ១៩៥០
* កើតនៅ៖ រដ្ឋ California ថ្ងៃទី០៩ខែ មករា ១៩១៣
* ស្លាប់៖ ថ្ងៃទី២២ ខែមេសា ១៩៩៤ ដោយសារជំងឺដាច់សសៃឈាមក្នុងខួរក្បាល និងហើមខួរក្បាល
* បក្សនយោបាយ៖ សាធារណរដ្ឋ
* ភរិយា៖ លោកស្រី Pat Ryan (រៀបអាពាហ៌ពិពាហ៌ ឆ្នាំ១៩៤០ លែងលះ ឆ្នាំ១៩៩៣)
* កូន៖ មានពីរនាក់គឺ Patricia និង Julie
* សិក្សានៅ៖ សាលា Whittier Colloge និងសកលវិទ្យាល័យ Duke

Richard Milhouse Nixon កើតនៅថ្ងៃតី០៩ ខែមករា ឆ្នាំ១៩១៣ ក្នុងលំនៅដ្ឋានដែលឪពុករបស់លោក បានកសាងដោយផ្ទាល់។ ម្តាយមានឈ្មោះថា Hannah Nixon ចំណែកឪពុកមានឈ្មោះថា Francis A.Nixon។ ដោយសារឪពុកម្តាយរបស់លោក សុទ្ធតែជាអ្នកកាន់សាសនាគ្រឹស្តបែប Quaker ដែលមានទស្សនៈប្រឆាំង ចំពោះអំពើហិង្សា និងសង្គ្រាមជាដើម ហេតុនេះលោកត្រូវបានចិញ្ចឹមបីបាច់ ដោយអប់រំឱ្យចៀសឆ្ងាយពីគ្រឿងស្រវឹង ការរាំរែក និងអំពើមិនគប្បីជាដើម។ លោក Nixon មានបងប្អូនប្រុស ៤នាក់ ដែលសុទ្ធតែដាក់ឈ្មោះតាមស្តេច ដែលធ្លាប់ជាថ្នាក់ដឹកនាំក្នុងអតីតកាល ឬតាមរឿងព្រេងនិទានអង់គ្លេសជាដើម។

* ការងារ
បន្ទាប់ពីបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Duke យុវជន Nixon មានបំណងចង់ធ្វើការ នៅភ្នាក់ងារស៊ើបអង្កេត FBI។ យ៉ាងនេះក្តី លោកមិនត្រូវបានគេឆ្លើយតបឡើយ រហូតដល់រយៈពេល ១ឆ្នាំ ក្រោយមក ទើបលោកអាចធ្វើការនៅទីនោះបាន។ ប៉ុន្តែដំណែងរបស់លោកត្រូវបាន លុបចោលវិញក្នុងពេលដ៏ខ្លី ដោយសារការកាត់បន្ថយកញ្ចប់ថវិកា។ ផ្ទុយទៅវិញ លោកបានត្រឡប់ទៅកាន់រដ្ឋ California និងចូលធ្វើការនៅទីនោះ ក្នុងឆ្នាំ១៩៣៧ លើផ្នែកច្បាប់។

ក្នុងរយៈពេលជាច្រើនឆ្នាំក្រោយមក បន្ទាប់ពីការកាន់ដំណែងជាប្រធានាធិបតី លោកធ្លាប់បង្ហាញមោទនភាពថា លោកជាប្រធានាធិបតីតែមួយគត់ ដែលមានប្រវត្តិធ្លាប់ធ្វើជាមេធាវី។ តែក្នុងអាជីពជាមេធាវី លោកមានភាពរារែកក្នុងការធ្វើការ ទៅលើករណីលែងលះគ្នា មូលហេតុមួយគឺលោកមិនចូលចិត្តនិយាយ ដោយត្រង់ៗពីបញ្ហាផ្លូវភេទ ជាមួយស្ត្រីឡើយ។ រហូតដល់ឆ្នាំ១៩៣៨ លោកបានបើកសាខាមេធាវីដោយខ្លួនឯង នៅក្នុងរដ្ឋ California។

* ដំណែងជាប្រធានាធិបតី (១៩៦៩-១៩៧៤)៖
លោក Nixon ត្រូវបានតែងតាំងជាប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៦៩ ចំណែកអ្នកដឹកនាំលោក ដើម្បីស្បថឡើងកាន់ដំណែង គឺជាគូសត្រូវរបស់លោកផ្ទាល់ គឺប្រធានក្រសួងយុត្តិធម៌ លោក Earl Warren។ លោកទទួលបានកិត្តិយសជាខ្លាំង ក្នុងនាមជាអ្នកបង្កើតសន្តិភាព និងការបង្រួបបង្រួមជាតិ។

* សង្គ្រាមនៅវៀតណាម៖
សង្គ្រាមនៅវៀតណាម ជាបទពិសោធន៍មួយដ៏កម្រ សម្រាប់សហរដ្ឋអាមេរិក ដោយសារខ្លួនបានចាញ់សង្គ្រាមនៅទីនោះ។ ខណៈដែលលោក Nixon កាន់អំណាច យោធាអាមេរិកប្រមាណ ៣០០នាក់ បានស្លាប់ ជារៀងរាល់សប្តាហ៍ៗ នៅវៀតណាម ហើយសង្គ្រាមនេះបានបង្កឱ្យសហរដ្ឋអាមេរិក ទាំងមូល បាត់បង់ជំនឿចិត្តទៅលើលោក ដោយពួកគេបានធ្វើបាតុកម្មប្រឆាំងនឹងសង្គ្រាម ដែលចេះតែអូសបន្លាយរហូត។

លោក Nixon បានចេញសេចក្តីសម្រេចទៅលើយុទ្ធនាការទម្លាក់គ្រាប់បែក នៅវៀតណាមខាងជើង និងដែនដីរបស់កម្ពុជា ក្នុងខែមីនា ឆ្នាំ១៩៦៩។ នៅពាក់កណ្តាល ឆ្នាំ១៩៦៩ លោក Nixon បានចាប់ផ្តើមកិច្ចប្រឹងប្រែង ដើម្បីធ្វើកិច្ចចរចាសន្តិភាព ជាមួយនឹងវៀតណាមខាងជើង ដោយបញ្ជូនសារឯកជន ទៅកាន់មេដឹកនាំវៀតណាមខាងជើង ហើយកិច្ចចរចាសន្តិភាព បានចាប់ផ្តើមឡើងនៅទីក្រុងប៉ារីស។

យ៉ាងនេះក្តី កិច្ចចរចាដំបូងឡើយ មិនទទួលបានលទ្ធផល ឈានទៅរកកិច្ចព្រមព្រៀងឡើយ។ ក្នុងខែឧសភា ឆ្នាំ១៩៦៩ លោកបានស្នើដកទ័ពអាមេរិកទាំងអស់ ពីវៀតណាមខាងត្បូង ដោយស្នើវៀតណាមខាងជើង ធ្វើបែបនេះដូចគ្នា ចំណែកវៀតណាមខាងត្បូង នឹងរៀបចំការបោះឆ្នោត ដោយមានការត្រួតពិនិត្យ ពីសំណាក់អន្តរជាតិ ដោយមានការចូលរួមពីសំណាក់ពួកវៀតកុង។

ក្នុងខែកក្កដា ឆ្នាំ១៩៦៩ លោក Nixon បានធ្វើទស្សនកិច្ចនៅវៀតណាមខាងត្បូង ដោយលោកបានជួបជាមួយ មេបញ្ជាការយោធាអាមេរិក និងប្រធានាធិបតីវៀតណាម លោក Nguyen Van Thieu។ ដោយការប្រឈមមុខនឹង ការធ្វើបាតុកម្មនៅអាមេរិក ទាមទារឱ្យដកទ័បជាបន្ទាន់នោះ លោកបានដាក់ចេញភ្លាមៗនូវយុទ្ធសាស្ត្រ ដើម្បីជំនួសយោធាអាមេរិក ដោយយោធាវៀតណាម ដែលត្រូវបានគេស្គាល់ថា «វៀតណាមនីយកម្ម»។

មិនយូរប៉ុន្មាន លោកបានឈ្លានពានប្រទេសឡាវ ដោយចោទថា ឡាវបានលូកដៃក្នុងកិច្ចការរឿង ហូជីម៉ិញ និងការជួយផ្គត់ផ្គង់ដល់ កងទ័ពវៀតណាមខាងជើង ដែលធ្វើដំណើរឆ្លងកាត់ប្រទេសឡាវ និងកម្ពុជា។ ជាមួយគ្នានេះដែរ លោកបានប្រកាសជាសាធារណ ដល់ប្រជាពលរដ្ឋអាមេរិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧០ ពីការបញ្ជូនទ័ពមកឈ្លានពានកម្ពុជា។

តាមការសន្និដ្ឋានបានឱ្យដឹងថា មនុស្សប្រមាណពី ៥០,០០០ ទៅ ១៥០,០០០នាក់ បានស្លាប់ ក្នុងពេលដែលអាមេរិកទម្លាក់គ្រាប់បែក នៅរវាងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣។

ទីបំផុត យោធាអាមេរិកបានបន្តដកទ័ពបន្តិចៗ ការធ្វើកំណែនទ័ពបានថយចុះបន្តិចៗ ហើយគ្មានតែម្តងនៅក្នុងឆ្នាំ១៩៧៣ កងកម្លាំងប្រដាប់អាវុធក្លាយ ជាក្រុមអ្នកស្ម័គ្រចិត្ត។ ក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីសង្គ្រាមនេះបានបញ្ចប់ទៅ កិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ត្រូវបានចាប់ផ្តើមចុះហត្ថលេខា នៅដើមឆ្នាំ១៩៧៣។ កិច្ចព្រមព្រៀងនេះ បានដាក់ចេញនូវបទឈប់បាញ់ និងអនុញ្ញាតឱ្យយោធាអាមេរិក ដែលនៅសេសសល់ ទាំងអស់ដកចេញ។ យ៉ាងនេះក្តី កិច្ចព្រមព្រៀងនេះមិនបានតម្រូវឱ្យ យោធាវៀតណាមខាងជើង ១៦០,០០០នាក់ ដែលត្រូវបានដាក់ពង្រាយនៅភាគខាងត្បូង ត្រូវបានដកខ្លួនទៅវិញឡើយ។ ទីបំផុតវៀតណាមខាងជើង បានយកឈ្នះទៅលើវៀតណាមខាងត្បូង ក្នុងឆ្នាំ១៩៧៥។

* ការលាលែងពីដំណែង៖
បន្ទាប់ពីមានរឿងអាស្រូវនយោបាយ Watergate ដែលបង្កឡើងដោយក្រុមមន្ត្រីរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោក Nixon ធ្វើឱ្យលោកបាត់បង់ការ គាំទ្រផ្នែកនយោបាយ។ ដោយដឹងច្បាស់ថា លោកប្រាកដជាទទួលរងការចោទប្រកាន់ និងបណ្តេញចេញនោះ លោក Nixon បានសម្រេចចិត្តលាលែងពីដំណែង ជាប្រធានាធិបតីនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៧៤។ លោកបានលើកឡើងថា ការលាលែងដំណែង ដើម្បីភាពល្អប្រសើរ និងស្នើឱ្យប្រជាជាតិ ទាំងមូលគាំទ្រប្រធានាធិបតី បន្ទាប់ពីលោក គឺលោក Ford។

បើទោះបីជាលោកបានប្រព្រឹត្តខុស ប៉ុន្តែលោកទទួលបានការតបគាំទ្រជាច្រើន ពីសាធារណៈជន លើកលែងតែលោក Roger Mudd របស់សារព័ត៌មាន CBS ដែលបានលើកឡើងថា លោក Nixon មិនបានសារភាពទទួលស្គាល់ កំហុសរបស់ខ្លួនឡើយ។

* មរណភាព៖
លោក Nixon ធ្លាក់ខ្លួនឈឺដោយសារជំងឺដាច់សរសៃឈាមធ្ងន់ធ្ងរ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៩៤ ខណៈដែលកំពុងត្រៀម បរិភោគអាហារពេលល្ងាច ក្នុងលំនៅដ្ឋានមួយនៅរដ្ឋ New Jersey។ ទីបំផុតលោកបានស្លាប់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩៤ ក្នុងវ័យ ៨១ឆ្នាំ ដោយមានតែវត្តមាន កូនស្រីម្នាក់គត់នៅក្បែរលោក នៅដង្ហើមចុងក្រោយ របស់អតីតប្រធានាធិបតីរូបនេះ៕

បកប្រែ និងសម្រួលដោយ៖ អ៉ឹត ចណ្ណា

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង