(ប៊ែរឡាំង)៖ ប៉ូលិសអាល្លឺម៉ង់បានសន្យាផ្ដល់ប្រាក់រង្វាន់ ១០០,០០០អឺរ៉ូ (១០៤,២៦០ដុល្លារអាមេរិក) ដល់ជនណាក៏ដោយ ដែលអាចផ្ដល់ព័តមានទាំងឡាយណា ដែលឈានដល់ការចាប់ខ្លួនជនសង្ស័យទុយនីស៊ីម្នាក់អាយុ ២៤ឆ្នាំ ដែលជាអ្នកបើកបររថយន្ដកាមីញ៉ុងបំបុកហ្វូងមនុស្សបណ្តាលឲ្យស្លាប់ ១២នាក់និងរបួស ៤៨នាក់នៅឯផ្សារណូអ៊ែលក្នុងទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី១៩ ខែធ្នូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ បានបញ្ជាក់ថា ជនសង្ស័យខាងលើមានឈ្មោះថា Anis AMRI អាយុ ២២ឆ្នាំជាជនជាតិទុយនីស៊ី មានកម្ពស់ ១៧៨សង់ទីម៉ែត្រ ទម្ងន់៧៥គីឡូ និងមានសក់ពណ៌ខ្មៅព្រមទាំងភ្នែកពណ៌ត្នោត ដូចគ្នាទៅនឹងរូបថតដែលប៉ូលិសបានបញ្ចេញ។

ដោយឡែកបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ឪពុករបស់ជនឈ្មោះ Anis AMRI បាននិយាយនៅក្នុងវិទ្យុទុយនីស៊ីថា Anis បានចាកចេញពីទុយនីស៊ីកាលពី ០៧ឆ្នាំមុនក្នុងនាមជាជនអន្តោប្រវេសន៍ខុសច្បាប់ និងធ្លាប់ជាប់ឃុំក្នុងពន្ធនាគារនៅអ៊ីតាលី ជាទីដែលរូបគេត្រូវបានចោទប្រកាន់ពីបទដុតសាលារៀនមួយកន្លែង ហើយមិនតែប៉ុណ្ណោះ Anis ក៏ធ្លាប់បានត្រូវគេចោទប្រកាន់ផងដែរថា បានចូលរួមនៅក្នុងអំពើប្លន់នៅប្រទេសទុយនីស៊ី។

គួរបញ្ជាក់ថា ក្រោយអាជ្ញាធរអាល្លឺម៉ង់ដោះលែងជនសង្ស័យម្នាក់ផ្សេងទៀតក្រុម ISIS បានចេញមុខទទួល ខុសត្រូវលើការវាយប្រហារ ភេរវកម្មក្នុងទីក្រុងប៊ែរឡាំង ដោយអះអាងថា Anis AMRIគឺជាសមាជិកនៃក្រុមអ្នកប្រយុទ្ធដែលខ្លួនជាអ្នកបញ្ជាឲ្យទៅ ដើម្បីសងសឹកនឹងក្រុមចំរុះដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការវាយប្រហារក្រុម ISIS នៅអ៊ីរ៉ាក់ និងស៊ីរី៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង