ត្បូងឃ្មុំ ៖ អំពើឃាតកម្ម ដ៏គួរឲ្យរន្ធត់មួយករណី ផ្តើមចេញពីរឿងគំនុំ បានបណ្តាលឲ្យបុរសម្នាក់ ត្រូវក្រុមឃាតក មាន គ្នា៣នាក់ ប្រើកាំបិតខ្វែវ ស្ទាក់កាប់ដាច់ក្បាលពីលើស្មា ស្លាប់យ៉ាងអាណោចអាធម្មជាទីបំផុត ។ ប៉ុន្តែ អំពើឃាតកម្ម នេះ ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលស្រុកអូរាំងឪ បានឃាត់ខ្លួនជនសង្ស័យម្នាក់ និង២នាក់ទៀត កំពុងតាម រកចាប់ខ្លួន ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ នៅភូមិថ្មីកណ្តាល ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

មន្ត្រីនគរបាលស្រុកអូរាំងឪ បានឲ្យដឹងថា ជនរងគ្រោះ ដែលត្រូវក្រុមឃាតក កាប់ដាច់ក្បាលស្លាប់យ៉ាងអាណោច អាធម្មនោះ មានឈ្មោះ សៅ សារឿន ហៅត្រេន អាយុ ៣៧ឆ្នាំ រស់នៅក្នុងភូមិថ្មីកណ្តាល ឃុំព្រះធាតុ ស្រុកអូរាំងឪ ។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ បុរសរងគ្រោះ បានចេញពីចូលរួមពិធីមង្គលការ ក្នុងភូមិត្រឡប់ មកផ្ទះ ហើយពេលនោះ កូនស្រីជនរងគ្រោះ ឈ្មោះ រឿន ស្រីមាស អាយុ១៣ឆ្នាំ បានសុំឪពុកទៅដេកផ្ទះយាយ បន្ទាប់មកឪពុកយល់ព្រម ក៏ចេញម៉ូតូដល់មុខផ្ទះបម្រុងឌុបកូនស្រីចេញទៅ ស្រាប់តែក្រុមជនដៃដល់ បានកាប់ត្រូវ ដៃម្ខាង ពេលនោះជនរងគ្រោះក៏ប្រញ៉ាប់រត់ចូលក្នុងផ្ទះវិញ ។ចំណែកកូនស្រី អាយុ១៣ឆ្នាំ នៅមុខផ្ទះ បានលត់ជង្គង់ អង្វរក្រុមឃាតក ឲ្យទុកជីវិតឲ្យឪពុក ប៉ុន្តែ ក្រុមឃាតក មិនស្តាប់ឡើយ ខណៈនោះដែរ ជនរងគ្រោះ នៅក្នុងផ្ទះ ដោយ មានការភ័យខ្លាច ក្រុមឃាតកចូលកាប់ដល់ក្នុងផ្ទះបន្ថែមទៀត ក៏ប្រថុយរត់ចេញពីផ្ទះ បានចម្ងាយ ៦០ទៅ៧០ម៉ែត្រ ពីផ្ទះ ក៏ត្រូវក្រុមជនដៃដល់ដេញតាមទាន់ និងកាប់ថែមចំនួន៥កាំបិតទៀត បណ្តាលឲ្យដាច់ក្បាលពីលើស្មា ស្លាប់ក្នុង ថ្លុកឈាមមួយរំពេចតែម្តង ។

មន្ត្រីនគរបាលបានបន្តថា ក្រោយពីទទួលបានព័ត៌មាន ករណីឃាតកម្មខាងលើ សមត្ថកិច្ចនគរបាលស្រុកអូរាំងឪ ក្រោមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានធ្វើការស្រាវជ្រាវភ្លាមៗ ដល់ កន្លែងកើតហេតុ និងឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ តៃ សុទិត្យ អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ដោយឡែក ក្រុមឃាតក ២នាក់ទៀត សមត្ថកិច្ចបានស្គាល់អត្តសញ្ញាណអស់ហើយ និងកំពុងតាមរកចាប់ខ្លួនផងដែរ ។

មន្ត្រីនគរបាលបានឲ្យដឹងផងដែរថា ជនរងគ្រោះក៏ធ្លាប់ជាប់ពន្ធនាគារ ពីបទចោរកម្ម ហើយជនរងគ្រោះ និងក្រុមជន ដៃដល់ជាមិត្តភ័ក្តិ ហើយប្រការដែលឈានទៅដល់ការកាប់សម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃនោះ អាចបណ្តាលមក ពីរឿងគំនុំ ទាស់ពាក្យសម្តី ក្នុងពេលផឹកស៊ីជាមួយគ្នាកន្លងមក ។ យ៉ាងណាក៏ដោយជនសង្ស័យឈ្មោះ តៃ សុទិត្យ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ដោយឡែក ជនសង្ស័យកំពុង រត់គេចខ្លួន ២នាក់ទៀត សមត្ថកិច្ចនឹងបញ្ជូនសំណុំរឿងសុំដីកា ពីសាលាដំបូង តាមចាប់ប្រម៉ាញ់ យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល