ភ្នំពេញ៖ នៅក្នុងសម័យប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០១៤ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញបទបញ្ញត្តិ និងកម្រិតវិន័យ ដ៏តឹងរឹងចំពោះបេក្ខជន ទាំងអស់ មិនឲ្យនាំយក ប្រយ៉ុងចូលបន្ទប់ប្រឡង ហើយបើហ៊ានតែនាំចូល នឹងមិនអនុញ្ញាតឲ្យប្រឡង ហើយកំណត់ឲ្យ ធ្លាក់តែម្តង។

យោងតាមគេហទំព័រ របស់ក្រសួងអប់រំ បានឲ្យដឹងថា ក្នុងបទបញ្ញត្តិ និងកម្រិតវិន័យនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០១៤នេះ ដោយក្រសួងមិនអនុញ្ញាត ឲ្យយកជាប់នឹងខ្លួន នូវសៀវភៅឯកសារ ឬសំណៅឯកសារចូលក្នុង មណ្ឌលប្រឡង។ មិនឲ្យលាក់ជាប់នឹងខ្លួន នូវសៀវភៅឯកសារ, សំណៅឯកសារ, ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ។

លិខិតនោះបានបន្ថែមថា បេក្ខជនណា ដែលបានប្រព្រឹត្តសកម្មភាពខាងលើ បេក្ខជននោះ ត្រូវប្រគល់រាល់សៀវភៅឯកសារ ឬសំណៅឯកសារ ឲ្យគណៈមេប្រយោគ មុនចូលមណ្ឌលប្រឡង ហើយគណៈមេប្រយោគ ពុំទទួលខុសត្រូវរាល់ការបាត់បង់នោះទេ។ ក្នុងករណីបេក្ខជន ពុំប្រគល់សៀវភៅឯកសារ ឬសំណៅឯកសារឲ្យ គណៈមេប្រយោគបេក្ខជននោះ ពុំអនុញ្ញាតឲ្យចូលប្រឡងជាដាច់ខាត ហើយត្រូវបានកំណត់ឲ្យធ្លាក់។

ក្រសួងអប់រំ បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា នៅពេលប្រឡង បើបេក្ខជនដើរឡើង ដើរចុះ ដោយគ្មានការអនុញ្ញាតពីអនុរក្ស, ហែកក្រដាសប្រឡង ឬមិនប្រគល់ឲ្យ អនុរក្ស, ផ្លាស់កន្លែង អង្គុយ (លុបលេខតុដែលបានកំណត់ ទៅសរសេរលេខតុរបស់ខ្លួននៅកន្លែងផ្សេង), ឲ្យក្រដាស កិច្ចការរបស់ខ្លួនទៅអ្នកដទៃចម្លង, ឲ្យគេ សរសេរឲ្យ, បង្កជម្លោះក្នុងមណ្ឌលប្រឡង, ធ្វើជាមេខ្លោង ប្រមូលលុយ ឬឲ្យគេប្រមូលលុយ យកឲ្យអនុរក្សជាដើម មិនអនុញ្ញាតឲ្យប្រឡងមួយឆ្នាំ។

បន្ថែមលើសពីនេះ ក្រសួងអប់រំ ក្នុងអណត្តិរបស់លោក បណ្ឌិត ហង្ស ជួនណារ៉ុន ក៏បានព្រមានជាមុនផងដែរ ចំពោះបេក្ខជនណា នាំយកអាវុធជាតិផ្ទុះ ចូលបន្ទប់ ប្រឡង, ឲ្យអ្នកដទៃមកប្រឡងជំនួស, ធ្វើឲ្យខូចខាតសម្ភារ នៅក្នុងបន្ទប់ប្រឡង និងខូចខាតបន្ទប់ប្រឡងដោយចេតនា និងមិនអនុវត្ត តាមការណែនាំរបស់គណៈមេ ប្រយោគ អ្នកមានសមត្ថកិច្ច ក្នុងមណ្ឌលប្រឡង មិនអនុញ្ញាតឲ្យ ប្រឡង ចំនួន ២ឆ្នាំ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល