(ឧត្តរមានជ័យ)៖ អ្នកបើករថយន្ត ឲ្យអភិបាលស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ដែលសមត្ថកិច្ចអះអាងថាជាអង្គរក្សផងនោះបានដកកាំភ្លើងបាញ់ បង្អើលមេឃចំនួន៤គ្រាប់ ក្រោយពីជននេះ មានអាការ:ស្រវឹងហើយកើតជម្លោះដណ្តើមស្រីគ្នា។

ហេតុការណ៍បាញ់ប្រហាររបស់អ្នកបើករថយន្ត ឲ្យអភិបាលស្រុកត្រពាំងប្រាសាទរូបនេះ តែមិនបណ្តាលឲ្យរងគ្រោះដល់នរណានោះទេ គ្រាន់តែបានបង្កឲ្យមានការភ្ញាក់ផ្អើលប៉ុណ្ណោះ នៅវេលាម៉ោង ជាង១០យប់ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ខណ:ដែលជនបង្កបានទៅច្រៀងខារ៉ាអូខេ ជាមួយ ដៃគូ នៅហាង ស លីត ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ។

នាយនគរបាលប៉ុស្តិ៍ត្រពាំងប្រាសាទ លោក សន អន្ធរ័ត្ន បានប្រាប់អង្គភាពព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះថា លោកបានដឹងពីព័ត៌មាន នៃការបាញ់បោះ របស់ជននេះមែន ដោយមូលហេតុ ឮថា ជម្លោះដណ្តើមស្រី ប៉ុន្តែលោកមិនបានដឹងរឿងរ៉ាវលំអិតនោះឡើយ ពីព្រោះជាប់ការងារចុះយាមល្បាតតាមផ្ទះដាក់ Wing និងទីប្រជុំជន នៅចំងាយប្រមាណ២៧គីឡូម៉ែត្រឯណោះ ពីកន្លែងកើតហេតុ ។

មន្រ្តីនគរបាល ខេត្តឧត្តរមានជ័យ មួយរូបបានបញ្ជាក់ថា ក្រោយជននេះបាញ់ប្រហាររួចមកក៏មានមន្រ្តីនគរបាលចរាចរណ៍ ទៅជួយអន្តរាគមន៍ ហើយក៏មានការផ្ទះអាវុធផងដែរ ។

យ៉ាងណាក៏ដោយ តាមការលួចបង្ហើប របស់មន្រ្តីនគរបាលរូបនេះ ជនបង្កត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួនយកទៅសួរនាំដើម្បីចាត់ការតាមផ្លូវច្បាប់។ ដោយឡែកលោកមេប៉ុស្តិ៍ បានបញ្ជាក់ថា គ្រាន់តែដឹងថា ជនបង្កជាអ្នកបើករថយន្ត ឲ្យអភិបាលស្រុក និងជាអង្គរក្សផងនោះ ក៏មិនសូវហានផងដែរ ៕

ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី