(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ បានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook របស់លោក ដោយអះអាងថា លោកចេះតែភ្លេចកែតម្រូវរឿងប្រវត្តិសាស្រ្ត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជម្លៀសប្រជាពលរដ្ឋចេញពីក្រុងភ្នំពេញ របស់ពួកខ្មែរក្រហម។ លោកបានបញ្ជាក់ថា នៅអំឡុងពេលជម្លៀសពលរដ្ឋ ចេញពីក្រុងភ្នំពេញនោះ ខ្មែរក្រហមមិនបានប្រើពាក្យសម្តី គ្រោតគ្រាតទេ គឺសំដី ‹‹មហាផ្អែម និង មហារាបសារ›› ប៉ុន្តែបើកំណត់ឱ្យដើរផ្លូវណាហើយ ពលរដ្ឋត្រូវតែដើរលើផ្លូវនោះ។

លោក ខៀវ កាញារីទ្ធិ បានលើកឡើងនៅលើ Facebook របស់លោក នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ថា «ដោយមានការងាររវល់ញ៉ុកគូថ ចេះតែភ្លេច សរសេរកែតំរូវ រឿងប្រវត្តិសាស្ត្របន្តិច ក្រោយពីមើលកុន "ដំបូងខ្មែរក្រហមសំលាប់ប៉ាខ្ញុំ" រួច ។ នោះគឺនៅពេលជន្លៀសមនុស្ស ចេញពីភ្នំពេញ ខ្មែរក្រហមឥតប្រើសំដីគ្រោតគ្រាតទេ គឺសំដី‹‹មហាផ្អែម និង មហារាបសារ›› តែដាច់ណាត់ គឺ ថាឱ្យទៅតាមផ្លូវណាគឺផ្លូវហ្នឹងហើយ ឥតមានយកលេសថា បងប្អូននៅទិសខាងនេះឬខាងនោះឡើយ»។

ភាពជូរចត់នៃការរស់នៅក្នុងរបបខ្មែរក្រហម ត្រូវបានរំលឹកឡើងវិញជូនប្រជាជនកម្ពុជា នាថ្មីៗនេះ បន្ទាប់ពីខ្សែភាពយន្ត «ដំបូងខ្មែរក្រហមសំលាប់ប៉ាខ្ញុំ» ដែលជា ស្នាដៃរស់រវើក របស់តារាហូលីវូតដ៏ល្បី លោកស្រី អេនជែលលីណា ចូលី (Angelina Jolie) ដែលនិយាយអំពីស្ថានភាពនៅក្នុងសម័យខ្មែរក្រហម ត្រូវបានចាក់បញ្ចាំងនៅកម្ពុជាជាបន្តបន្ទាប់។ ខ្សែភាពយន្តនេះ ត្រូវបានថតនៅក្នុងទីតាំងសំខាន់ៗជាប្រវត្តិសាស្ត្រចំនួន២គឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយដ៏សំខាន់ដែលខ្សែភាពយន្តបានផ្តិតយកទិដ្ឋភាពជាប្រវត្តិសាស្ត្រមួយចំនួនធំ។

កាសែតអន្តរជាតិបាននាំគ្នាផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេង អំពីស្នាដៃថ្មីនេះ។ ជាមួយគ្នានេះ កាសែតមួយចំនួន ថែមទាំងបានដាក់ចំណងជើងថា លោកស្រី អេនជែលលីណា ចូលី បានឆ្កឹះនូវភាពឈឺចាប់របស់ប្រជាជនកម្ពុជា ឱ្យត្រឡប់វិញ តាមរយៈការចាក់បញ្ចាំងភាពយន្តនេះ។

ព្រឹត្តិការណ៍ជម្លៀសប្រជាពលរដ្ឋ ចេញពីទីក្រុងភ្នំពេញ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់ ដែលកើតឡើងដោយការធ្វើរដ្ឋប្រហារទម្លាយសម្តេច នរោត្តម សីហនុ ត្រូវបានរលាយទាំងស្រុង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី