(ក្រុងឡុងដ៏)៖ ដំណើរការនៃប្រកួតប្រជែងដើម្បីដណ្តើមដំណែង ជាមេដឹកនាំបក្សអភិរក្សនិយម និងដើម្បីធ្វើជានាយករដ្ឋមន្ត្រីថ្មី របស់ចក្រភពអង់គ្លេស បន្តពីលោក David Cameron កំពុងចាប់ដំណើរការហើយ។

ខណៈនេះ មានបេក្ខជនប្រាំរូបហើយ ដែលបានប្រកាសជាផ្លូវការពីឆន្ទៈ របស់ខ្លួនក្នុងការឈរឈ្មោះបោះឆ្នោត។ ជាមួយគ្នានេះដែរ បុគ្គលមួយរូប គឺលោក Boris Johnson ដែលកំពុងមានភាពល្បីល្បាញដោយសារលោកជាមេដឹកនាំការឃោសនាជម្រុញឲ្យអង់គ្លេសចាកចេញពី EU និងត្រូវបានគេរំពឹងថាច្បាស់ជាឈរឈ្មោះបោះឆ្នោតនោះ បានទាញការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីលោក ប្រកាសថាមិនមានបំណងឈរឈ្មោះទៅវិញ។

សេចក្តីប្រកាសស្តីពីការមិនឈរឈ្មោះនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលពីរម៉ោង បន្ទាប់ពី លោក Michael Gove ដែលជាដៃគូរបស់លោក និងជារដ្ឋមន្ត្រីយុត្តិធម៌ បានប្រកាសពីចេតនាក្នុងការឈរឈ្មោះ។

តើមានបេក្ខជនប៉ុន្មានរូប ដែលនឹងចូលប្រកួតប្រជែង ធ្វើជាមេដឹកនាំបក្សអភិរក្សនិយម?
1. លោកស្រី Theresa May អាយុ៥៩ឆ្នាំ
2. លោក Michael Gove អាយុ៤៨ឆ្នាំ (ដៃគូរបស់លោក Borish Johnson ដែលបានធ្វើការរួមគ្នាក្នុងកិច្ចការជម្រុញឲ្យអង់គ្លេសចាកចេញពីEU)
3. លោក Stephen Crabb អាយុ៤៣ឆ្នាំ(រដ្ឋមន្ត្រីការងារ និងសោធន)
4. លោក Liam Fox អាយុ៥៤ឆ្នាំ(អតីតរដ្ឋមន្ត្រីការពារជាតិ)
5. លោកស្រី Adrea Leadsom អាយុ៥៣ឆ្នាំ (រដ្ឋមន្ត្រីថាមពល)

យោងតាមគេហទំព័រ bookmaker William Hill បានឲ្យដឹងថា លោកស្រី Theresa May ទំនងជាទទួលបានការគាំទ្រខ្ពស់ជាងគេ ក្នុងការក្លាយជាមេដឹកនាំបក្សអភិរក្សនិយម។ ដោយឡែកលោក Michael Gove ស្ថិតក្នុងលំដាប់ទីពីរ ខណៈដែលរដ្ឋមន្ត្រីថាមពលលោកស្រី Andrea Leadsom ស្ថិតក្នុងលំដាប់ទីបី។

តើអង់គ្លេសនឹងធ្វើការជ្រើសរើសអ្នកឈ្នះដោយរបៀបណា?

ក្នុងចំណោមបេក្ខជនទាំងប្រាំរូប មានបេក្ខជនពីររូបចុងក្រោយនឹងត្រូវបានជ្រើសរើសយក ដោយការបោះឆ្នោតលើកទីមួយនេះ នឹងត្រូវបានធ្វើឡើងនៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយនេះ។ សម្រាប់អ្នកឈ្នះចុងក្រោយមួយរូប នឹងត្រូវបានជ្រើសរើសជាមេដឹកនាំបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស។

សូមជម្រាបថា អតីតចៅហ្វាយទីក្រុង ឡុងដ៍ លោក Boris Johnson បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងឆាកនយោបាយ និងប្រភពសារព័ត៌មាន បន្ទាប់សេចក្តីប្រកាសស្តីពី ការដកខ្លួនពីដំណើរការនៃការបោះឆ្នោត នៅព្រឹកថ្ងៃសុក្រនេះ។ បុរសវ័យ៥២ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថា អាចនឹងមានសង្ឃឹមទទួល បានការគាំទ្រច្រើន ប្រសិនបើលោកឈរឈ្មោះបោះឆ្នោត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង