មិនគួរឲ្យជឿ ៖ ស្រ្តីជនជាតិចិនម្នាក់ មកពីទីក្រុង Zhoushan នោះ បានសម្រេចចិត្ត ជួលរថយន្ត តាក់ស៊ី ដល់ទៅ ៩០០គ្រឿង ក្នុងតម្លៃច្រើនជាង ១០,០០០យ័ន ស្មើនឹង ២០០០ដុល្លារសឹង្ហបុរី ក្នុងគោលបំណង តែមួយគត់នោះគឺ សុំមិត្តប្រុសរៀបការតែម្តង ។ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានចិនអោយដឹងថា ស្រ្តីជនជាតិចិនរូបនោះ ពុំត្រូវបានបញ្ជាក់ឈ្មោះឲ្យបានស្គាល់នោះទេ ខណៈករណីសុំរៀបការមិត្តប្រុស ដ៏កម្ររបស់នាង តាមរយៈការជួលរថយន្តតាក់ស៊ី ដល់ទៅ ៩០០គ្រឿងនោះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៧មីនា កន្លងទៅនេះ នៅចន្លោះម៉ោង ៥-៧ ល្ងាច ។

ប្រិយមិត្ត ប្រាកដជាឆ្ងល់ថាតើ នាងធ្វើបានយ៉ាងដូចម្តេច ក្នុងការជួលតាក់ស៊ីដល់ទៅ ៩០០ គ្រឿងដើម្បី សុំរៀបការមិត្តប្រុស?? ការពិតនោះគឺថា រថយន្តតាក់ស៊ីទាំង ៩០០គ្រឿងដែលនាងបានជួលនោះ ក្នុង រយៈពេល ២ម៉ោងពេញចន្លោះពី ម៉ោង ៥ ទៅ ម៉ោង ៧ល្ងាច នឹងបើកជុំវិញទីក្រុង ខណៈនឹងមានរត់សារអេឡិចត្រូនិច LED នៅពីលើរថយន្តតាក់ស៊ីទាំងនោះ ព្រមៗគ្នាថា "បងសម្លាញ់ Zhang Jianfeng អូនចង់រៀបការជាមួយបង" ។

បន្ទាប់មកទៀត គូស្នេហ៍ទាំង ២ បានបង្ហាញវត្តមាននៅទីតាំងសំចតរថយន្តមួយកន្លែង ខណៈមានការ ដុតទៀនបំភ្លឺថែមទៀតផង ស្របពេលដែលមានក្រុមមិត្តភក្កិ និងសាច់ញ្ញាត្តិចូលរួមយ៉ាងច្រើនកុះករ ។ ជាលទ្ធផល បុរសជាមិត្តប្រុស គឺលោក Zhang ក៏ទទួលសំណើសុំរៀបការពីសំណាក់មិត្តស្រីរបស់ខ្លួន។

របាយការណ៍បញ្ជាក់ឲ្យដឹងថា លោក Zhang បានជួបមិត្តស្រីរបស់លោក នៅក្នុងទីក្រុង Zhuhai ខណៈ បច្ចុប្បន្នភាពអ្នកទាំង ២ បម្រើការងារនៅទីក្រុង ២ផ្សេងពីគ្នា ពោល នារីជាមិត្តស្រីបម្រើការនៅទីក្រុង Ningbo ខណៈលោក Zhang ធ្វើការនៅទីក្រុង Zhoushan ។ ទីក្រុង Ningbo និងទីក្រុង Zhoushan គឺជា ទីក្រុងនៅក្នុងខេត្ត Zhejiang ភាគខាងកើត ប្រទេសចិន ប៉ុន្តែតម្រូវឲ្យធ្វើដំណើររយៈពេល ១ម៉ោង និង ៤០នាទី ទើបមកដល់។

គួររំឮកថា ករណីសុំសេចក្តីស្រឡាញ់ ឬសុំរៀបការ តាមរយៈរថយន្តតាក់ស៊ីនោះពុំមានជារឿងថ្មីនោះទេ នៅក្នុងទីក្រុង Zhoushan តួយ៉ាង កាលពីឆ្នាំមុន អំឡុងខែ មិថុនា បុរសម្នាក់ បានសុំមិត្តស្រីរៀបការ ដោយមានជាសារ រត់នៅលើរថយន្តតាក់ស៊ី ឲ្យដឹងថា "រាល់ពេលដែលមេឃភ្លៀង បងតែងបារម្ភពីអូន ម្ចាស់ចិត្តបង Fang Xiaojie យើងនៅជាមួយគ្នាណា" សារដ៏ផ្អែមល្ហែមមួយនេះហើយ បានរត់ជាសារ អេឡិចត្រូនិច LED រយៈពេលដល់ទៅ ១០ថ្ងៃ នៅលើរថយន្តតាក់ស៊ី ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន