ការអវត្ដមានបណ្ដោះអាសន្នរបស់អ្នកស្រីអគ្គរាជអាជ្ញា Suella Braverman ដើម្បីសម្រាកមាតុភាព បានធ្វើឱ្យមានការរុះរើមុខតំណែងភ្លាមៗ នៅក្នុងជួរក្រសួងយុត្ដិធម៌ ។ កាលពីសប្ដាហ៍មុន អ្នកស្រី Braverman បានបង្កើតជាប្រវត្ដិសាស្រ្ដ ដោយបានក្លាយជារដ្ឋមន្រ្ដីដំបូងគេរបស់ចក្រភពអង់គ្លេស ដែលសុំច្បាប់សម្រាកមាតុភាព ខណៈកំពុងបំពេញភារកិច្ច ។

ការិយាល័យអគ្គរាជអាជ្ញា បានប្រកាសថា អគ្គមេធាវីអ្នកស្រី Michael Ellis QC MP នឹងជំនួសតំណែងអគ្គរាជអាជ្ញា អំឡុងពេលសម្រាកមាតុភាពរបស់អ្នកស្រី Suella ។ ចំណែករដ្ឋមន្រ្ដីយុត្ដិធម៌ អ្នកស្រី Lucy Frazer QC MP នឹងមកជំនួសតំណែងអគ្គមេធាវី ។

អនុលោមតាមការអវត្ដមានបណ្ដោះអាសន្នរបស់អ្នកស្រី Frazer ពីក្រសួងយុត្ដិធម៌ សារណាពន្ធនាគាររបស់អ្នកស្រី ត្រូវបានប្រគល់ជូនលោក Alex Chalk MP ដែលជាអតីតសមាជិកនៃគណៈកម្មាធិការយុត្ដិធម៌ជ្រើសតាំងរបស់សភាតំណាងរាស្រ្ដ(commons justice select committee) ។

សារណាជំនួយផ្នែកច្បាប់របស់លោក Chalk ត្រូវបានប្រគល់ជូនអ្នកនាំពាក្យក្រសួងយុត្ដិធម៌ លោក Lord Wolfson of Tredegar QC ។ ក្នុងពេលឆាប់ៗខាងមុខនេះ រដ្ឋាភិបាល នឹងផ្ដើមប្រឹក្សាយោបល់ ស្ដីពីបុគ្គល ដែលនឹងត្រូវទទួលបានជំនួយផ្នែកច្បាប់(Means Test) ហើយរដ្ឋាភិបាល នឹងត្រូវឆ្លើយតបចំពោះ ការវាយតម្លៃឯករាជ្យមួយចូលទៅក្នុងជំនួយច្បាប់ផ្នែកព្រហ្មទណ្ឌ នៅពេលការវាយតម្លៃ ដែលដឹកនាំដោយលោក Sir Christopher Bellamy នោះ រាយការណ៍ត្រឡប់វិញ ។

រដ្ឋាភិបាល បានពន្លឿន ក្រមស្ដីពីប្រាក់ឧបត្ថម្ភមាតុភាព និងប្រាក់ឧបត្ថម្ភផ្សេងៗក្នុងជួររដ្ឋាភិបាលឆ្នាំ ២០២១ ដើម្បីអនុញ្ញាតឱ្យអ្នកស្រី Braverman អាចសម្រាកមាតុភាពដោយស្ងប់ចិត្ដ បើពុំដូច្នោះទេ អ្នកស្រីទំនងជាត្រូវលាលែងពីតំណែង ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ lawgazette