(ស្ទឹងត្រែង)៖ នៅរយៈពេលពីរថ្ងៃចុងសប្តាហ៍កន្លងមកនេះ កម្លាំងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តស្ទឹងត្រែង សហការជា មួយមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តលោក ជា ពេជ្រ បានបើកប្រតិបត្តិការ ចុះបង្ក្រាបនិងឈានទៅដល់ការរឹបអូស ឈើប្រណិតបានជាង២ពាន់ដុំ ព្រមទាំងដកហូតបានរថយន្តស៊េរីទំនើបពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ១គ្រឿង រួមជាមួយឈើជាច្រើនសន្លឹក ដែលផ្ទុកនៅលើរថយន្តនោះថែមទៀតផង។

ឈើប្រណិតជាង២ពាន់ដុំ ឈើជាច្រើនសន្លឹក និងរថយន្តពណ៌ត្រេអ៊ី ដែលរងការបង្ក្រាបនិងរឹបអូសនោះ ត្រូវបានកម្លាំងសមត្ថកិច្ច ចម្រុះខេត្ត បង្ក្រាបបានក្នុងរយៈ២ថ្ងៃ បន្តបន្ទាប់គ្នា ចុងសប្តាហ៍នេះ។ ឈើប្រណិតដែលរងការបង្ក្រាបនោះ ភាគច្រើនគឺសមត្ថកិច្ច បានធ្វើការរឹបអូសចេញ ពីតាមបន្ទប់ផ្ទះជួលនៅច្រើនទីតាំង នៅក្នុងដែនដីក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
យ៉ាងណាក៏ដោយស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី ម៉ៅ តារា នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា លោកមិនទាន់បានទទួលរបាយការណ៍ច្បាស់លាស់នៅឡើយទេ ចំពោះករណីនេះ។
មន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង បានបា្រប់ឲ្យដឹងថា នៅយប់ថ្ងៃ២៨ ខែតុលា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចចំរុះខេត្ត បានចុះបង្ក្រាបទីតាំងស្តុកឈើ ដោយធ្វើឡើងជាច្រើនទីតាំងផ្សេងពីគ្នា ជាលទ្ធផលនៅទីតាំងទី១សមត្ថកិច្ច បានដកហូតបានឈើបេង មានចំនួន២៤ដុំ។ លុះនៅយប់ថ្ងៃ២៨ ខែតុលា ដដែលនោះសមត្ថកិច្ចបានបន្តធ្វើការឡោមព័ទ្ធឃ្លាំងស្តុក ឈើ១កន្លែងទៀត ដោយដាក់កម្លាំងការពារតាំងពីយប់ រហូតដល់ភ្លឺថ្ងៃ២៩ ខែតុលា ឆ្នាំ២០១៦ ទើបកម្លាំងប្រតិបត្តិការស្នើសុំគោលការពី ព្រះរាជអាជ្ញាអមអយ្យការខេត្ត ចូលឆែកឆេរក្នុងឃ្លាំងស្តុកឈើ នៅក្នុងបន្ទប់ផ្ទះជួលចំនួនពីរបន្ថែមទៀត។

មន្រ្តីនគរបាល បានបន្តទៀតថា ម្ចាស់បន្ទប់ជួលស្តុកឈើនោះ គេនៅមិនទាន់ស្គាល់ឈ្មោះនោះទេ ប៉ុន្តែម្ចាស់ផ្ទះជួលបន្ទប់ឲ្យទៅគេនោះ មានឈ្មោះ អែល ទីរៀម និងមានប្តីឈ្មោះ ចាន់ ពិសិដ្ឋ មានទីតាំងស្ថិតនៅភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ដោយធ្វើការ រឹបអូសឈើធ្នង់បានចំនួន២រថយន្តបែនដឹកដី និង២រ៉ឺម៉ក់ ស្មើនឹង១៩៩៦ដុំ។

មន្ត្រីនគរបាលដដែលបានបន្តឲ្យដឹងទៀតថា ក្រោយពីធ្វើការ ដឹកជញ្ជូនឈើ នៅក្នុងឃ្លាំងជួលខាងលើនោះរួចមក នៅវេលាម៉ោងប្រមាណ ជា១រសៀល ថ្ងៃ២៩ ខែតុលា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចខេត្ត បានចុះទៅកាន់ទីតាំងស្តុកឈើនៅក្នុងផ្ទះជួលមួយកន្លែងទៀតស្ថិតនៅ ក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដោយធ្វើការរឹបអូស ឈើប្រណិត ប្រភេទឈើបេង បានចំនួន១រថយន្តបែនដឹកដី ស្មើនឹង៥៤ដុំ។ បន្ទាប់មកទៀត សមត្ថកិច្ចខេត្តក៏បានចុះទៅបង្ក្រាបរថយន្ត ១គ្រឿង ម៉ាក Toyota (Vigo) ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ 2-8577 ដឹកជញ្ជូនឈើប្រភេទលេខ១ចំនួន៣៦ដុំនៅចំណុច អូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

ក្រោយការបង្ក្រាបទាំងឈើ និងរថយន្តពណ៌ត្រអ៊ី១គ្រឿង ត្រូវបានធ្វើការដឹកជញ្ជូនយកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង ដើម្បីចងក្រងសំណុំរឿង ចាត់ការទៅតាមច្បាប់។ លោកថា សមត្ថកិច្ចមិនបានធ្វើឃាត់ខ្លួនម្ចាស់ឈើទាំងនោះទេ ដោយសារពួកគេ បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់។ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ឈើដែលបាន មកពីការបង្ក្រាបក្នុងរយះពេល២ថ្ងៃ ចុងសប្តាហ៍កន្លងមកនេះ មានចំនួនសរុប២១១០ដុំ និង១៦៤ផ្លានត្រីគុណ។
ឈើប្រណិតប្រភេទឈើបេង និងឈើធ្នង់ទាំងជាង២ពាន់១០០ដុំ និងរថយន្តពណ៌ត្រេអ៊ី១គ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទនោះបាននិង កំពុងចងក្រងសំណុំរឿង ដើម្បីចាត់ការជាបន្តទៅតាមផ្លូវច្បាប់។

សូមជម្រាបផងដែរថា នៅថ្ងៃ៣១ ខែតុលានេះ សមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង កំពុងបើកការឡោមព័ទ្ធទៅលើទីតាំងស្តុកឈើមួយ កន្លែងទៀត ដែលឈ្មួញបានធ្វើការដឹកជញ្ជូនយកមកលាក់ទុកនៅក្នុងស្រះទឹក និងជីកដីកប់ ហើយឈើទាំងនោះ ត្រូវបានគេឲ្យដឹងថា មានជាច្រើនរយកំណាត់ ជាប្រភេទឈើប្រណិត មានទីតាំងនៅជាប់នឹងដងផ្លូវជាតិលេខ៧៨អាថ្មី ស្ថិតនៅក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។ គេនៅមិនទាន់ដឹងអំពីលទ្ធផលនៅក្នុងប្រតិបត្តិការ ចុះបង្ក្រាបនោះនៅឡើយទេ។ លោកព្រះរាជអាជ្ញា ជា ពេជ្រ បានប្រាប់អង្គភាព Fresh News ថា រហូតមកដល់ម៉ោងនេះ (១២៖៣០) កម្លាំងសមត្ថកិច្ច និងជួលកម្មករកំពុងតែជញ្ជូនឈើ ចេញពីក្នុងទឹកស្រះដែលមានជម្រៅលិចក្បាលចឹងមិនទាន់ដឹងថាមានចំនួនប៉ុន្មាននៅឡើយទេ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី