ក្រុងឡុងដ៍៖ ក្រុមការពារតំណែងជើងឯកស្តេចស Real Madrid នឹងត្រូវធ្វើការប្រជែង ជាមួយនឹងក្រុម ម្ចាស់ផ្ទះហង្សក្រ ហម Liverpool នៃវគ្គជម្រុះជុំទី១ប្រចាំពូល B ក្នុងព្រឹត្តិការណ៍ ពានរង្វាន់អន្តរជាតិ UEFA Champions League នារដូវកាលឆ្នាំ២០១៤-២០១៥នេះ ។

ការប្រកួតដែលនឹងធ្វើឡើងនាម៉ោង ០១ និង ៤៥នាទីរំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា) នៅឯកីឡដ្ឋាន Anfield នឹងក្លាយ ជាព្រឹត្តិការសំខាន់ ថ្មីមួយទៀតក្រោយពី បញ្ចប់លីកអាជីព និងជម្រុះពានរង្វាន់ ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រ ទេសបារាំង ដើម្បីប្រជែងយក៣ពិន្ទុរៀងៗ ខ្លួនឡើងទៅកាន់ វគ្គ១៦ក្រុមចុងក្រោយ ។

ក្រុមរបស់លោក Carlo Ancelotti បានកំពុងតែកាន់កាប់តំណែង កំពូលតារាងជាប់ជាមួយ នឹង៦ពិន្ទុពេញឆ្លងកាត់២ប្រកួត មកនេះមិនដែលស្មើ និងចាញ់ឡើយទាំងក្នុង និងក្រៅទឹកដី លេងបានល្អណាស់ ហើយក៏ជាក្រុមដែល ទើបតែបាន បំបាក់ក្រុមម្ចាស់ផ្ទះ Levante ៥-០ ផងដែរកាលពីរាត្រីសៅរ៍សប្តាហ៍មុននេះនៅ La Liga BBVA របស់អេស្ប៉ាញប្រចាំ សប្តាហ៍ទី៨ ស្រពពេលដែលគូប្រជែងយប់នេះ Liverpool បានយកឈ្នះក្រុមម្ចាស់ផ្ទះ QPR ៣-២ ទាំងវេទនានៅ Premier League ក្នុងសប្តាហ៍ទី៨ដូចគ្នា ។

Liverpool បានកំពុងលេងធ្លាក់ជើងបន្តិចទាំងក្នុង Premier League និង Champions ក្រោយពេលកីឡាករខ្សែ ប្រយុទ្ធដ៏មុតស្រួច Daniel Sturridge បានរងរបួសសាច់ដុំទៅ និងមិនទាន់ជាសះស្បើយ នៅឡើយទេរហូតមកដល់ពេលនេះ ហើយក្រុមរងជើងឯក ឆ្នាំទៅមួយនេះកំពុងឈរ នៅលេខរៀងទី៥ បណ្តោះអាសន្ន ដោយមាន១៣ពិន្ទុ ឈរនៅលើ Man Utd ១ពិន្ទុ ។ ថ្វីត្បិតតែលេងក្នុងទឹកដីក៏ពិតមែន Liverpool ប្រាថ្នាត្រឹមស្មើប៉ុណ្ណោះ ព្រោះអី Real Madrid លេងស្មើជើងគ្នាល្អណាស់ និងមានប្រព័ន្ធប្រយុទ្ធដ៏មុតស្រួច លេងតាមបែបលឿនៗ អមទៅដោយតំបន់បម្រើ និងការពាររឹង មាំថែមទៀតផង ៕

ផ្ដល់សិទ្ធិដោយ៖ Looking today