កាលពីថ្ងៃអង្គារ រដ្ឋាភិបាលចក្រភពអង់គ្លេស បានចេញផ្សាយបទបញ្ជា ដោយផ្ដល់ឱ្យមន្រ្ដីអង់គ្លេសនូវសិទ្ធិអំណាច បង្ខំអ័រឡង់ខាងជើងអោយអនុវត្ដនូវវិសាលភាពពេញលេញនៃសេវាថែទាំសុខភាពបន្ដពូជ អនុលោមតាមច្បាប់ឆ្នាំ ២០១៩ ដែលផ្ដល់នីត្យានុកូលភាពចំពោះការរំលូតកូន នៅក្នុងតំបន់នេះ ។ ក្រុមអ្នកគាំទ្រ និយាយថា ច្បាប់នេះ គឺជាជំហានមួយ នៅក្នុងទិសដៅដ៏ត្រឹមត្រូវ សម្រាប់ស្រ្ដីទាំងឡាយ ដែលត្រូវការសិទ្ធិអនុវត្ដនីតិវិធីរំលូតកូន ប៉ុន្ដែក្រុមអ្នករិះគុណ មកពីគណៈបក្សអភិរក្សសង្គមនៃ អ័រឡង់ខាងជើង និយាយថា ច្បាប់នេះ បង្អាក់សិទ្ធិរបស់តំបន់នេះ ក្នុងការគ្រប់គ្រងសេវាសុខភាពផ្ទាល់របស់ពួកគេ ។

កាលពីឆ្នាំ ២០១៨ អង្គការសហប្រជាជាតិ បានរកឃើញថា ការដាក់កំហិតចំពោះការរំលូតកូនរបស់ប្រទេស អ័រឡង់ខាងជើង បង្កើតជាការរើសអើងចំពោះស្រ្ដី ។ នាពេលនោះ ការធ្វើឱ្យរលូតកូន ត្រូវចាត់ទុកជាបទឧក្រិដ្ឋ ។ មួយឆ្នាំបន្ទាប់មក សភាចក្រភពអង់គ្លេស បានអនុម័តលើវិសោធនកម្ម ផ្ដល់នីត្យានុកូលភាពដល់ការរំលូតកូន ក្នុងប្រទេសអ័រឡង់ខាងជើង ។ យោងតាមច្បាប់នេះ ស្រ្ដីត្រូវបានផ្ដល់សិទ្ធិអោយរំលូតកូន ដោយពុំមានដាក់កំហិតចំពោះគភ៌ ដែលអាយុតិចជាង ១២ សប្ដាហ៍ ដោយពុំកំណត់រយៈពេលសម្រាកព្យាបាល ក្នុងករណីការរំលូតកូននោះ បង្កគ្រោះថ្នាក់សុខភាពផ្លូវកាយ និងផ្លូវចិត្ដរបស់ម្ដាយ ។ បន្ទាប់មកទៀត សភា បានអនុម័តគោលនយោបាយពង្រាងរបស់ អ័រឡង់ខាងជើង នៅក្នុងសេចក្ដីព្រាងច្បាប់មួយ ដែលមានឈ្មោះថាបទបញ្ជាស្ដីពីការរំលូតកូន(Northern Ireland) ឆ្នាំ ២០២០ ។

ទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលតំបន់ រងការចោទប្រកាន់ថា បរាជ័យក្នុងការអនុវត្ដវិសាលគមពេញលេញនៃនីតិវិធី យោងតាមច្បាប់នេះ ។ ក្រុមជំនាញផ្ដល់សេវារំលូតកូន បានអនុវត្ដតែនីតិវិធីសម្រាប់ស្រ្ដីទាំងឡាយណា ដែលមានផ្ទៃពោះ ១០ សប្ដាហ៍ ឬតិចជាងនេះ ដោយបង្ខំឱ្យស្រ្ដីផ្សេងៗទៀត ត្រូវស្វែងរកកន្លែងផ្សេង ក្នុងចក្រភពអង់គ្លេសដើម្បីទទួលសេវារំលូតកូន ឬបញ្ជាទិញថ្នាំខុសច្បាប់ តាមអ៊ីនធឺណិត ។

បទបញ្ជាចេញផ្សាយនៅថ្ងៃអង្គារកន្លងទៅនេះ ផ្ដល់សមត្ថកិច្ចដល់រដ្ឋលេខាធិការ Northern Ireland លោក Brandon Lewis ក្នុងការត្រួតពិនិត្យការអនុវត្ដថ្មីនៃការផ្ដល់សេវាថែទាំស្រ្ដីរំលូតកូនពេញលេញ ។ លោក Lewis បាននិយាយ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ៖ “ រឿងចម្បងបំផុតរបស់ខ្ញុំ គឺធ្វើយ៉ាងណាឱ្យនាយកដ្ឋានសុខាភិបាល និងថ្នាក់ដឹកនាំ Northern Ireland ទទួលខុសត្រូវចំពោះ ការដាក់ឱ្យដំណើរការនូវសេវាទាំងនេះ ហើយវាជារឿងមួយគួរឱ្យសោកស្ដាយ ដែលពួកគេមិនទាន់អនុវត្ដបែបនេះនៅឡើយ ហើយខ្ញុំត្រូវតែអនុវត្ដវិធានការទាំងនេះ ដើម្បីបំពេញកាត្វកិច្ចផ្នែកច្បាប់ និងផ្នែកសីលធម៌រួម” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist