(នីយ៉ុង)៖ ប្រជុំជើងខ្លាំងទាំង៤មាន Real Madrid, Bayern Munich, Paris Saint-Germain និងក្រុមការពារតំណែងជើងឯក FC Barcelona សុទ្ធតែបានឈានមកដល់វគ្គ៨ក្រុមចុងក្រោយដូចគ្នា (Quarter-Finals) នៃក្របខណ្ឌកំពូល ទ្វីបអឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៥-២០១៦នេះ ដែលត្រៀមចាប់ឆ្នោតគូប្រកួតល្ងាចស្អែកនេះហើយ បន្ទាប់ពីបញ្ចប់ជើងទី២នៅ Europa League រាត្រីនេះ ។

ឆ្លងកាត់៨ប្រកួតដូចគ្នាតាំងពីក្នុងពូលនារដូវកាលនេះ ក្រុមអ្នកមានបុណ្យ Bacelona ធ្វើបានល្អជាងគេ មិនដែលចាញ់ និងស្មើឡើយចេញពីលេខ១ ក្នុងពូល E ដោយស៊ុតបញ្ចូលទីគេបាន២០គ្រាប់ និងរបូតវិញតែ៥គ្រាប់ប៉ុណ្ណោះ មិនស្ថិតក្នុងភាពតានតឹងម្តងណាឡើយ ក៏ព្រោះតែមានខ្សែប្រយុទ្ធជើងខ្លាំងទាំង៣ Luis Suarez, Neymar និង Lionel Messi តែងតែស៊ុតបញ្ចូលទីបានជានិច្ច គ្រាដែល Bayern Munich របស់អាល្លឺម៉ង់ វីសនឹងត្រូវហាលអាវក្រោមថ្វីជើងរបស់ក្រុមរងជើងឯកឆ្នាំទៅសេះបង្កង់ Juventus សំណាងវាយបកឈ្នះវិញ ៤-២ ក្នុងនាទីបន្ថែម ។

Bayern Munich ធ្លាប់ចាញ់១ប្រកួតក្នុងពូល F ក្រោមថ្វីជើងរបស់ Arsenal ២-០ នៅកីឡដ្ឋាន Emirates និងស្មើ ២-២ នៅក្នុងផ្ទះរបស់ Juventus ក្នុងជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយ ថ្វីត្បិតជាក្រុមលេខ១ចេញពីពូល F ក្តី ហើយក្រុម ដែលកំពុងដឹកនាំដោយអតីតគ្រូបង្វឹក Barcelona លោក Pep Guardiola បានធ្លាក់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមថ្វីជើងរបស់ Barcelona កាលពីរដូវកាលមុន ហើយរដូវកាលមុន១ទៀត ជ្រុះក្រោមថ្វីជើងរបស់ Real Madrid ក្នុងវគ្គ ៤ក្រុមចុងក្រោយដូចគ្នា ។

ដូច្នេះ ប្រសិនបើ Bayern Munich ចាប់ឆ្នោតប៉ះ Real Madrid ឬក៏ Barcelona ទៀតច្បាស់ជាស៊យហើយ តែប្រសិន បើចាប់ឆ្នោតប៉ះ Paris Saint-Germain ឬក៏ Atletico Madrid វិញនោះ មិនជាភ័យព្រួយប៉ុន្មាននោះទេ ព្រោះជាក្រុម ដែលអាចស៊ីបាន ព្រោះ At. Madrid រឹងមាំខាងការពារ តែប្រយុទ្ធរាងខ្សោយ គ្រាដែល PSG ប្រយុទ្ធមុតស្រួច តែការ ពារមានភាពធូររលុងជាងទៅវិញ ។

បើនិយាយពី Manchester, Wolfburg និង Benfica វិញច្បាស់ជាទៅមិនរួចទេ គឺរំពឹងលើអព្ភូតហេតុ និងព្រេងសំណាងប៉ុណ្ណោះ បើចាប់ឆ្នោតប៉ះក្រុមខ្លាំង ទាំង៤ខាងលើ មិនហាលអាវច្បាស់ជាចំលែក តែបើកប៉ះខ្សោយៗដូចគ្នាវិញ អាចតថ្លៃគ្នាបាន តែបើប៉ះ At. Madrid ដែលជាក្រុមរងជើងឯករងឆ្នាំ២០១៤ វិញ ក៏លំបាកឈានទៅវគ្គ៤ក្រុមដែរ ។

ចុះចំណែកប្រិយមិត្តវិញគិតយ៉ាងណាដែរ ចង់ឲ្យខ្លាំងប៉ះខ្លាំង ឬក៏ចង់ឲ្យជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយទម្លាក់ក្រុមខ្សោយៗឲ្យអស់សិន?

វគ្គ៨ក្រុមរដូវកាលមុន ឆ្នាំ២០១៤-២០១៥ ទាំង២ជើង៖
PSG 1-5 Barcelona
Atletico Madrid 0-1 Real Madrid
Porto 4-7 Bayern Munich
Juventus 1-0 Monaco ។

វគ្គ៤ក្រុមចុងក្រោយរដូវកាលមុន ទាំង២ជើង
Barcelona 5-3 Bayern Munich
Juventus 3-2 Real Madrid ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី