ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានី ភ្នំពេញ ដឹកនាំដោយព្រះរាជអាជ្ញារង សៀង សុខ នៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣ បានចុះបង្ក្រាបទីតាំងជួញដូរផ្លូវភេទ នៅកន្លែងខ្លោងទ្វារវត្តជ្រោយអំពិល ក្នុង សង្កាត់ព្រែកឯង ខណ្ឌមាន ជ័យ ដោយឃាត់ខ្លួនមេខ្លោងសរុប ៣នាក់ ព្រមទាំងជួយសង្គ្រោះ នារីវ័យក្មេង ដែលត្រូវមេខ្លោងទាំងនេះ យកមកទុកដើម្បីបម្រើសេវាផ្លូវភេទ ៣នាក់ផ្សេងទៀត ក្នុងនោះអាយុ ១៤ឆ្នាំម្នាក់ និង១៦ឆ្នាំ ២នាក់។

នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោក កែវ ធា បានឱ្យដឹងថា ក្រោយពី ទទួលបានបញ្ជាពីសំណាក់លោកស្នងការ និងស្នងការរងទទួលផែន លោកបានដឹក កម្លាំង នគរបាល ជំនាញ បើកការស្រាវជ្រាវ ចំពោះសកម្មភាពនៃការ ជួញដូរផ្លូវភេទ ក៏ដូចជាការ ទិញក្មេងស្រី មិនទាន់ គ្រប់អាយុ យកទៅឱ្យបម្រើផ្លូវភេទជាមួយភ្ញៀវដែលមានលុយ ។

លោក កែវ ធា បន្ដថាក្រោយពីបើកការស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់តាមជំនាញរបស់ខ្លួនរួច មក កម្លាំងនគរបាលរបស់លោក បានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ នៅសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ ហើយក្រោយពីការសួរ នាំរួច រាល់នោះ ជន សង្ស័យខាងលើ ក៏បានចង្អុលបង្ហាញមេខ្លោង ២នាក់ទៀត ដែលនាំក្មេងស្រីមកទុក ដើម្បីឱ្យបម្រើសេវា ផ្លូវភេទ ជាមួយភ្ញៀវមានលុយ ។

នាយការិយាល័យរូបនេះ បានបន្ដថា ក្រោយពីមានភស្ដុតាង និងមានការបញ្ជាក់ ពីជនសង្ស័យ កម្លាំង សមត្ថកិច្ចរបស់លោក បានសុំគោលការណ៍ពីលោកស្នងការ និងមាន ការឯកភាព ក៏ដូចជាដឹកនាំពី សំណាក់តំណាង អយ្យការនោះ បានចុះទៅឡោមព័ទ្ធនិង បង្ក្រាបទីតាំងខាងលើ ហើយឈានទៅដល់ ការឃាត់ខ្លួន មេខ្លោងខាងលើ ដែលតែងតែរកស៊ីនាំក្មេងស្រីមិនទាន់គ្រប់ អាយុទុកបម្រើផ្លូវភេទ ជាមួយភ្ញៀវដែលមាន លុយ ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលម្នាក់ដែល ចូលរួមក្នុងប្រតិបត្ដិការចុះបង្ក្រាប ទីតាំងលួចបើក សេវាផ្លូវភេទ ខាងលើនេះ បានលួចបង្ហើប ឱ្យដឹងថា មុនឈានទៅដល់ការស្រាវជ្រាវ ហើយចុះបង្ក្រាបមុខសញ្ញា ជួញដូរផ្លូវភេទ គឺយោងទៅតាមពាក្យបណ្ដឹងរបស់ក្មេងស្រីម្នាក់ មិនទាន់គ្រប់អាយុ ដែលជាកូន អតីតតំណាងរាស្ដ្រគណបក្ស សម រង្ស៊ី នៅខេត្ដកណ្ដាល។

លោកកែវ ធា បានបញ្ជាក់ថា ក្រោយពី ការចាប់ខ្លួនមេខ្លោងទាំង៣នាក់ ម្នាក់ចាប់ នៅសង្កាត់ ភ្នំពេញថ្មី និងពីរនាក់ទៀត ចាប់ នៅសង្កាត់ព្រែកឯងនោះ ត្រូវបាននាំខ្លួនមក សួរនាំបន្ដទៀត នៅការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន ដើម្បី កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ មានឈ្មោះគឹម ឡៃសៀក ហៅមុំ ហៅតិតុ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២៩ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរនៅផ្ទះ ឈ្មោះ ចាន់ ស្រីល័ក្ខ ហៅលី ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤ ផ្លូវបេតុង ភូមិតាព្រហ្ម សង្កាត់ ព្រែកឯង ខណ្ឌមានជ័យ (ថៅកែហាង) ឈ្មោះសឿន តី ហៅសឿន ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំស្នាក់នៅផ្ទះលេខ៤ ផ្លូវបេតុង ភូមិតាព្រហ្ម សង្កាត់ ព្រែកឯង ខណ្ឌមានជ័យ មានមុខរបរជាអ្នក មើលការខុសត្រូវ ។

មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា មេ ខ្លោងទាំងបីនាក់ បានធ្វើសកម្មភាពលួងលោម ក្មេងស្រីរងគ្រោះ រួចហើយយកមកបង្ខាំង ទុក ដើម្បីឱ្យទៅដេកជាមួយភ្ញៀវនៅពេល ដែលគេត្រូវការ ។

ក្រោយការជួយ សង្គ្រោះ ក្មេងស្រីមិនទាន់គ្រប់អាយុទាំង៣នាក់ ត្រូវ បានសមត្ថកិច្ចអនុញ្ញាត ឱ្យត្រឡប់ ទៅវិញ ហើយមនុស្សពាក់ព័ន្ធមួយចំនួនទៀត ដូចជា អ្នករត់ម៉ូតូឌុប ក៏ត្រូវបាន អនុញ្ញាតឱ្យត្រឡប់ ទៅវិញដែរ ដោយសារតែគាត់មិនជាប់ពាក់ ព័ន្ធ ៕

<object width="500" height="400" data="http://www.youtube.com/v/53j7s_X2tns&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/53j7s_X2tns&rel=1" /></object>

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល