(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាបេស្បល កាលពីចុងសប្ដាហ៍កន្លងទៅ បានរៀបចំការប្រកួតលក្ខណៈមិត្តភាពមួយ នៅលើទីលានវិទ្យាល័យបឹងត្របែក រវាងក្រុមយុវជននៃក្លឹបទួលស្វាយព្រៃ និងក្លឹបបេស្បលបឹងត្របែក ដើម្បីស្វែងរកថ្នាលយុវជនមានសមត្ថភាព និងបណ្ដុះបណ្ដាលពួកគេឲ្យក្លាយជាកីឡាករអាជីព សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោក អ៊ាន ភារ៉ា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាបេស្បល បានថ្លែងឲ្យដឹងថា នេះគឺជាព្រឹត្តិការណ៍ប្រចាំខែ ហើយនេះជាលើកទី៣ ហើយ ដែលរៀបចំឡើង ដើម្បីផ្ដល់ឱកាសឲ្យក្មេងៗបានចូលរួមលេង និងស្គាល់ពីកីឡាបេស្បល ក៏ដូចជាផ្សព្វផ្សាយឲ្យមហាជន ទូទៅបានស្គាល់ពីកីឡានេះផងដែរ ។

លោកបន្ដថា នៅក្នុងការប្រកួតនេះ សហព័ន្ធតែងតែតាមដានរាល់សកម្មភាពរបស់កីឡាករ-កីឡាការិនីពួកគេ ដើម្បីវាយតម្លៃលើសមត្ថភាព និងទេពកោសល្យ មុននឹងចម្រាញ់យកមកចងក្រងជាក្រុមថ្នាលផ្លូវការ សម្រាប់បណ្ដុះបណ្ដាល និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ ពិសេសគឺត្រៀម SEA Games 2023 នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះតែម្ដង ។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួន នៅមិនទាន់ស្គាល់ពីកីឡាបេស្បលនោះទេ ប៉ុន្ដែសហព័ន្ធបាននឹងកំពុងព្យាយាមរៀបចំកម្មវិធីផ្សេងៗ ដើម្បីជំរុញពួកគាត់ឲ្យបានស្គាល់ និងចូលរួមគាំទ្រទាំងអស់ ដើម្បីជាកម្លាំងក្នុងការអភិវឌ្ឍន៍កីឡានេះឲ្យកាន់តែរីកចម្រើន សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង