ដើមឈើកាលណា ជិតចេញផ្លែ វាត្រូវការទឹក និងជីយ៉ាងច្រើន។ រីឯមាន់ទាក៏ដូចគ្នាដែរ កាលណា
វាស្ថិត នៅក្នុងវ័យ បញ្ចេញពង វាត្រូវការការបំប៉ន ចំណីល្អដល់វាឱ្យ បានឆ្អែតទើបវា ពងបានស្មើ
ហើយ ធំៗល្អ។ ចំណែកមនុស្សយើង ក៏ដូចគ្នាដែរក្នុង ពេលមានគភ៌ កាន់តែត្រូវការការ បំប៉នចំណី
អាហារ ឱ្យបានគ្រប់គ្រាន់ និងមានជីវជាតិ ទៀតផង ទើបអាចទប់ទល់ នឹងបម្រែបម្រួលផ្សេងៗ របស់
រាងកាយបាន។ តើចំណីអាហារ បែបណា ដែលស្ដ្រីមានផ្ទៃពោះ គួរបរិភោគ?

ខាងក្រោមនេះ គឺជាការ បកស្រាយ ដោយលោកស្រីវេជ្ជបណ្ឌិត ជូ ពិន អ្នកឯកទេសខាងសម្ភព និង
រោគស្ដ្រីនៃមន្ទីរពេទ្យកាល់ម៉ែត្រ ទាក់ទិនចំណីអាហារសម្រាប់ស្ត្រីមានផ្ទៃពោះ។

សម្រេចចិត្ដក្នុងការមានផ្ទៃពោះ

គ្រប់ស្ដ្រីទាំងអស់ នៅពេលសម្រេចចិត្ដ ថាមានផ្ទៃពោះ គប្បីប្រតិបត្ដិតាមវេជ្ជបញ្ជា របស់គ្រូពេទ្យនូវ
ប្រការ មួយចំនួន ដូចជាការទទួលថ្នាំ ដែលមានជាតិដែក និងការពិនិត្យសុខភាព មួយចំនួនទៀត
ជាការចាំបាច់។ បើសុភាពនារីចង់ជ្រាបច្បាស់ សូមអានអត្ថបទ ការត្រៀមខ្លួនមាន ផ្ទៃពោះរបស់ស្ដ្រី
ដែលបានចេញផ្សាយ កាលពី លេខ ០១៧ ខែ មិថុនា ឆ្នាំ ២០០៧ របស់ទស្សនាវដ្ដី សុខភាពយើង។

ការទទួលទាននៅដំណាក់កាលដំបូងនៃគភ៌

ក្នុងកំឡុងពេល បីខែដំបូង អ្នកម្ដាយគួរថែរក្សា សុខភាពរាងកាយ ឱ្យបានប្រសើរបំផុត និងបរិភោគ
អាហារ ក្នុងបរិមាណធម្មតា។ ប៉ុន្ដែរយៈពេលនេះ ជាពេលវេលាដែល ស្ដ្រីភាគច្រើនជួប ប្រទះនឹង
អាការ ចាញ់កូនដែលធ្វើ ឱ្យលោកស្រីអ្នកនាង អស់កម្លាំង ល្ហិត ល្ហៃ ក្អួតចង្អោរ ទទួលទានអ្វីមិនបាន
ជាហេតុធ្វើឱ្យស្ដ្រី មួយចំនួនត្រូវថមថយ ទម្ងន់រាងកាយ។ គ្រប់ស្ដ្រីទាំងអស់ មិនគួរបរិភោគអាហារ
ដែលមាន ជាតិហឹរខ្លាំងទេ នៅរយៈពេល ៣ខែដំបូង នៃគភ៌ ផ្ទុយទៅវិញគួរតែទទួល ទានទឹកសណ្ដែក
ឬបើអាចទទួលទាន ទឹកដោះគោបាន កាន់តែប្រសើរ សូមព្យាយាមទទួល ទានអាហារឱ្យបាន ច្រើន
ដើម្បីទប់ទល់ នឹងអាការចាញ់កូន។

ការទទួលទាននៅដំណាក់កាលរីកចម្រើននៃគភ៌

សម្រាប់ស្ដ្រីមានផ្ទៃពោះ ក្រៅពីការថែទាំខ្លួនឱ្យ បានល្អហើយនោះ ចាំបាច់ត្រូវយកចិត្ដ ទុកដាក់ទៅ
លើចំណី អាហារផងដែរ។ ជាពិសេសចំណីអាហារ ដែលផ្ដល់អត្ថប្រយោជន៍ សម្រាប់សុខភាព ផ្ទាល់
ខ្លួន និងទារកក្នុងផ្ទៃ។

គ្រប់អាហារចាំបាច់ ត្រូវមានជីវជាតិ គ្រប់គ្រាន់ ទាំងប្រូតេអ៊ីន ទាំងលីពីត ទាំងគ្លុយស៊ីត ហើយមិន
មែនសំដៅ ដល់ចំណីអាហារ ដែលមានតម្លៃ ខ្ពស់នោះទេ។ អាហារមានតម្លៃ ថោកក៏មានជីវជាតិ
អាចបំប៉នសុខភាព បានដែរ។ ទាំងនេះវាអាស្រ័យ ផងដែរទៅលើស្ដ្រី ខ្លួនឯងផ្ទាល់ ការទទួលទាន
បានច្រើនរិតតែប្រសើរ។

មានស្ដ្រីមួយចំនួនទទួលទាន អាហារច្រើនបរិបូណ៍ អ្នកខ្លះទៀតទទួលទាន មិនបានឬក្អួតចេញ មក
វិញគ្មានសល់ពេលខ្លះ បណ្ដែតបណ្ដោយ មិនអត់ធ្មត់ប្រឹងប្រែង ទទួលទាន។ ផ្ទុយទៅវិញស្ដ្រី នៅ
តាមជនបទ មួយចំនួន ពេលមានផ្ទៃពោះ មិនមានអ្វីទទួលទាន បរិបូណ៍ទេ តែពួកគាត់នៅតែ មាន
សុខភាពល្អ ហើយទារកនៅតែមាំមួន គ្មានបញ្ហាអ្វីទាំងអស់។

ស្ដ្រីគ្រប់រូបអាច ទទួលទានចំណីអាហារ គ្រប់ប្រភេទ ដែលមានប្រយោជន៍ សម្រាប់សុខភាព ព្រោះ
វាអាចជួយបំប៉ន ការលូតលាស់ របស់ទារកក្នុងផ្ទៃ ហើយថែមទាំងអាច ជួយបង្កើនការ ផលិតទឹក
ដោះឱ្យ បានគ្រប់គ្រាន់ រួមទាំងការសម្រាល បុត្រប្រកបដោយ សុវត្ថិភាពទៀតផង។ ចំណីអាហារ
ទាំងនោះ ត្រូវបានចែកចេញ ជាប្រភេទផ្សេងៗគ្នា។

• អាហារថាមពល ៖ មានដូចជាស៊ុត ទឹកដោះគោ ត្រី សាច់សត្វ ថ្លើម សណ្ដែកសៀង សណ្ដែក
ខៀវជាដើម។ គួរទទួលទានស៊ុតឱ្យ បាន១ទៅ២គ្រាប់ ក្នុងមួយថ្ងៃ ទឹកដោះគោ១ ឬ២កែវ ចំណែក
ឯតៅហ៊ូ និងទឹកសណ្ដែក ក៏មានអត្ថប្រយោជន៍ ផ្ដល់ប្រូតេអ៊ីន ដូចសាច់សត្វដែរ។ ដូចគ្នានេះដែរ
បាយ ម្សៅ ស្ករ ខ្លាញ់ និងប្រេងរុក្ខជាតិ គួរតែទទួលទាន ឱ្យបានសមល្មម រួមជាមួយអាហារ ដែល
ផ្ដល់ជាតិ ប្រូតេអ៊ីនខ្ពស់។ រាល់ការចម្អិនអាហារ គួរប្រើប្រេងរុក្ខជាតិ ដូចជា ប្រេងសណ្ដែក ប្រេង
ពោតជាដើម។ គប្បីទទួលទានអាហារ ដែលផ្ដល់ថាមពល ឱ្យបានមួយថ្ងៃ ៣០០០ កាឡូរី។

• អាហារសរីរាង្គ ៖ សំដៅទៅលើប្រភេទ បន្លែដែលមានស្លឹកពណ៌ បៃតងគ្រប់ប្រភេទ ព្រមទាំងបន្លែ
ផ្សេង ៗទៀត ដូចជា ប៉េងប៉ោះ ល្ពៅជាដើម ដែលអាហារប្រភេទនេះ ជួយឱ្យរាងកាយ ដំណើរការ
បានល្អ ធម្មតា។ ក្រៅពីនេះមានផ្លែឈើគ្រប់ប្រភេទដូចជា ចេក ក្រូចពោធិ៍សាត់ ល្ហុង ត្របែកជាដើម
អាចទទួលទាន ជាមួយគ្នាក្នុងពេល តែមួយបាន ដើម្បីឱ្យរាងកាយ ទទួលបាននូវ កាកសរសៃ ជួយ
សម្រួលដល់ ការបន្ទោរបង់ ព្រោះស្ដ្រីមានផ្ទៃពោះ អាចជួបបញ្ហា ទល់លាមក។

ថែមពីលើនេះទៀត គួរទទួលទានអាហារ ដែលមានជាតិ កាល់ស្យូម ផូស្វ័រ ម៉ាញ៉េស្យូម ស័ង្កសី និង
ជាតិអ៊ីយ៉ូដ។ ចំពោះវីតាមីនវិញ មានពពួកវីតាមីន ដែលរលាយក្នុង ខ្លាញ់បាន ដូចជាវីតា មីនអា ដេ
អឺជាដើម និងវីតាមីនដែល រលាយក្នុងទឹក មានវីតាមីនបេ និងវីតាមីសេ។ ម្យ៉ាងវិញទៀតគ្រប់ ស្ដ្រី
មានផ្ទៃពោះ ត្រូវទទួលទាន ទឹកឱ្យបានយ៉ាង តិច៦កែវក្នុងមួយថ្ងៃ លើកលែងតែករណី មានការណែ
នាំ ពីវេជ្ជបណ្ឌិត ជំនាញ។

ការទទួលទាននៅដំណាក់កាលចុងក្រោយនៃគភ៌

នៅពេលឈានចូលដល់ ត្រីមាសទីបីនៃគភ៌ គ្រប់ស្ដ្រីមានផ្ទៃពោះទាំងអស់មិន គួរបរិភោគអាហារ
ដែលមានជាតិប្រៃទេ ព្រោះអាចបណ្ដាលឱ្យ ហើមជើងបាន។ ផ្ទុយទៅវិញ បើបរិភោគអាហារ ដែល
មានរសជាតិផ្អែម ពេកក៏អាចមាន ផលវិបាកដែរ បើមានអត្រា ជាតិស្ករខ្ពស់។

ប្រភេទចំណីអាហារគួរចៀសវាង

ស្ដ្រីមានផ្ទៃពោះ គួរគប្បីប្រយ័ត្នចំពោះ ការបរិភោគចំណីអាហារ ព្រោះវាអាចបណ្ដាល ឱ្យមានគ្រោះ
ថ្នាក់ចំពោះ ទារកក្នុងផ្ទៃបាន ដោយសារការឆ្លង មេរោគពីចំណី អាហារដែលមិនស្អាត។ មេរោគទាំង
នោះ អាចនាំឱ្យមានបញ្ហា ដូចជារលូតទារក សម្រាលមុន ពេលកំណត់ ពិការតាំងពីកំណើត ឬប្រ
ឈមមុខក្នុង ការឆ្លងជម្ងឺកាចសាហាវ ផ្សេងៗ។

ដូច្នេះដើម្បី សុខភាព ស្ដ្រីមានផ្ទៃពោះ គួរចៀសវាងចំណី អាហារមួយចំនួន ដូចជា សាច់ក្រក សាច់
ប្រឡាក់ ចំណីអាហារក្លាស្សេ ស៊ុតដែលមិនបានចម្អិនឱ្យឆ្អិនល្អមុននឹងបរិភោគជាដើម។ ជាមួយគ្នា
នេះ គ្រឿងស្រវឹងមានដូចជាស្រា ស្រាបៀរ និងភេសជ្ជៈមានជាតិស្រវឹង គួរចៀសវាងដាច់ខាត។
ក្រៅពីនេះ តែ និងកាហ្វេ ក៏ពុំគួរទទួលទានឡើយ ប៉ុន្ដែគួរពិសាទឹកស្អាត និងទឹកផ្លែឈើស្រស់ទើប
ប្រសើរ។

ស្ដ្រីមានផ្ទៃពោះត្រូវចៀសវាងកុំពិសាបារី ព្រោះវាមិនត្រឹមតែគ្មានប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងបង្ក
គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់ស្ដ្រីខ្លួនឯង និងទារកក្នុងផ្ទៃទៀតផង ដូចជាធ្វើឱ្យទារកមានការរីកចម្រើនធំ
ធាត់យឺត ហើយកើតមកមានរូបរាងតូចជាធម្មតា ឬអាចពិការផងក៏មាន។

ដំបូន្មានអ្នកជំនាញ

ក្រៅពីអ្វីដែលបាន ជម្រាបជូនខាងលើនេះ ស្ដ្រីមានផ្ទៃពោះ គួរគប្បីទៅពិនិត្យ ផ្ទៃពោះនៅ មណ្ឌល
សុខភាព ជាប្រចាំ ដើម្បីតាមដានសុខភាព ខ្លួនឯងក៏ដូចជា ការលូតលាស់ របស់ទារកក្នុងផ្ទៃ និង
ស្វែងយល់នូវ ប្រការមួយចំនួន ដែលស្ដ្រីមានផ្ទៃពោះ គួរប្រតិបត្ដិ។ សូមចងចាំរយៈពេល មានផ្ទៃ
ពោះ ព្រោះវាជាពេលវេលា ដើម្បីថែរក្សាសុខភាព ជាពិសេសមិនអាច ប្រហែសបានទេ៕

(ដកស្រង់ពីគេហទំព័រ www.healthcambodia.com)

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល