ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លដែលប្រារព្ធឡើងក្នុងខេត្តតាកែវ នៅថ្ងៃពុធ ទី២២ ខែឧសភានេះ គោឧសភរាជ បានបរិភោគអាហារចំនួន ៣មុខ ក្នុងចំណោម ៧មុខ គឺ ស្រូវ ពោតនិងសណ្តែកដែលបង្ហាញថាដំណាំ និងការប្រកបកសិកម្មនៅក្នុងឆ្នាំនេះទទួលបានផលល្អប្រសើរ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានប្រារព្ធឡើងក្នុងក្រុងដូនកែវ ខេត្តតាកែវ ក្រោមព្រះរាជាធិបតីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី រួមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ ត្រូវបានជ្រើសរើសឱ្យធ្វើជាស្តេចមាឃ ដឹកនាំគោឧសភរាជភ្ជួរលើវាលព្រះស្រែ ខណៈដែលភរិយារបស់លោក លោកស្រី ស្រី ប៉ុណ្ណាដាវី ជ្រើសតាំងជាមេហួព្រួសគ្រាប់ស្រូវនៅពីក្រោយស្វាមី។

ក្រោយពេលការភ្ជួររាស់រួចរាល់ហើយ គោឧសភរាជទាំងពីរត្រូវបាននាំទៅកាន់កន្លែងដាក់គ្រាប់ធញ្ញជាតិចំនួន៧មុខ ដែលមានដូចជា ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និងទឹក។ព្រាហ្មណ៍ ព្រះរាជ គ្រូបុរោហិត បានថ្លែងឲ្យដឹងថា៖ «លទ្ធផលនៃការផ្សងប្រផ្នូលតាមរយៈគោឧសភរាជដែលបានបរិភោគនូវអាហារទាំង៧មុខទៅតាមតម្រាពីបរមបុរាណ ហើយដែលគោឧសភរាជបានបរិភោគមានដូចតទៅ៖ ស្រូវបាន៨៥ភាគរយ ពោតបាន៩០ភាគរយ និងសណ្តែកបាន ៨៥ភាគរយ»។

ព្រាហ្មណ៍ ព្រះរាជ គ្រូបុរោហិត បានបន្តទៀតថា នេះជាការផ្សងប្រផ្នូលទៅតាមទំនៀមទំលាប់រាជបរវេណីនៃព្រះរាជពិធីច្រត់ព្រះនង្គ័លដែលមានតាំងពីបុរាណកាលមក ហើយនេះជាសញ្ញាដ៏ល្អមួយសម្រាប់ការដាំដុះដំណាំស្រូវ ពោត និងសណ្តែកនៅក្នុងប្រទេសរបស់យើងក្នុងឆ្នាំនេះ។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃពុធ ទី២២ ខែឧសភាថា ព្រះរាជពិធីច្រត់ព្រះនង្គ័លគឺជាពិធីប្រពៃណីនៅក្នុងកម្ពុជាដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។

លោកបានសរសេរថា៖ «ថ្ងៃនេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធនូវព្រះរាជពិធីបុណ្យ«ច្រត់ព្រះនង្គ័ល»ដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ»។

លោកហ៊ុន សែនបានបន្តថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅ តាមការបរិភោគរបស់ «គោឧសភរាជ»។ ម្យ៉ាងទៀតក៏ជាការដាស់តឿនក្រើនរំឭក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ៕

ប្រភព ៖ khmertimes