(ញូដេលី)៖ មហាយក្សឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេលំដាប់ទីពីរលើលោក (ជាង ១.២ពាន់លាននាក់) និងជាប្រទេសដែលកំពុងមានសន្ទុះសេដ្ឋកិច្ចមិនចាញ់មហាយក្សចិនប៉ុន្មាននោះ បានបង្ហាញមហិច្ឆតារបស់ខ្លួនក្នុងការកសាងស្ថានីយ៍អវកាសផ្ទាល់ខ្លួន ខណៈដែលចិនក៏កំពុងមានផែនការមិនខុសគ្នានេះដែរ ដើម្បីប្រជែងនឹងស្ថានីយ៍អវកាសអន្តរជាតិ ISS ដែលមានស្រាប់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយបណ្តាញសារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក A.S. Kiran Kumar ប្រធានអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានថ្លែងប្រាប់សារព័ត៌មានឥណ្ឌាដូច្នេះថា «យើងមានសមត្ថភាពគ្រប់យ៉ាងក្នុងការបង្កើតស្ថានីយ៍អវកាសមួយឡើង។ នៅថ្ងៃដែលប្រទេសនេះសម្រេចចិត្ត យើងក៏នឹងឆ្លើយយល់ព្រមផងដែរចំពោះគំរោង។ វាគ្រាន់តែត្រូវការការបង្កើតនយោបាយមួយ និងផ្តល់ឲ្យយើងនូវជំនួយនានា ព្រមទាំងពេលវេលាតាមដែលអាចទៅរួចប៉ុណ្ណោះ»។

ការអះអាងរបស់ ISRO ខាងលើនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌាបានទទួលជោគជ័យលើការបាញ់បង្ហោះផ្កាយរណបចំនួន ១០៤គ្រឿងនៅក្នុងគ្រាប់រ៉ុក្កែតតែមួយ ដែលជាការបំបែកកំណត់ត្រាចាស់ដែលបានធ្វើឡើងដោយរុស្ស៊ីចំនួន ៣៧គ្រឿងកាលពីឆ្នាំ២០១៤។ កាលពីឆ្នាំ២០១៤នោះ ឥណ្ឌាក៏បានសម្រេចជោគជ័យដំបូងរបស់ខ្លួន ក្នុងការបញ្ជូនយានអវកាសទៅថតយករូបភាពភពអង្គារផងដែរ ដែលផែនការនោះមានឈ្មោះ Mangalyaan បានចំណាយទឹកប្រាក់ ៧៤លានដុល្លារអាមេរិក។

គួរបញ្ជាក់ថារដ្ឋាភិបាលឥណ្ឌាបានចំណាយប្រាក់ឧបត្ថមកាន់តែច្រើនឡើង ទៅលើការស្រាវជ្រាវទីអវកាសរបស់អង្គការ ISRO ដោយនៅឆ្នាំនេះ និងឆ្នាំក្រោយៗទៀតឥណ្ឌានឹងមានគំរោងបញ្ជូនយានទៅធ្វើការសិក្សានៅភពសុក្រ។ បេសកកម្មអវកាសរបស់ឥណ្ឌាត្រូវបានលោកខាងលិចមើលឃើញថា មានប្រសិទ្ធភាព និងមានការចាយវាយក្នុងតម្លៃទាបជាងបណ្តាប្រទេសនានាទាំងអស់លើពិភពលោក៕

ប្រភព ៖ ស៊ិនហួរ