សមត្ថកិច្ចអាមេរិក កំពុងធ្វើការស្រាវជ្រាវ រកមូលហេតុពិតប្រាកដថា តើធ្វើបែបណា បានជាក្មេងប្រុសអាយុ ៩ឆ្នាំម្នាក់ អាចលួចឡើងយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta និងបានឆ្លងកាត់ចម្ងាយផ្លូវជាង ២,៤០០គីឡូម៉ែត្រ ដោយមិនចាំបាច់មានសំបុត្រ។

យន្ដហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta

ទំព័រ Telegraph បានឱ្យដឹងកាលពីថ្ងៃទី ៦ តុលាថា ក្មេងប្រុសខាងលើនេះ បានឆ្លងកាត់កន្លែងត្រួតពិនិត្យផ្នែកសន្ដិសុខចំនួន ៣កន្លែង នៅព្រលានយន្ដហោះ Minneapolis-St. Paul រដ្ឋ Minnesota អាមេរិក ប្រកប់ដោយភាពងាយស្រួល មុនពេលឡើងយន្ដហោះ ទៅកាន់ Las Vegas ។

ក្នុងអំឡុងពេលហោះហើរ កុមារានេះ ដើរតែម្នាក់ឯង និងមិនមានកន្លែងអង្គុយ នាំឱ្យបុគ្គលិកនៅលើយន្ដហោះសង្ស័យ ហើយក៏បានរាយការណ៍ដល់នគរបាល។ សមត្ថកិច្ច បានមានវត្តមាននៅព្រលានយន្ដហោះ Las Vegas នៅពេលយន្ដហោះចុះចត និងបានប្រគល់កុមារនេះទៅឱ្យអង្គការការពារកុមារ។

យោងតាមសារព័ត៌មាន Minnesota កុមារនេះ ត្រូវគេជឿថា បានចាកចោលផ្ទះ និងបានចំណាយពេលមួយថ្ងៃ (២តុលា) នៅឯព្រលានយន្ដហោះ Minneapolis-St. Paul ។ កុមារអាយុ៩ឆ្នាំខាងលើ បានយកវ៉ាលីសរបស់ភ្ញៀវម្នាក់ រួចយកទៅកាន់ហាងមួយនៅក្នុងតំបន់ត្រួតពិនិត្យ។ នៅក្នុងហាងនេះ កុមារនេះ បានពឹងបុគ្គលិកហាងម្នាក់ ឱ្យជួយមើលវ៉ាលីស ដោយថាខ្លួនទៅបន្ទប់ទឹក ប៉ុន្ដែ ក្រោយមក មិនបានត្រឡប់មកវិញ។

ករណីនេះ ត្រូវបានរាយការណ៍ដល់គណកម្មការសន្ដិសុខផ្នែកដឹកជញ្ជូន (TSA) ជាស្ថាប័នដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យសន្ដិសុខ មុនពេលអនុញ្ញាត់ឱ្យកុមារនេះចូលទៅកាន់តំបន់ត្រៀមហោះហើរ។

បច្ចុប្បន្ន កុមារខាងលើនេះ ត្រូវបានប្រគល់មករដ្ឋ Minnesota ហើយពុកម្ដាយរបស់ប្អូនប្រុស កំពុងសហការណ៍ជាមួយសមត្ថកិច្ច ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta និយាយថា ៖ “យើងខ្ញុំកំពុងស្រាវជ្រាវ និងសហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធ។ នេះគឺជាករណីមួយ កម្រនឹងជួបប្រទះ។

ដោយ ៖ តារា
ប្រភព ៖ Telegraph