(ភ្នំពេញ)៖ ស្រីក្រមុំខ្មែរចំនួន ៣នាក់ ដែលត្រូវបានក្រុមជួញដូរមនុស្សឆ្លងដែន នាំយកទៅលក់រហូតដល់ប្រទេសវៀតណាម ជាប់ព្រំដែនចិន ហើយបង្ខាំងទុកនៅក្នុងផ្ទះសំណាក់ ដែលមិនដឹងភូមិសាស្ត្រ និងទីតាំងច្បាស់លាស់នោះ ទីបំផុកពួកនាងៗ នឹកឃើញទូរស័ព្ឌចូលមក វិទ្យុ abc សុំអោយជួយអន្តរាគមន៏ រហូតដល់ប្រីយមិត្ត និងសមត្ថកិច្ចសហការគ្នា ធ្វើការស្រាវជ្រាវឃើញទីតាំងហើយប្ដឹង ទៅសមត្ថកិច្ច វៀតណាមរំដោះខ្លួនពួកនាងៗ បានមកវិញ។

ហេតុការណ៏នេះបានកើតឡើង នៅវេលាម៉ោងប្រមាណជាង ៩ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បន្ទាប់ពីស្ត្រីរងគ្រោះខាងលើដែលត្រូវ បានគេបង្ខាំងទុកនៅក្នុងផ្ទះសំណាក់ មួយកន្លែងដែលក្រោយមក គេស្រាវជ្រាវដឹងថាមានទីតាំង នៅក្នុងខេត្តម៉ុងកាយ ប្រទេសវៀតណាម ជាប់ព្រំដែនប្រទេសចិនមានចំងាយពី ទីក្រុងហាណូយ ៣៥០គីឡូម៉ែត្រ ឯណោះ ហើយសមត្ថកិច្ចខ្មែរ បានសហការជាមួយស្ថានទូតខ្មែរប្រចាំ នៅហាណូយធ្វើការស្រាវជ្រាវ រហូតរកឃើញស្ត្រីខ្មែរទាំង ៣នាក់ ខាងលើនេះដែលបច្ចុប្បន្ន សមត្ថកិច្ចវៀតណាមបានរំដោះយកមកដល់កន្លែង សមត្ថកិច្ចហើយ។

ស្ត្រីខ្មែរដែលគេនាំយកទៅជួញដូរ រហូតដល់ប្រទេសវៀតណាម ជាប់ព្រំដែនចិនខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះរួមមាន៖ ទី១.គុជ ហៀង ទី២.លន់ ស្រីមិច និងទី៣.ដួង រី ដោយស្ត្រីរងគ្រោះទាំង ៣នាក់មិនទាន់ត្រូវបានគេស្គាល់ ទីលំនៅនិងអាយុពិតប្រាកដ នៅឡើយទេ តែគ្រាន់តែគេដឹងថាពេលពួកនាងទូរស័ព្ឌ ចូលក្នុងវិទ្យុ abc បានអះអាងថាពួកខ្លួននៅក្មេងវ័យ ដោយមានម្នាក់អាយុទើប ១៦ឆ្នាំតែប៉ុណ្ណោះ។ ក្រៅពីស្ត្រីរងគ្រោះទាំង៣នាក់ សមត្ថកិច្ចវៀតណាម ក៏ឃាត់ស្ត្រីវៀតណាមជាមេខ្យល់ បានម្នាក់ផងដែរ។

សូមបញ្ជាក់ថា នៅព្រឹកមិញនេះគេស្ដាប់ឮ មានស្ត្រីម្នាក់ទូរស័ព្ឌចូលមកវិទ្យុ abc ដោយអះអាងថាពួកនាង មានគ្នាចំនួន៣នាក់ត្រូវបានមេខ្យល់ វៀតណាមបង្ខាំងទុក នៅក្នុងផ្ទះសំណាក់មួយកន្លែង នៅប្រទេសវៀតណាម តែមិនដឹងនៅកន្លែងណានោះទេ ព្រោះនាងមិនចេះអក្សរ និងភាសាវៀតណាម និងសូមអោយជួយរំដោះពួកនាងផង។

ក្នុងនោះនាងបានអះអាងថា ពួកនាងមានគ្នា ៣នាក់ត្រូវមេខ្យល់នាំ ទៅប្រទេសវៀតណាមដោយ ជិះរថយន្តក្រុងទៅចុះនៅទីក្រុងហូជីមិញ ហើយក៏ជិះបន្តរហូតដោយ ពួកនាងមិនស្គាល់ទីតាំង និងភូមិសាស្ត្រនោះទេ ហើយពេលទៅដល់ចំណុច ខាងលើមេខ្យល់បាននាំពួកនាង អោយទៅស្នាក់នៅក្នុងផ្ទះសំណាក់មួយ។ លុះព្រឹកឡើងខណៈមេខ្យល់ចេញក្រៅ ទើបពួកនាងមានឱកាសទូរស័ព្ឌ ចូលមកវិទ្យុ abc ដើម្បីសុំអោយជួយអន្តរាគមន៏ រំដោះពួកនាង ខណៈដែលនៅតំបន់ គេបង្ខាំងពួកនាងនោះគឺ ពួកនាងមិនស្គាល់អ្វីទាំងអស់ គ្រាន់តែដឹងថា នៅប្រទេសវៀតណាម ព្រោះមានសរសេរអក្សរ និងនិយាយភាសាវៀតណាម ហើយពួកនាងមិនហ៊ានចេញក្រៅនោះទេ ខ្លាចបក្ខពួកមេខ្យល់ គេចាំឃ្លាំមើល ហើយសូម្បីតែខោអាវ ក៏មិនមានជាប់ខ្លួនដែរ ទំនងមេខ្យល់ដកទុកខ្លាច ពួកនាងៗរត់ចេញ។

ក្រោយមានការទូរស័ព្ឌ ចូលសុំការអន្តរាគមន៏ដូច្នេះ ពិធីការិនីវិទ្យុ abc បានទាក់ទងទៅសមត្ថកិច្ចក្រសួងមហាផ្ទៃ និងសមត្ថកិច្ចផ្សេងៗទៀត រួមទាំងស្ថានទូតខ្មែរនៅប្រទេសវៀតណាមផងដែរ។ចុងក្រោយខាងស្ថានទូត បានប្ដឹងសុំអន្តរាគមន៏ ទៅក្រសួងការទេស និងសមត្ថកិច្ចវៀតណាមបើកធ្វើការ ស្រាវជ្រាវតាមរយៈទូរស័ព្ឌ រហូតឃើញទីតាំងបង្ខាំង និងរំដោះពួកនាងៗ បានមកវិញនៅវេលាម៉ោងជាង ១០ព្រឹក ថ្ងៃដដែរ រួមទាំងឃាត់ខ្លួនមេខ្យល់បាន ម្នាក់ទៀតផងដែល។

បច្ចុប្បន្នស្ត្រីខ្មែររងគ្រោះទាំង ៣នាក់ខាងលើនេះកំពុងស្ថិតនៅ ក្នុងការឃុំគ្រងរបស់សមត្ថកិច្ចវៀតណាម ហើយនៅថ្ងៃស្អែកខាង ស្ថានទូតខ្មែរនៅទីក្រុងហាណូយ នឹងចាត់មន្ត្រីទូតទៅទទួលយក ពួកនាងមកកាន់ស្ថានទូត ដើម្បីបញ្ជូនមកស្រុកខ្មែរវិញហើយ។ តាមការសន្និដ្ឋាន ស្ត្រីខ្មែរខាងលើទំនងចាញ់បោកមេខ្យល់ វៀតណាមនាំទៅធ្វើការនៅប្រទេសវៀតណាម ឬទៅប្រទេសចិនជាដើម តែពេលនាំទៅ ទំនងពួកនាងភ័យខ្លួនខ្លាចគេ នាំយកទៅលក់ឬនាំទៅធ្វើពេស្យាចារ ទើបធ្វើអោយពួកនាងភ័យក៏ទូរស័ព្ឌ រកការអន្តរាគមន៏ដើម្បីវិលត្រឡប់ មកប្រទេសវិញតែម្ដងទៅ ព្រោះការធ្វើដំណើរតាមរថយន្តក្រុង ពីទីក្រុងហូជីមិញ ទៅដល់ព្រំដែនចិនគឺប្រើពេលយ៉ាងហោច ណាស់ក៏ ៤ទៅ៥ ថ្ងៃដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូូវអាសុី