តាកែវ ៖ កម្លាំងនគរបាល ស្រុកទ្រាំង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ បានឃាត់ខ្លួន
ស្រ្តីម្នាក់ បន្ទាប់ពី សង្ស័យ បានចូលសមគំនិត ជាមួយបក្ខពួក ៣នាក់ផ្សេងទៀត សម្លាប់ប្ដី
របស់ខ្លួនឯង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៣ ។

បើតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ស្រ្តីជាជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួន ឈ្មោះ
ជូន សុភាព អាយុ ៣៦ ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅផ្ទះជនសង្ស័យ ស្ថិតនៅក្នុង
ភូមិព្រៃផ្ដៅ ឃុំរនាម ស្រុកទ្រាំង ពាក់ព័ន្ធការសម គំនិតជាមួយប្អូនធម៌របស់ខ្លួន ៣នាក់ទៀត
សម្លាប់ប្ដីខ្លួនឯង ឈ្មោះ បូ ណូន អាយុ ៤០ឆ្នាំ កាលពីថ្ងៃទី១៥ ខែ មិថុនា កន្លងទៅ នៅ
លើផ្ទះរបស់ខ្លួន ។

សមត្ថកិច្ចបានបន្តថា ការចាប់ខ្លួននេះ ធ្វើឡើង ទៅតាមការសាកសួរ របស់សមត្ថកិច្ច ទៅលើ
កូនប្រុសជនរងគ្រោះ ឈ្មោះ សួន វណ្ណៈ អាយុ ១៤ ឆ្នាំ ដែលបានស្ថិតនៅ ក្នុងហេតុការណ៍
ហើយឃើញក្រុមឃាតកសម្លាប់ឪពុករបស់ ខ្លួនដោយផ្ទាល់ភ្នែក ។

បើតាមការរៀបរាប់របស់ ឈ្មោះ សួន វណ្ណៈ ជាកូនរបស់ជនរងគ្រោះ ប្រាប់សមត្ថកិច្ចថា
កាលពីថ្ងៃទី១៥ ខែមិថុនាវេលាម៉ោង ១១យប់ ស្រ្តីជាម្ដាយ ដែលទៅធ្វើការ ជាកម្មករកាត់ដេរ
នៅភ្នំពេញ បានមកលេងផ្ទះ ដោយនាំបុរស ៣ នាក់ មកជាមួយ ដោយអះអាងថា ជាប្អូនធម៌
ហើយក្នុងចំណោមបុរស ៣ នាក់នោះ ម្នាក់ឈ្មោះ ភ័ណ្ឌ អាយុ ប្រហាក់ប្រហែលឪពុករបស់ខ្លួន
ហើយជាទាហាន នៅស្រុកគីរីវង់ ។ សួន វណ្ណៈ បានបន្តថា ពេលដែលម្ដាយមក ដល់
បានសួរនាំសុខទុក្ខឪពុក ហើយក្រោយមកឪពុករបស់ខ្លួន បានប្រាប់ម្ដាយថា មិនស្រួលពោះ
រួចក៏ទៅបត់ជើង ធំនៅក្រោយផ្ទះ លុះពេលត្រឡប់មកវិញ ស្រាប់តែឈ្មោះ ភ័ណ្ឌ បានយកដំបង
មកវាយពីក្រោយចំក្បាលដួល ហើយបុរស២នាក់ទៀត ក៏ព្រួតចាប់ឪពុកខ្លួន ដាក់លើគ្រែ
រួចយកខ្សែអង្រឹង រឹតករហូតដល់ស្លាប់ រីឯរូបគេជាកូន វិញ ត្រូវបានម្ដាយចាប់ខ្ទប់មាត់កុំឲ្យស្រែក ។

ក្មេងបុរសរូបនេះ បានឲ្យដឹងទៀតថា បន្ទាប់ពីសម្លាប់ឪពុក ឈ្មោះ ភ័ណ្ឌ បានយកខ្សែអង្រឹង
ចងដៃរបស់គេ (សួន វណ្ណៈ) ព័ទ្ធទៅក្រោយ ហើយជនសង្ស័យទាំង ៤ នាក់ បានដើរកាត់វាលស្រែ
ទៅកន្លែងចតម៉ូតូ ជិះខ្លួនគេចបាត់ ទៅ ។

ពាក់ព័ន្ធទៅនឹងការចាប់ខ្លួននេះ ស្រ្តីជនសង្ស័យ បានប្រកែកដាច់អហង្ការថា ខ្លួនមិនបានចូលរួម
សមគំនិតសម្លាប់ ប្ដីឡើយ តែទោះជាយ៉ាងណា ជនសង្ស័យត្រូវសមត្ថកិច្ច បញ្ជូនទៅកាន់តុលាការ
ដើម្បីចាត់ការបន្តទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល