(គែរ)៖ រដ្ឋាភិបាលអេហ្ស៊ីប ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក អាប់ឌែល ហ្វាតតា អាល់ស៊ីស៊ី ដែលមានប្រភពពីយោធានោះ បានចាប់ផ្តើមផែនការថ្មី ដំណាក់កាលទី១ ក្នុងការកសាងរដ្ឋធានីថ្មី របស់ប្រទេសអាហ្វ្រិកខាងជើងមួយនេះ ដែលស្ថិតនៅភាគខាងកើត នៃរដ្ឋធានីគែរបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០១៦។

រដ្ឋមន្ត្រីក្រសួងស្ថាបត្យកម្ម របស់ប្រទេសអេហ្ស៊ីប លោក Moustafa Madbouly បានឲ្យដឹងដូច្នេះថា «ក្រុមហ៊ុនចំនួនបួន បានចាប់ផ្តើមកសាង ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងរដ្ឋធានីថ្មីខាងលើនេះ។ ដំណាក់កាលដំបូង គឺក្រុមហ៊ុនរដ្ឋ ជាអ្នកធ្វើការសាងសង់។ ដោយឡែកក្រុមហ៊ុន ឯកជននានា នឹងត្រូវអនុញ្ញាតឲ្យ ចូលរួមការកសាងគម្រោងទី១នេះ នៅប៉ុន្មានខែខាងមុខ។»

គួរបញ្ជាក់ថា ដំណាក់កាលទី១ រដ្ឋាភិបាលនឹងកសាងអគាររដ្ឋបាលថ្មី ចំនួន១៤កន្លែង ដែលនឹងចំណាយប្រាក់ ៤ពាន់លានផោនអេហ្ស៊ីប ស្មើនឹង ៤៥០លានដុល្លារអាមេរិក ដែលមានអគារក្រសួងសំខាន់ៗចំនួន ១២ និងឧទ្យានដ៏ធំមួយ ដែលមានអគារស្នាក់នៅព័ទ្ធជុំវិញ។ សម្រាប់គម្រោងកសាងរដ្ឋធានីថ្មីទាំងមូល នឹងត្រូវចំណាយ ៤៥ពាន់លានដុល្លារអាមេរិក ហើយការកសាងនេះ ជាការបង្ហាញពីភាពរីកចំរើនសេដ្ឋកិច្ច និង ហេដ្ឋរចនាសម្ព័ន្ធរបស់អេហ្ស៊ីប ស្របពេលដែលរដ្ឋធានីគែរ នឹងក្លាយជាទីក្រុងបុរាណ របស់អតីតអាណាចក្រពីរ៉ាមីត ដ៏ល្បាញល្បីមួយនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង