បាត់ដំបង៖ អនុវិទ្យាល័យមួយនៅខេត្តបាត់ដំបង បានបង្កើតកម្មវិធីដាំបន្លែសរីរាង្គ និងដើមឈើហូបផ្លែទៅតាមរដូវកាល នៅក្នុងបរិវេណសាលា ដើម្បីលក់យកថវិកាជួយដល់សិស្សក្រីក្រ និងអភិវឌ្ឍន៍សាលារៀនរបស់ខ្លួន។

អនុវិទ្យាល័យនោះមានឈ្មោះថា «អនុវិទ្យាល័យបាយដំរាំ» ស្ថិតនៅលើផ្លូវលំក្រាលគ្រោះក្រហម នៃភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់។

កំពុងឈរណែនាំសិស្សពីរបៀបស្រោចទឹក និងដាក់ជីនៅសួនបន្លែ ក្នុងបរិវេណសាលា លោកផេង វុទ្ធី ជាគ្រូបង្រៀន និងជាប្រធានផ្នែកបច្ចេកទេសនៃអនុវិទ្យាល័យបាយដំរាំ បានឲ្យដឹងថា កម្មវិធីដាំបន្លែសរីរាង្គ និងឈើហូបផ្លែនេះ បានបង្កើតឡើងកាលពីអំឡុងឆ្នាំ២០១៥ មានដូចជា ត្រកួន ស្ពៃ ខ្ទឹម ម្ទេស ដើមចេក មៀន និងស្វាយជាដើម។

លោកថា៖ «វាមានប្រយោជន៍ច្រើនសម្រាប់ជួយដល់សាលារៀនយើងដែរ ប្រយោជន៍ទី១ គឺអាចឲ្យសិស្សានុសិស្សមានបំនិនមួយក្នុងជីវិតរបស់ខ្លួន ដែលអាចចេះដាំដំណាំផ្សេងៗសម្រាប់ជួយទំនុកបំរុងក្នុងជីវភាពរស់នៅប្រចាំថ្ងៃបាន ទី២ យើងយកលុយដែលលក់បន្លែបានទៅទិញអង្ករ និងហ្គាស ឲ្យសិស្សក្រីក្រ និងរស់នៅតំបន់ឆ្ងាយៗ អាចដាំបាយទទួលទាន ហើយនិងទិញសម្ភារៈសិក្សាឲ្យដល់សិស្សក្រីក្រទាំងនោះដែរ»។

លោកផេង វុទ្ធី បានបន្ថែមថា ក្រៅពីនោះ សាលាក៏បានយកថវិកាមួយផ្នែកដែលបានមកពីការលក់បន្លែសរីរាង្គ និងមានការឧបត្ថម្ភពីសប្បុរសជនមួយចំនួន យកទៅទិញសម្ភារៈប្រើប្រាស់ក្នុងសាលារៀនផងដែរ ដូចជា កង្ហា និងខ្សែអគ្គិសនីនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ដាក់នៅតាមបន្ទប់រៀន និងការរៀបចំបន្ទប់កុំព្យូទ័រសម្រាប់ឲ្យសិស្សស្រាវជ្រាវ និងរៀនសូត្រ រួមនិងការអភិវឌ្ឍនានាក្នុងសាលារៀននេះផងដែរ។

តែយ៉ាងណា លោកពុំអាចបញ្ជាក់បានថាតើចំណូលដែលបានមកពីការលក់បន្លែក្នុងមួយខែៗនោះប៉ុន្មានទេ ដោយសារថវិកាទាំងនោះត្រូវប្រគល់ទៅឲ្យបុគ្គលិកផ្នែកគណនេយ្យជាអ្នករៀបចំចាត់ចែង នៅពេលមានតម្រូវការណាមួយ។

កញ្ញា វុទ្ធ ប៊ីឡា អាយុ១៦ឆ្នាំ រៀនថ្នាក់ទី៩អា និងជាប្រធានក្រុមប្រឹក្សាកុមារនៅអនុវិទ្យាល័យបាយដំរាំ បានឲ្យដឹងថា ក្នុងការដាំបន្លែ និងឈើហូបផ្លែនេះ គណៈគ្រប់គ្រងសាលា បានធ្វើការបែងចែកសិស្សក្នុងសាលានេះជាក្រុមៗ និងដាក់វេនគ្នាចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ក្នុងការដាំ និងមើលថែបន្លែនិងឈើហូបផ្លែទាំងនោះ។ កញ្ញាថា៖ «ការដាំបន្លែ គឺដំបូងឡើយពួកយើងជួយគ្នាកាប់ដី រៀបចំជារងដាំបន្លែ ស្រោចទឹកលើដីនោះ រួចបាចជីអាចន៍គោ ហើយលោកគ្រូអ្នកគ្រូគាត់បានជួយផ្តល់ជាពូជបន្លែ ដូចជា ខ្ទឹម ម្ទេស ត្រកួន អីជាដើមសម្រាប់យើងឲ្យសិស្សៗដាំ ហើយគ្រូកសិកម្មគាត់ក៏បានណែនាំយើងពីរបៀបនៃការដាំ និងមើលថែដំណាំ»។

ប៊ីឡា បាននិយាយក្នុងទឹកមុខរីករាយថា ការជួយដាំបន្លែសម្រាប់លក់របស់គ្រូបង្រៀន និងសិស្សនៅក្នុងសាលានេះ គឺអាចរួមចំណែកក្នុងការជួយសម្រួលដល់សិស្សក្រីក្រ ដើម្បីឲ្យពួកគេអាចមានលទ្ធភាពបន្តការសិក្សាបាន បើទោះជាការជួយនេះពុំមានលក្ខណៈធំដុំក៏ដោយ។ កញ្ញាថា៖ «កន្លងមក យើងជួយដល់សិស្សក្រីក្រមួយចំនួនដែរ ដូចជាទិញខោអាវរៀន សៀវភៅ ប៊ិច ហើយសិស្សខ្លះដែលនៅឆ្ងាយ ក៏យើងបានជួយទិញកង់ឲ្យគាត់បានជិះមករៀនដែរ ប៉ុន្តែឆ្នាំនេះយើងអត់បានជួយទេ ដោយសារតែគ្រួសារពួកគាត់ក្រីក្រពេក ក៏បង្ខំចិត្តឈប់រៀនទៅ អីចឹងខាងសាលាបានយកថវិកាដែលលក់បន្លែបានទៅទិញសម្ភារៈប្រើប្រាស់វិញ ដូចជា អំបោស បង្គី កង្ហារ និងទិញអង្ករសម្រាប់ឲ្យសិស្សដាំបាយនៅសាលាជាដើម»។

បើតាម កញ្ញា ប៊ីឡា កាលពីឆ្នាំសិក្សា២០១៧-២០១៨ សាលានេះបានជួយជាសម្ភារៈសិក្សាដល់សិស្សក្រីក្រ ៤ទៅ៥នាក់ ប៉ុន្តែដោយសារជីវភាពពួកគាត់ពិបាកពេក ពួកគេក៏សម្រេចចិត្តបោះបង់ការសិក្សា។ សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩នេះ ពុំទាន់មានសិស្សក្រីក្រដែលត្រូវសាលាជួយនៅឡើយ ប៉ុន្តែសាលាបានបង្វែយកថវិកានោះទៅទិញកង្ហារបន្ថែមសម្រាប់រដូវក្តៅនេះ។

សិស្សថា្នក់ទី៩បេ មួយរូបទៀត ដែលបានចូលរួមក្នុងការដាំបន្លែសរីរាង្គនៅក្នុងអនុវិទ្យាល័យនេះដែរ កញ្ញា សឿប លីហ្សា អាយុ ១៦ឆ្នាំ យល់ថា ការបង្កើតសកម្មភាពដាំបន្លែ បន្ថែមលើការសិស្សាមុខវិជ្ជាផ្សេងៗប្រចាំថ្ងៃ ដើម្បីលក់យកប្រាក់ទៅជួយដល់សិស្សក្រីក្រ និងធ្វើការអភិវឌ្ឍសាលារៀននេះ គឺជារឿងល្អក្នុងការបណ្តុះគំនិតសិស្សឲ្យចេះជួយគ្នា បង្កើនសាមគ្គីភាព និងការទទួលបាននូវចំណេះដឹងផ្នែកកសិកម្មផងដែរ។ កញ្ញាថា៖ «ខ្ញុំមានមោទនភាព និងសប្បាយរីករាយក្នុងការជួយដាំ និងមើលថែបន្លែ និងដើមឈើហូបផ្លែទាំងនោះ ហើយខ្ញុំក៏អាចរួមចំណែកក្នុងការជួយដល់សិស្សក្រីក្រផងដែរ ព្រោះសិស្សខ្លះចង់រៀន តែអត់មានមធ្យោបាយអីជិះមករៀន អីចឹងពេលដែលសាលាឧបត្ថម្ភកង់អីទៅ អីចឹងពួកគាត់សប្បាយចិត្តនឹងមករៀនជាមួយសិស្សដទៃដែរ»។

ក្រៅពីបានប្រាក់ចំណូលពីការលក់បន្លែ និងការជួយឧបត្ថម្ភពីសម្បុរសជននានា ក្នុងការជួយដល់សិស្សក្រីក្រ និងការរៀបចំសាលារៀននេះឲ្យមានភាពល្អប្រសើរ អនុវិទ្យាល័យនេះ ក៏បានអនុវត្តនូវវិន័យតឹងរឹងចំពោះសិស្សដែរ ដូចជា ការផាកពិន័យចំពោះអ្នកដែលចោលសំរាមផ្តេសផ្តាសក្នុងទីធ្លាសាលា ក្នុងម្នាក់ ៣ពាន់រៀល សិស្សដែលលាបពណ៌សក់ត្រូវពិន័យជាសៀវភៅ ១០ក្បាលក្នុងម្នាក់ អត់មានផ្លាកឈ្មោះនិងសំលៀកបំពាក់មិនត្រឹមត្រូវ ត្រូវពិន័យឲ្យបោសទីធ្លាសាលាជាដើម។

កុមារីវ័យ១៥ឆ្នាំមួយរូបទៀត នៅអនុវិទ្យាល័យបាយដំរាំ ឈ្មោះ ជីន ជេននី ក៏បានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលចូលរួម និងបានឃើញអនុវិទ្យាល័យនេះ រៀបចំជាសួនបន្លែ មានជីកស្រះដើម្បីស្តុកទឹកទុកប្រើប្រាស់ក្នុងការស្រោចដំណាំ និងប្រើជាប្រយោជន៍ផ្សេងៗក្នុងសាលា មានការរៀបចំទីធ្លាបានល្អប្រសើរ រួមទាំងការបណ្តុះគំនិតសិស្សឲ្យចេះថែរក្សាអនាម័យ និងបរិស្ថាន។ កញ្ញាថា៖ «ការដាំបន្លែ និងដើមឈើហូបផ្លែ រួមនិងដើមឈើផ្សេងៗទៀតក្នុងសាលា ក្រៅពីបានជួយផ្តល់កម្រៃដើម្បីជួយសិស្ស និងរៀបចំសាលាឲ្យបានល្អ វាក៏អាចជួយធ្វើឲ្យបរិស្ថានក្នុងសាលារៀនមានភាពបៃតង ខណៈដែលបន្លែទាំងនោះក៏ដាំដោយប្រើជីធម្មជាតិ គ្មានការប្រើប្រាស់ជីគីមីដែលប៉ះពាល់សុខភាពអ្នកទទួលទានផងដែរ»។

នៅក្នុងដៃមានយួរបន្លែត្រកួនមួយថង់ ដែលបានទិញពីអនុវិទ្យាល័យបាយដំរាំ អ្នកស្រី រ៉េត សារ៉េម អាយុ៣៩ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងឃុំបាយដំរាំនេះ បាននិយាយថា ជារឿយៗ អ្នកស្រីតែងតែមកទិញបន្លែដែលសិស្សសាលានេះដាំ ព្រោះបន្លែទាំងនោះដាំដោយប្រើជីធម្មជាតិ ដែលមិនប៉ះពាល់ដល់សុខភាពរបស់គ្រួសារគាត់។

អ្នកស្រីថា៖ «ខ្ញុំទិញត្រកួននៅសាលាហ្នឹងមួយគីឡូ តម្លៃ២០០០រៀល ព្រោះត្រកួនធម្មជាតិ ហើយខ្ញុំឃើញក្មេងៗសិស្សសាលាហ្នឹងដាំ និងដកលក់សឹងរាល់ថ្ងៃ ហើយលឺពីសិស្សថា លុយដែលលក់បន្លែបានហ្នឹង គ្រូនិងសិស្សសន្សំទុក ទិញសៀវភៅទិញប៊ិចចែកសិស្សក្រីក្រ ដល់ចឹងទៅខ្ញុំក៏មកទិញបន្លែនៅនឹងសឹងរាល់ថ្ងៃ ព្រោះគ្មានជាតិគីមី ហើយជួយក្មេងក្រីក្របានទៀត»។

អ្នកស្រីសារ៉េម យល់ថា ការបង្រៀនសិស្សឲ្យដាំបន្លែ និងផ្លែឈើ ក្នុងបរិវេណដីសាលារៀននេះ គឺជាការផ្តល់ចំណេះដឹងផ្នែកកសិកម្មមួយផ្នែកដល់សិស្សានុសិស្ស និងជាការជួយដល់សិស្សក្រីក្រកុំឲ្យបោះបង់ចោលការសិក្សាដោយសារខ្វះខាតសម្ភារៈសិក្សាផងដែរ។

អ្នកស្រីថា៖ «បើសិនជាសាលារៀនផ្សេងៗអនុវត្តបានដូចសាលានេះបាន ខ្ញុំយល់ថាល្អ វាអាចជួយផ្តល់ចំណេះដឹង ដល់សិស្ស និងធ្វើឲ្យសាលារៀនមានភាពបៃតង»។

ប្រធានស្តីទីមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង លោក យី សុងគី បានមានប្រសាសន៍ថា បច្ចុប្បន្ន ក្រសួងអប់រំ និងមន្ទីរអប់រំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំខេត្ត បាននិងកំពុងជំរុញលើកទឹកចិត្តដល់សាលារៀនទាំងអស់ ជាពិសេសសាលារៀនដែលមានដីទំនេរច្រើន គួរគិតគូរពីការដាំបន្លែ និងដើមឈើនៅក្នុងសាលារៀន ដូចនៅអនុវិទ្យាល័យបាយដំរាំនេះ។ លោកថា៖ «ក្រសួងអប់រំកំពុងតែលើកទឹកចិត្តលើរឿងហ្នឹង ហើយមន្ទីរក៏កំពុងពិនិត្យមើលទៅលើសាលារៀនណាដែលមានដីអាចធ្វើកសិកម្មចឹងបាន យើងកំពុងជួយរៀបចំឲ្យមានកម្មវិធីដាំបន្លែកសិកម្មហ្នឹង អីចឹងអនុវិទ្យាល័យបាយដំរាំ គាត់ធ្វើចឹងគឺត្រឹមត្រូវ»។

លោកសុងគី បានបន្ថែមថា៖ «នេះក៏ជាការលើកទឹកចិត្តឲ្យសិស្សចេះពីមុខវិជ្ជាបំណិនជីវិត(Life Skill)ដែរ ព្រោះមុខវិជ្ជានេះសំខាន់ណាស់ គឺទាក់ទងជាមួយកសិកម្ម គាត់អាចដាំបន្លែ ហើយសាលារៀនខ្លះកាលណាគាត់ដាំតិច គ្រូនិងសិស្សអាចយកបន្លែនោះចែកគ្នាញ៉ាំបាន ប៉ុន្តែសាលារៀនខ្លះដែលគាត់អាចដាំច្រើនទៅ អីចឹងគាត់អាចយកដំណាំនោះទៅដាក់លក់នៅផ្សារ អីចឹងគាត់អាចយកចំណូលហ្នឹងមកទ្រទ្រង់់សាលា និងថ្នាក់រៀនរបស់គាត់បាន»។

កាលពីឆ្នាំ២០១១ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យបោះពុម្ភផ្សាយឯកសារ «កម្មវិធីសិក្សាលម្អិតបំណិនជីវិតតាមមូលដ្ឋាន» ដែលជាមូលដ្ឋានគ្រឹះនៃជំនាញផ្សេងៗសម្រាប់ការប្រើប្រាស់ក្នុងគ្រប់ស្ថានភាពនៃជីវិតរស់នៅរបស់សិស្ស ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

ការបង្កើតគោលនយោបាយអប់រំបំណិនជីវិត និងគោលនយោបាយសម្រាប់អភិវឌ្ឍន៍កម្មវិធីសិក្សាចំណេះទូទៅ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងតម្រូវការរីកចម្រើនរបស់សង្គមជាតិ ខណៈដែលកម្មវិធីបំណិនជិវិតនេះ ក៏ជាស្នូលនៃការបង្កើនគុណភាព និងប្រសិទ្ធិភាពក្នុងវិស័យអប់រំ ដែលនឹងផ្តល់ឲ្យសិស្សនូវចំណេះដឹងមូលដ្ឋានយ៉ាងជ្រៅជ្រះ និងពង្រឹងជំនាញផ្សេងៗ ដែលមានសារៈសំខាន់សម្រាប់ការស្រូបយកបទពិសោធន៍ល្អៗ ក្នុងការពង្រីកចំណេះដឹង និងបំណិនចាំបាច់សម្រាប់បម្រើជីវភាពរស់នៅប្រចាំថ្ងៃ។

មុខវិជ្ជាបំណិនជីវិតសំខាន់ៗ រួមមាន ផ្នែកកសិកម្ម ផ្នែកសិប្បកម្មខ្នាតតូច និងផ្នែកសេវាកម្ម។

យោងតាមកម្មវិធីសិក្សាលម្អិតបំណិនជីវិតមូលដ្ឋាន បានឲ្យដឹងថា បំណិតជីវិតផ្នែកកសិកម្ម មានបង្រៀនឲ្យសិស្សបានដឹងពីមូលដ្ឋានគ្រឹះបច្ចេកទេសកសិកម្ម ការបណ្តុះកូនរុក្ខជាតិ ដំណាំផ្លែ ដំណាំដើមនិងស្លឹក ដំណាំមើម និងការចិញ្ចឹមសត្វ។ ការសិក្សាផ្នែកនេះ នឹងធ្វើឲ្យសិស្សទទួលបាននូវចំណេះដឹងដូចជា បានដឹងពីឧបករណ៍និងសម្ភារៈកសិកម្ម, បច្ចេកទេសនៃការថែរក្សា និងកែលម្អជីវជាតិដី, បច្ចេកទេសក្នុងការដាំដំណាំនិងចិញ្ចឹមសត្វ, វិធីការពារនិងបង្ការអំពីជំងឺនិងសត្វចង្រៃ, វិធីព្យាបាលដែលបង្កដោយជំងឺនិងសត្វចង្រៃ, របៀបប្រមូលផល, វិធីរក្សាទុកផលិតផល, អត្ថប្រយោជន៍ចំពោះសុខភាពមនុស្ស និងវិធីបង្ការគ្រោះថ្នាក់ក្នុងពេលអនុវត្តការងារជាដើម។

ឯកសារនោះបញ្ជាក់ថា៖ «ការសិក្សានេះ ក៏នឹងធ្វើឲ្យសិស្សមានឥរិយាបថ ចេះស្រឡាញ់ការងារកសិកម្ម បណ្តុះស្មារតីឲ្យសិស្សចូលរួមថែរក្សាបរិស្ថានធម្មជាតិ និងបណ្តុះស្មារតីសិស្សឲ្យយល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មចំពោះសុខភាពមនុស្ស»។

យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ប្រទេសកម្ពុជា មានសាលារៀនសរុបចំនួនជិត ១៣០០០ ក្នុងនោះសាលាមេត្តេយ្យសិក្សារដ្ឋជាង៤ពាន់ សាលាបឋមសិក្សារដ្ឋជាង ៧ពាន់ អនុវិទ្យាល័យជាង ១២០០ និងវិទ្យាល័យជិត៥០០។

ងាកទៅរកអនុវិទ្យាល័យបាយដំរាំឯណោះវិញ ប្រសិនបើមានការជួយឧបត្ថម្ភបន្ថែមពីសប្បុរសជន និងអង្គការសង្គមស៊ីវិលផ្នែកកសិកម្ម លោកគ្រូ ផេង វុទ្ធី ក៏មានបំណងចង់បង្កើនការបង្រៀនបំណិនជីវិតផ្នែកកសិកម្មដល់សិស្សពីការបច្ចេកទេសនៃការចិញ្ចឹមសត្វមាន់ និងត្រី ក្រៅពីដាំដំណាំកសិកម្មនេះ។

ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវដល់់សាលាទាំងឡាយណាដែរមានដីទំនេរធំទូលាយ គួរតែចាប់ផ្តើមរៀបចំដីសម្រាប់ដាំដំណាំកសិកម្ម និងចិញ្ចឹមសត្វ ដើម្បីជាប្រយោជន៍សម្រាប់សាលារៀនផង និងផ្តល់នូវចំណេះដឹងសម្រាប់សិស្សផងដែរ ៕

ប្រភព ៖ khmertimes