អតីតនាយករដ្ឋមន្រ្ដីម៉ាឡេស៊ីលោក Najib Razak  បានប្ដឹងឧទ្ធរណ៍ ទៅវិមានយុត្ដិធម៌ នាទីក្រុង Putrajaya កាលពីថ្ងៃចន្ទ ដោយហេតុថា លោក មានចេតនាបង្វែរសេចក្ដីសម្រេចកាត់ទោសឆ្នាំ ២០២០ លើបទចោទពាក់ព័ន្ធនឹងលេបយកមូលនិធិអភិវឌ្ឍរបស់រដ្ឋម៉ាឡេស៊ី 1MDB នោះ ទៅជារឿងបរិហារកេរ្ដិ៍វិញ ។

ការសម្រេចផ្ដន្ទាទោសលោក Najib គឺយោងទៅលើបទចោទនានា ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ការរំលោភអំណាច ការរំលោភសេចក្ដីទុកចិត្ដ តាមរយៈការលាងលុយមូលនិធិរដ្ឋ 1MDB បង្វិលចូលគណនីឯកជនផ្ទាល់ខ្លួនរបស់លោក ។ ប្រាក់មូលនិធិ ដែលបម្រង់សម្រាប់ការអភិវឌ្ឍន៍របស់រដ្ឋម៉ាឡេស៊ី ទទួលបានពីបណ្ដាប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិកផងដែរ និងត្រូវបានលាងដោយមន្រ្ដីជាន់ខ្ពស់ម៉ាឡេស៊ី ដែលស្និទ្ធនឹងលោក Najib រួមទាំងកូនប្រសាររបស់លោក គឺលោក Riza Aziz ផងដែរ ។ ក្រសួងយុត្ដិធម៌អាមេរិក បានបើកការស៊ើបអង្កេតចំពោះមូលនិធិអាមេរិក ដែលត្រូវបានលាង តាមរយៈមូលនិធិ 1MBD និងបានស្រោចស្រង់យកមកវិញបានជាង ៦០ លានដុល្លារអាមេរិក កាលពីឆ្នាំ ២០២០ ។ លោក Najib ត្រូវបានតុលាការរកឃើញពិរុទ្ធភាពលើបទចោទចំនួន ៧ ករណី និងត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារចំនួន ១២ ឆ្នាំ រួមទាំងពិន័យជាប្រាក់ចំនួន ២១០ លានរីងហ្គីត ដែលស្មើនឹង ៥០ លានដុល្លារអាមេរិក ។

ខណៈដែល បណ្ដឹងឧទ្ធរណ៍របស់លោក Najib បានផ្ដើមធ្វើឡើងនៅថ្ងៃចន្ទនេះ មេធាវីការពារក្ដីរបស់លោក បានទាញហេតុផលថា សាលាដំបូង មានកំហុសឆ្គងក្នុងចេញសេចក្ដីសម្រេចផ្តន្ទាទោសនេះ ដោយលើកឡើងថា តុលាការពុំមានភស្ដុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា លោក Najib ជាប់ពាក់ព័ន្ធនឹងការផ្ទេរប្រាក់មូលនិធិ ៤២ លានរីងហ្គីតនោះទេ ។

ជាការបដិសេធចំពោះសេចក្ដីសម្រេចផ្ដន្ទាទោសនេះ មេធាវីតំណាងចុងចោទ បានទាញហេតុផលថា រដ្ឋបានបរាជ័យក្នុងការបង្ហាញភស្ដុតាងច្បាស់លាស់ដើម្បីបញ្ជាក់ថា លោក Najib ពិតជាជាប់ពាក់ព័ន្ធនឹងការផ្ទេរប្រាក់ចំនួនជាក់លាក់ណាមួយ និងថា សាក្សីពុំអាចផ្ដល់ចម្លើយថា តើប្រាក់ត្រូវបានផ្ទេរចេញពីគណនីរបស់រដ្ឋដោយរបៀបណានោះទេ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist